អន្តរជាតិ
Aava Murto អាយុ១៦ឆ្នាំ បំពេញតួនាទីជានាយករដ្ឋមន្ត្រីហ្វាំងឡង់រយៈពេល១ថ្ងៃ
11, Oct 2020 , 6:29 pm        
រូបភាព
ដោយ: ធីតា
Aava Murto អាយុ១៦ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីហ្វាំងឡង់ជំនួសលោកស្រី Sanna Marin រយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងមក ដែលនេះជាផ្នែកមួយនៃយុទ្ធនាការ Girls Takeover របស់អង្គការ Plan International នៅមុនទិវាកុមារីអន្តរជាតិរបស់អង្គការសហប្រជាជាតិ។



Murto ដែលមានពីទីក្រុង Vaasky នៅភាគខាងត្បូងហ្វាំងឡង់ បានជាមួយជាមួយសមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកសភាជាច្រើនរូប។ ជាមួយគ្នានេះ នាងបានធ្វើសេចក្តីថ្លែងការណ៍មួយជាមួយលោកស្រីនាយករដ្ឋមន្ត្រី Marin ជុំវិញគោលនយោបាយហ្វាំងឡង់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីពង្រីកឱកាសដល់ក្មេងស្រី។

Girls Takeover ជាយុទ្ធនាការសកលមួយ ដើម្បីលើកកម្ពស់ក្មេងស្រីឲ្យគេចផុតពីរនាំងវិសមភាពយេនឌ័រ និងចង់ឲ្យក្មេងស្រីមានឱកាសគ្រប់បែបយ៉ាង រួមទាំងក្នុងឧស្សហកម្មបច្ចេកវិទ្យា ក៏ដូចជាការទប់ស្កាត់ការបៀតបៀនស្ត្រីលើបណ្តាញអ៊ីនធ័រណិត។

នាជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងសមាជិកសភាហ្វាំងឡង់ Murto បានថ្លែងថា៖ «ការលើកកម្ពស់សកម្មភាពចូលរួមរបស់ក្មេងស្រីនៅក្នុងវិស័យបច្ចេកវិទ្យា និងសមភាពសកល គឺជារឿងដែលត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បំផុត»។



វត្តមានរបស់ Murto រួមជាមួយលោកស្រី Marin ដែលជានាយករដ្ឋមន្ត្រីវ័យត្រឹម៣៤ឆ្នាំ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសហ្វាំងឡង់ដែលមានពលរដ្ឋប្រមាណ៥.៥លាននាក់។

ហ្វាំងឡង់ជាប្រទេសដែលនាំមុខគេលើការផ្តល់សិទ្ធិអំណាចខ្ពស់ដល់ស្ត្រី ពោលគឺជាប្រទេសដំបូងបំផុតនៅអឺរ៉ុប បើគិតចាប់តាំងពីឆ្នាំ១៩០៦មក។ លោកស្រីនាយករដ្ឋមន្ត្រី Marin ដឹកនាំរដ្ឋាភិបាលចម្រុះ ដោយមានបក្ស៥ដែលសុទ្ធតែដឹកនាំដោយស្ត្រី៕



© រក្សាសិទ្ធិដោយ thmeythmey.com