ជាតិ
សង្គមជាតិ
កាលវិភាគប្រឡងបាក់ឌុប នៅថ្ងៃ២១ធ្នូ ត្រូវបានប្រកាសហើយ រូបសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូកកំពុងតែរៀននៅក្នុងថ្នាក់ជាមួយនឹងគ្រូ
× ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រសួងអប់រំ កាលពីថ្ងៃទី៩ ខែតុលា បានប្រកាសតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងបាក់ឌុប សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។
កាលវិភាគ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២០នេះ ត្រូវបានបែងចែកជាពីរថា្នក់ គឺថា្នក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា, រូបវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គម មានផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា, ភាសាបរទេស, សីលធម៌ ពលរដ្ឋវិជ្ជា, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។
កាលវិភាគប្រឡងបាក់ឌុបសម្រាប់ថ្នាក់វិទ្យាសាស្ត្រ
ការប្រឡងបាក់ឌុបនៅឆ្នាំនេះ ក្រសួងអប់រំនឹងនៅតែបន្តរឹតបន្តឹងដូចឆ្នាំមុនៗដែរ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា៖«យើងនៅតែបន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះតាមស្តង់ដាដែលមានពីមុន។ មិនមែនមានន័យថា ឆ្នាំកូវីដ-១៩ នេះ យើងប្រឡងឲ្យធូរជាងឆ្នាំមុនទេ។ យើងមានគោលដៅថា ធ្វើយ៉ាងម៉េច ដើម្បីឲ្យសិស្សបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមានចំណេះវិជ្ជា មានបំនិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចរបស់យើង។ ការប្រឡងគឺយើងរៀបចំយុទ្ធនាការដដែលទាំងអស់»។
កាលវិភាគប្រឡងបាក់ឌុបសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០២០នេះ មានបេក្ខជនប្រឡងជាង១១ម៉ឺននាក់។ កាល២០១៩កន្លងទៅ បេក្ខជនប្រឡងបាក់ឌុប ក៏មាន១១ម៉ឺននាក់ដែរ ដោយប្រឡងជាប់ជិត៨ម៉ឺននាក់ ស្មើនឹងជាង៦៨ភាគរយ។ ក្នុងចំណោមអ្នកប្រឡងជាប់នោះ បេក្ខជនជាប់និទ្ទេស A មាន៤៤៣នាក់, និទ្ទេស B មាន២៤៣០នាក់,និទ្ទេស C មាន៥៨៤៧នាក់, និទ្ទេស D មាន១៤១០០នាក់ និងនិទ្ទេស E មាន៥៦២៣២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com