ជាតិ
ដាំដូងក្រអូបផ្គត់ផ្គង់ទីផ្សារមិនទាន់ លោក សារួម សូ ទិញដូងពីកសិករក្នុងស្រុក និងពីថៃមកបន្ថែម
× ភ្នំពេញ៖ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ អាជីវកម្មដូង និងដូងកែច្នៃ របស់លោក សារួម សូ មានសន្ទុះខ្លាំង ដែលធ្វើឲ្យលោក អាចរកចំណូលបានជាមធ្យមជាង ៥០០លានរៀល ប្រមាណជាង១២ម៉ឺនដុល្លារ ក្នុងមួយខែ។ ទោះបីមានវិបត្តិកូវីដ-១៩ ក៏ពិតមែន តែលោក សារួម សូ រកដូងលក់ស្ទើរគ្រប់តម្រូវការអតិថិជន ហើយជាហេតុដែលលោក ត្រូវនាំចូលដូងក្រអូបពីប្រទេសថៃមកផ្គត់ផ្គង់ក្នុងទីផ្សារបន្ថែម។
លោក សារួម សូ ជាស្ថាបនិកក្រុមហ៊ុន SUFA FOOD Cambodia និងស្ថាបនិកសមាគមន៍កសិកម្មដូងក្រអូបកម្ពុជា។ រយៈពេល៣ឆ្នាំមកហើយ ដែលលោក សារួម សូម បានដាំដុះ កែច្នៃ និងប្រមូលទិញដូងក្រអូបពីប្រជាកសិកករដទៃទៀតនៅក្នុងស្រុក ដើម្បីចែកចាយនៅក្នុងស្រុក។ លោក សារួម សូ បានប្រាប់សារព័ត៌មានថ្មីៗថា ដោយសារតែផ្លែដូងនៅក្នុងស្រុកផ្គត់ផ្គង់មិនទាន់នឹងតម្រូវការ ដែលកំពុងតែស្ទុះខ្លាំង នៅសារួម សូ ក៏សម្រេចនាំចូលដូងក្រអូបពីប្រទេសថៃ មកបន្ថែមដែរ។
លោក សារួម សូ ប្រាប់ ThmeyThmey25 ដូច្នេះ៖«ខ្ញុំទិញដូងពីគ្រប់កសិករ នៅទូទាំងប្រទេស។ ខ្ញុំទិញទាំងអស់ឲ្យតែមាន ហើយទិញថ្លៃជាងដូងពីប្រទេសថៃ។ ដូងទិញពីក្រៅស្រុកខ្ញុំទិញថោក ព្រោះផលិតក្នុងស្រុកមិនគ្រប់គ្រាន់តាមតម្រូវការ»។
បច្ចុប្បន្ន ក្រៅពីផ្គង់ផ្គង់ដូងខ្ចីទៅលើទីផ្សារ លោក សូ ក៏បានកែច្នៃដូងមួយចំនួនទៅជាចាហួយដូង និងវេចខ្ចប់ទឹកដូងខ្ចីនៅក្នុងកំប៉ុងដែលរក្សាទុកបានយូរ និងក៏កំពុងទទួលបានការគាំទ្ររបស់អតិថិជន។ ក្នុងមួយខែ លោកសារួម សូ អះអាងថាលោកអាចរកចំណូលបានជាមធ្យមជាង ៥០០លានរៀល ឬជាង១២ម៉ឺនដុល្លារ ក្នុងមួយខែ។
បុរសវ័យ៣៥ឆ្នាំរូបនេះ មិនរំពឹងសោះឡើយថា ក្នុងវិបត្តិកូវីដ-១៩ ទីផ្សារដូងក្រអូបរបស់លោក មានសន្ទុះខ្លាំងយ៉ាងនេះ។ លោក សូ ពន្យល់មូលហេតុដែលដូងក្រអូប មានតម្រូវខ្ពស់យ៉ាងដូច្នេះថា៖«រដូវកូវីដ-១៩នេះ គេសម្រុករឿងធ្វើកាហ្វេដូង។ ដល់ពេលខ្ញុំបកបានដូចថៃទៅ ល្អទៅ ផ្ទុះទីផ្សារហ្នឹងខ្លាំង»។
ដ្បិតតែកំពុងជោគជ័យទាំងការដាំដុះ និងលក់ដូងក្រអូបក៏ដោយ លោក សារួម សូ ក៏ចង់ឲ្យរដ្ឋាភិបាលជំរុញ ការកែច្នៃផលិតផលកសិកម្មបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក៕
Tag:
អាជីវកម្ម
ដូង
កូវីដ-១៩
សារួម សូ
© រក្សាសិទ្ធិដោយ thmeythmey.com