ជាតិ
អត្ថបទពាណិជ្ជកម្ម
ការបើក​សម្ពោធ​ជា​ផ្លូវការ នៃ​បណ្ដាញ​អ្នកវិនិយោគ​កម្ពុជា Cambodian Angel Investors Network (CAIN) និង​កម្មវិធី​បណ្តុះបណ្តាល​អ្នកវិនិយោគ CAIN Program
12, Oct 2020 , 11:36 am        
រូបភាព
បណ្ដាញ​អ្នកវិនិយោគ​កម្ពុជា Cambodian Angel Investors Network (CAIN) បាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែតុលា នៅ​សណ្ឋាគា​ភ្នំពេញ​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​អ្នកវិនិយោគ សមាជិកសមាគម​អ្នកវិនិយោគ​កម្ពុជា​(CiC) សមាជិក​CAIN និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​
 
Angel Investor គឺជា​បុគ្គល​មានទ្រព្យ​សម្បត្តិ ដែល​វិនិយោគ​ដោយ​ប្រើ​លុយ​ផ្ទាល់ខ្លួន និង​ជាធម្មតា​វិនិយោគ​ទៅលើ ធុរកិច្ច​បង្កើត​ថ្មី និង​អាជីវកម្ម​ដែល​នៅ​ដំណាក់កាល​ដំបូង ក្នុង​ទំហំ​វិនិយោគ​តូច បើ​ប្រៀបធៀប​ជាមួយ​ទំហំ​វិនិយោគ ដែល​វិនិយោគិន​ជា​ស្ថាប័ន​ភាគច្រើន វិនិយោគ​។​
 
​សព្វថ្ងៃនេះ ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវការ​ការច្នៃប្រឌិត ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។ ដូច្នេះ ពួកគេ​ត្រូវ​ការជំនាញ​មួយចំនួន ដើម្បី​អាច​ពាំនាំ​គំនិត​របស់​ពួកគេ ចូលទៅក្នុង​ទីផ្សារ​។ ដំបូង​បំផុត ពួកគេ​ត្រូវការ​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​អាជីវកម្ម​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​។​
 



​ប្រភព​ហិរញ្ញវត្ថុ​ល្អ​បំផុត សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​បានមកពី Angel Investors ដោយសារតែ​ពួកគេ​ផ្តល់​ហិរញ្ញវត្ថុ​បែប​ឆ្លាត​វៃ ពោលគឺ​ក្រៅពី​ហិរញ្ញវត្ថុ ពួកគេ​ក៏​ចែករំលែក​ចំណេះដឹង​ពី​វិស័យ និង​បណ្តាញ​របស់​ពួកគេ ហើយ​ផ្តល់​ការណែនាំ​ដល់​អាជីវកម្ម​ដែល​ពួកគេ​វិនិយោគ​ទៀតផង​។​
 
​តាម​ការអង្កេត នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី នៃ​សហគ្រិនភាព​របស់​ប្រទេស​កម្ពុជា យើង​ឃើញថា​វា នៅមាន​ចន្លោះ​ខ្វះខាត​ច្រើន ដូចជា​ការខ្វះខាត​នៃ Angel Investors, ក្រុម ឬ​បណ្តាញ​Angel Investors និង​កម្ម​វី​ធី​បណ្តុះបណ្តាល​ដល់​អ្នកវិនិយោគ​។ បន្ថែម​ពីនេះ​ទៀត ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម តែងតែមាន​ភាពលំបាក ក្នុងការ​ស្វែងរក Angel Investors​។ ចំណែក Angel Investors ក៏​ពិបាក​រក​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សក្តានុពល សម្រាប់​វិនិយោគ​ដែរ​។ ដូច្នេះហើយ CAIN បាន​បង្កើតឡើង ដើម្បី​បំពេញបន្ថែម​ភាពខ្វះខាត​ទាំងអស់នេះ​។​
 
CAIN គឺជា​បណ្តាញ​អ្នកវិនិយោគ Angel Investors ដែល​បាន​បង្កើតឡើង ដោយ​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៃ​ការវិនិយោគ​របស់ Angel Investors​។ ការ​ក្លាយជា​សមាជិក​របស់ CAIN សមាជិក​ទាំងអស់ មានឱកាស​វិនិយោគ​ក្នុង​ច្រើន​រូបភាព​ដូចជា​ការវិនិយោគ​ដោយផ្ទាល់ (​ជា​បុគ្គល​ឬ​ជា​ក្រុម​) ទៅ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សក្តានុពល ការវិនិយោគ​រួមគ្នា ជាមួយ​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) និង​ការវិនិយោគ​ទៅ​ក្រៅប្រទេស​។​


 
​កម្មវិធី​បណ្តុះបណ្តាល CAIN Program មាន​រយៈពេល ៥​ខែ ក្នុងនោះ​មាន​សកម្មភាព​សំខាន់ៗ​ដូចជា​
១. សិក្ខាសាលា​ណែនាំ​ពី​ទិដ្ឋិ​ភាព​ទូទៅ ស្ដីពី​ការវិនិយោគ 
២. ការ​ស្ដាប់​បទ​បង្ហាញ​គំនិត​អាជីវកម្ម​ពី​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​សក្តានុពល 
៣. សិក្ខាសាលា (reflection workshops) 
៤. សិក្ខាសាលា​ផ្សេងទៀត ដូចជា​កិច្ចពិភាក្សា​ពី​ការវិនិយោគ​ដែលមាន​វាគ្មិន​មកពី​ក្រៅប្រទេស 
៥. ការចូលរួម​ជាមួយ​ស​កម្ម​ភាព​សំខាន់ៗ របស់​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម BIO Accelerator Program និង​ការ​បោះជំរំ នៅតាម​ខេត្ត​ជាដើម​។​
 
​ការបណ្តុះបណ្តាល គឺមាន​ការសហការ ជាមួយ​សមាគម​អ្នកវិនិយោគ​កម្ពុជា​(CiC) កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម BIO Accelerator Program, ដៃគូ​ក្នុងស្រុក និង​អន្តរជាតិ ដូចជា​សម្ព័ន្ធ ASEAN Angel Alliance (AAA) និង​បណ្តាញ Angel Investors ដទៃទៀត​ក្នុង​អាស៊ាន​។ ដូច្នេះហើយ CAIN ត្រូវបាន​គេ​រំពឹងថា នឹង​រីកចម្រើន​ទៅជា​បណ្តាញ Angel Investors ធំជាងគេ​មួយ​នៅ​កម្ពុជា និង​មាន​និរន្តរភាព​។​
 



​តើ CAIN កំពុងតែ​ស្វែងរក​បុគ្គល​ប្រភេទ​ណា ដើម្បី​ចូលរួម​កម្មវិធី​? CAIN កំពុងតែ​ស្វែងរក​បុគ្គល ដែលមាន​ចំណេះដឹង​មូលដ្ឋាន ពី​ការគ្រប់គ្រង​អាជីវកម្ម និង​ការយល់ដឹង​ពី​ហានិភ័យ​របស់​ការវិនិយោគ និង​មាន​ឆន្ទៈ ក្នុងការ​វិនិយោគ​ក្នុង​អាជីវកម្ម​។​
​នៅក្នុង​ឱកាស​នៃ​ការបើក​សម្ពោធ​ជា​ផ្លូវ​នេះដែរ ក៏មាន​ការធ្វើ​បទ​បង្ហាញ គំនិត​អាជីវកម្ម​ពី​សហគ្រាស​ធុន​តូច និង​មធ្យម ចំនួន​បី​រួមមាន MUCH Mobile Health Care, WORKINGNA និង SCW3PS ក្នុង​បំណង​ដើម្បី​ស្វែងរក​វិនិយោគិន សម្រាប់​អាជីវកម្ម​របស់​ពួកគាត់​៕
 

















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Cic
© រក្សាសិទ្ធិដោយ thmeythmey.com