អន្តរជាតិ
ហេតុអ្វី​បានជា​មនុស្ស​ត្រូវការ​«​គេង​»?
12, Oct 2020 , 8:29 am        
រូបភាព
​វា​អាចជា​សំណួរ​មួយ​ដែល​ងាយស្រួល​ក្នុងការ​សួរ តែ​មិនមែន​ងាយស្រួល​ប៉ុន្មាន​នោះទេ​ក្នុងការ​
​ឆ្លើយ​។ ដំណេក​គឺជា​លក្ខណៈ​ធម្មជាតិ​នៃ​ខ្លួនប្រាណ​មនុស្ស​មួយ​ដែល​យើង​មិនអាច​ខ្វះ​បាន ហើយ​វា​មាន​ភាព​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​។ ជារួម ចុះ​ហេតុអ្វី​បានជា​មនុស្ស​យើង​ត្រូវការ​ទទួលទានដំណេក​យ៉ាងហោចណាស់​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយថ្ងៃ​?

 
​អ្នក​អាច​គិតថា ការ​ទទួលទានដំណេក​ជា​សកម្មភាព​អសកម្ម​មួយ​របស់​ខ្លួនប្រាណ និង​ខួរក្បាល​។ តែ​នេះ​មិនមែន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។ គេហទំព័រ​សុខភាព​ដែលមាន​ឈ្មោះ National Sleep Foundation បាន​ពន្យល់ថា ការ​ទទួលទានដំណេក​គឺជា​វេលា​មួយ​ដែល​ខួរក្បាល និង​ផ្នែក​មួយចំនួន​នៃ​រាងកាយ​របស់​មនុ​ស្សកំ​ពុង​តែមាន​ភាព​មមាញឹក​។ ទោះបីជា​យ៉ាងនេះ​មែន​ក្តី ក៏​ហេតុផល​ច្បាស់លាស់​នៃ​ដំណេក​នៅតែ​ជា​រឿង​មួយ​ដ៏​អាថ៌កំបាំង និង​ពិបាក​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​។ តែ​គេ​អាច​ដឹក​ពី​លក្ខណៈពិសេសៗ​របស់​វា​ខ្លះៗ​បាន​។ 
 
​ហេតុផល​មួយ​គឺថា ដំណេក​ជួយ​រៀបចំ និង​រក្សា​ការចង់ចាំ​របស់​មនុស្ស​ឲ្យ​បាន​ប្រសើរ​។ នៅពេលដែល​អ្នក​ងើបឡើង និង​មាន​សកម្មភាព​ជាច្រើន​ម៉ោង​ក្នុងពេល​ថ្ងៃ ការចងចាំ​ជាច្រើន​ត្រូវបាន​កត់​ទុក​។ តែ​ការចងចាំ​ទាំងនេះ​មិនទាន់​ត្រូវបាន​រក្សា​ទុកជា​លក្ខណៈ​យូរអង្វែង​នៅឡើយ​នោះទេ​។ ហេតុ​ដូចនេះហើយ​ទើប​មនុស្ស​ត្រូវ​ការទទួល​ទាន​ដំណេក​។ នៅពេល​អ្នក​ចូល​ដំណេក ខួរក្បាល​របស់​អ្នក​បាន​បង្វែរ​ការចង​ចាំ​ទាំងនោះ រៀបចំ​ចងក្រង និង​រក្សាទុក​វា​នៅក្នុង​ផ្នែក​នៃ​ចងចាំ​យូរអង្វែង​នៃ​ប្រព័ន្ធ​ខួរក្បាល​។ ផ្នែក​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​«Consolidation»​។ 
 
​ការធ្វើ​តេស្ត​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា មនុស្ស​ដែល​បានទទួល​ដំណេក​គ្រប់គ្រាន់ មាន​សមត្ថភាព​ក្នុងការ​ចងចាំ​បាន​ល្អជា​ង​អ្នក​ដែល​ទទួល​ដំណេក​មិនបាន​គ្រប់គ្រាន់​។ ក្រៅពីនេះ​ទៅទៀត នៅពេលដែល​អ្នក​គេង ខ្លួនប្រាណ​របស់​អ្នក​កំពុងតែ​ជួសជុល​ជាលិកា បណ្តុះ​សាច់ដុំ និង​ដឹកនាំ​សារធាតុ​អ័រម៉ូន​ជាច្រើន​ទៀត​។ 
 
​ក្មេងៗ​ត្រូវការ​ដំណេក​ច្រើនជាង​មនុស្ស​ចាស់​គឺ​ដោយសារ​ខួរក្បាល​របស់​ពួកគេ​ត្រូវការ​ពេលវេលា​ច្រើន​ក្នុងការ​រក្សាទុក​ទិន្នន័យ​ដែល​ពួកគេ​កំពុង​ចាប់បាន​ទាំងនោះ ដូចជា​ការនិយាយ​ភាសា ការរៀន​ធ្វើ​ចលនា​នានា​នៃ​រា​ង្គ​កាយ និង​ការរៀន​ប្រាស្រ័យ​ជាមួយ​សង្គម​គ្រួសារ​ជុំវិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com