សង្គមអន្តរជាតិ​
អន្តរជាតិ
ឱកាស​បុណ្យជាតិ​៖ ប្រធានាធិបតី​តៃវ៉ាន់ ប្រកាស​ជំហរ​ទន់​ផង និង​រឹង​ផង​ទៅកាន់​ចិន
11, Oct 2020 , 5:29 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហាញ​ក្តី​រំពឹងថា រដ្ឋាភិបាល​ចិន នឹង​ផ្លាស់ប្តូរ​គោលជំហរ និង​ឥរិយាបថ​តឹងរឹង​ជាមួយនឹង​តៃវ៉ាន់ ដើម្បី​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ផង​។ សម្រាប់​តៃវ៉ាន់ ភាព​តានតឹង​រវាង​ច្រក​ភាគី​ទាំងពីរ ក៏ដូចជា​នៅក្នុង​តំបន់ មិនអាច​ថមថយ​បាន​ដោយ​មិនមាន​ការចូលរួម​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​បានឡើយ​។​

 
​តាមរយៈ​សុន្ទរកថា​ប្រចាំឆ្នាំ​នាឱកាស​បុណ្យជាតិ នៅ​ថ្ងៃ​១០ តុលា លោកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​លើកឡើងថា ស្រប​ពេលដែល​ប្រទេស​នៅក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក មានការ​ព្រួយបារម្ភ​ពី​ការពង្រីក​អំណាច​របស់​ចិន តៃវ៉ាន់ សង្ឃឹមថា ចិន នឹង​ផ្លាស់ប្តូរ​ជំហរ​រឹងត្អឹង​មួយ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Japan Times​។​
 
​ថ្លែង​បែបនេះ​រួចហើយ លោកស្រី​ប្រធានាធិបតី បានធ្វើការ​កំណត់សម្គាល់​ពី​សុន្ទរកថា​របស់លោក​ប្រធានាធិបតី​ចិន Xi Jinping ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ទើបតែ​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ ថា ចិន មិនដែល​ធ្វើ​អនុត្តរភាព ពង្រីក​អំណាច និង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទៅកាន់​ពិភពលោក​នោះទេ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល លោកស្រី​ប្រធានាធិបតី គូសបញ្ជាក់ថា ប្រសិនបើ​ក្រុង​ប៉េកាំង ស្តាប់​ជំហរ​និង​ចេតនា​របស់​តៃវ៉ាន់​បន្តិច ប្តូរ​ជំហរ​ក្នុងការ​គ្រប់គ្រង​ទំនាក់ទំនង​ភាគី​ទាំងពីរ ហើយ​ងាក​មក​ការចរចា​សន្តិភាព​វិញ​នោះ លោកស្រី ជឿជាក់ថា ភាព​តានតឹង​នៅក្នុង​តំបន់ នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាងពិត​ប្រាកដ​។ លោកស្រី បន្ថែមថា បើ​ចិន មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​រវាង​គ្នា​ជាមួយនឹង​ការរក្សា​ភាព​ស្មើមុខស្មើមាត់​គ្នា​ផង​នោះ តៃវ៉ាន់ នឹងធ្វើ​កិច្ចសន្ទនា​សន្តិវិធី​ជាមួយនឹង​ចិន​។​
 
​យ៉ាងណាក៏ដោយ​ទន្ទឹមនឹង​ការប្រកាស​ជំហរ​ដាក់ខ្លួន​បន្តិច​នេះ ប្រមុខ​ដឹកនាំ​កំពូល​ជានា​រី​របស់​តៃវ៉ាន់​រូបនេះ  ក៏បាន​ប្រកាស​ជំហរ​ព្រម​គ្នា​ផងដែរ​ថា ភាព​តានតឹង ដែល​បង្កឡើង​ដោយ​ភាគី​ម្ខាង​ទៀត​នាពេល​ថ្មីៗ​នេះ មិនបាន​ធ្វើ​ឲ្យ​តៃវ៉ាន់​ភ័យព្រួយ​នោះទេ​។ លោកស្រី បានប្រកាសថា តៃវ៉ាន់ នឹង​នៅតែ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​វិស័យ​ការពារជាតិ ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​ពី​ខាងក្រៅ​៕ 
 

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com