COVID-19
សុខភាព
អន្តរជាតិ
លោក លី សៀនឡុង៖ ក្រៅពី COVID-19 រដ្ឋាភិបាលក៏ត្រូវយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តប្រជាជន
12, Oct 2020 , 10:47 am        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងក្នុងសារវីដេអូ។ រូបភាពកាត់ចេញពីវីដេអូបង្ហោះលើហ្វេសប៊ុក Lee Hsien Loong
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងក្នុងសារវីដេអូ។ រូបភាពកាត់ចេញពីវីដេអូបង្ហោះលើហ្វេសប៊ុក Lee Hsien Loong
ដោយ:
លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានទទួលស្គាល់ពីបញ្ហាសតិអារម្មណ៍ ឬសុខភាពផ្លូវចិត្តរបស់ប្រជាជនរបស់ខ្លួននៅមិនទាន់មានល្អប្រសើរគ្រប់គ្រាន់នៅឡើយនោះទេ។ លោកនាយករដ្ឋមន្ត្រី បានដាក់ការតាំងចិត្តក្នុងការធានាឲ្យបានគោលនយោបាយគាំពារ ក៏ដូចជាដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលជួបវិបត្តិផ្លូវចិត្តមួយនេះ ។



នាឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកថ្ងៃទី១០ ខែតុលា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង លើកឡើងថា អ្នកទទួលបន្ទុកកិច្ចការសុខភាពជុំវិញពិភពលោក មិនត្រូវផ្តោតការងារសំខាន់ត្រឹមតែការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ប៉ុណ្ណោះនោះទេ តែក៏ត្រូវគ្រប់គ្រងឲ្យបានពីកត្តាជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តរបស់ប្រជាជនទូទៅផងដែរ។

ក្នុងសារជាវីដេអូទៅកាន់អង្គការសុខភាពពិភពលោកដែលមានរយៈពេលជាង១នាទី លោកនាយករដ្ឋមន្ត្រី  លី អះអាងថា វីរុសរាតត្បាត បានបង្កឲ្យប្រជាជនមានវិបត្តិ ភាពតានតឹង និងការរំខានក្នុងចិត្តកាន់តែច្រើនឡើងៗ។ សម្រាប់លោក សុខភាពផ្លូវចិត្ត ពិតជាសំខាន់ណាស់សម្រាប់មនុស្សជាតិទូទៅ ក៏ប៉ុន្តែបញ្ហានេះ នៅមិនទាន់ទទួលបានការធានាខុសត្រូវគ្រប់គ្រាន់នៅឡើយនោះទេ។

ករណីប្រទេសសិង្ហបុរី ក្នុងអំឡុងពេលដ៏ធុញធប់នៃវិបត្តិ Covid-19 នេះ លោក លី បានបង្កើតឲ្យមានប្រព័ន្ធគាំពារជាតិបន្ទាន់មួយ ដើម្បីផ្តល់នូវជំនួយផ្លូវស្មារតី ឬផ្លូវចិត្តបឋម និងគាំទ្រសតិអារម្មណ៍ដល់ប្រជាជនទូទៅ។ លោក កំណត់សម្គាល់ថា ម្នាក់ក្នុងចំណោមប្រជាជនសិង្ហបុរីប្រាំពីរនាក់ មានវិបត្តិផ្លូវចិត្តពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់ពួកគេ។

ដើម្បីជាដំណោះស្រាយ លោកនាយរដ្ឋមន្ត្រី បានប្រកាស់ពីការកំណត់អាទិភាពរបស់រដ្ឋាភិបាល ដោយលោកសន្យាធានាឲ្យបានគុណភាពនៃការផ្តល់សេវាសុខភាពផ្លូវចិត្តដល់គ្រប់ប្រជាជនទាំងអស់ តាមរយៈការផ្សព្វផ្សាយឲ្យកាន់តែទូលាយលើបញ្ហាសុខភាពផ្លូវចិត្ត, ការលើកកម្ពស់ការធ្វើកិច្ចអន្តរាគមន៍ទាន់ពេល និងធ្វើឲ្យកាន់តែល្អប្រសើរលើសេវាសុខភាពសាធារណៈ ជាពិសេសក្នុងស្ថានភាពលំបាកបែបនេះ៕



Tag:
 សិង្ហបុរី
  ផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com