ក្រោយដំណើរការ១៧ឆ្នាំ ភូមិវប្បធម៌ ប្រកាសបិទទ្វារដោយសារវិបត្តិហិរញ្ញវត្ថុ
COVID-19
ជាតិ
សិល្បះ
ក្រោយដំណើរការ១៧ឆ្នាំ ភូមិវប្បធម៌ ប្រកាសបិទទ្វារដោយសារវិបត្តិហិរញ្ញវត្ថុ
12, Oct 2020 , 10:18 am        
រូបភាព
ភូមិវប្បធម៌កម្ពុជាដែលមានទីតាំងតែមួយគត់ក្នុងខេត្តសៀមរាប នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២០ តទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា កាលពីថ្ងៃទី១១តុលាម្សិលមិញនេះ ការបិទអាជីវកម្មភូមិវប្បធម៌ដែលជាភូមិបង្ហាញពីសំណង់ផ្ទះ ប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនេះ ព្រោះក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺឆ្លងកូវីដ-១៩ (COVID-19)។



ការរីករាលនៃជំងឺកូវីដ-១៩ ក្នុងពិភពលោកបានធ្វើឱ្យចំនួនភ្ញៀវទេសចរ ចូលមកទស្សនាក្នុងភូមិវប្បធម៌នេះធ្លាក់ចុះយ៉ាងគំហុកអស់រយៈពេលជាច្រើនខែមករហូតដល់ពេលបច្ចុប្បន្ន។ នេះបើតាមសេចក្តីជូនដដែលរបស់គណៈគ្រប់គ្រងភូមិវប្បធម៌កម្ពុជា ដោយបញ្ជាក់យ៉ាងដូច្នេះ៖«ក្រុមហ៊ុនយើងខ្ញុំ បានជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងខ្លាំង។ ពោល គឺ ក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្មនេះបន្តទៀតបានទេ»។

គណៈគ្រប់គ្រងភូមិវប្បធម៌កម្ពុជាបានអះអាងថា ក្រុមហ៊ុននឹងទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ។ ជាមួយនឹងគ្នានេះ សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមជុំវិញនៃការរបិទទ្វាអាជីវកម្មនេះ ពីអ្នកស្រី លឹម សុភ័ក្រ នាយិការងរបស់ក្រុមហ៊ុនភូមិវប្បធម៌ បានឡើយ អ្នកស្រីកំពុងជាប់ប្រជុំ។

ភូមិវប្បធម៌មានទំហំ២១ម៉ឺនម៉ែត្រការ៉េ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយ៣គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប និង៥គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។ វាក្លាយជាគោលដៅមួយផ្នែកដែលបានទាក់ទាញទេសចរណ៍ទៅកាន់ខេត្តសៀមរាប បើគិតចាប់តាំងពីដំណើរពីខែកញ្ញា ឆ្នាំ២០០៣មក។

 ភូមិនេះមានសារមន្ទីរក្រមួនដែលបង្ហាញពីរូបប្រវត្តិសាស្រ្តផ្សេងៗ តាំងពីរបៀបសាងសង់ប្រាសាទអង្គវត្ត  ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និង រូបតំណាងឱ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត។

លើសពីនេះទៅទៀត នៅទីនោះមានរូបគំរូ ១/២០ នៃផ្សារធំថ្មី ព្រះបរមរាជវាំង វត្តភ្នំ នៅភ្នំពេញ ភ្នំឧត្តុង្គ និង មានសំណង់គម្រូនៃខ្ទម និង ផ្ទះខ្មែរ, ផ្ទះជនជាតិ, វត្ត និង វិហារឥស្លាម ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ជនសាសន៍ មកចូលទស្សនាច្រើនកុះករ នាពេលមុនកម្ពុជា និងពិភពលោកជួបប្រទះនូវជំងឺឆ្លងកូវីដ-១៩។

នាអំឡុងនៃវិបត្តិកូវីដ-១៩ ក្រុមហ៊ុនភូមិវប្បធម៌ បានសម្រេចកាត់ប្រាក់ឈ្នួល ប្រាក់អាហារ និងផលប្រយោជន៍័ផ្សេងៗទៀតរបស់បុគ្គលិកមួយចំនួន ដែលបណ្តាលឲ្យមានការតវ៉ាដ៏ខ្លាំងក្លាផងដែរ រហូតដល់មានអ្នកខ្លះត្រូវបានបញ្ឈប់ការងារ៕

អត្ថបទទាក់ទង




Tag:
 ភូមិវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com