COVID-19
អន្តរជាតិ
ប្រធានាធិបតី ត្រាំ អះអាងថា លោក​មាន​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង​កូ​វីដ​-១៩
12, Oct 2020 , 11:49 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព៖ AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ១១ ខែតុលា បានប្រកាសថា លោក​មាន​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រៀមខ្លួន​សម្រាប់ធ្វើ​ឃោសនា​រក​សំឡេងឆ្នោត ខណៈ​ការបោះឆ្នោត​ចូលដល់​សប្ដាហ៍​សំខាន់​។

 
​ក្រុមគ្រូពេទ្យ​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១០ ខែតុលា បាន​អះអាងថា លោក​ត្រាំ  អាច​វិល​ត្រលប់​ទៅធ្វើ​យុទ្ធនាការ​បោះឆ្នោត​វិញ បន្ទាប់ពី​បញ្ជាក់ថា​លោក ត្រាំ លែងមាន​ហានិភ័យ​ចម្លង​កូ​វីដ​-១៩​ទៀតហើយ​។ យ៉ាងណាមិញ លោក​ប្រធានាធិបតី​ពុំទាន់​ត្រូវបាន​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន​សម្រាប់​ជំងឺ​កូ​វីដ​-១៩​នៅឡើយ​ទេ ហើយ​ការ​អះអាងថា លោក​មាន​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង​ជំងឺ​នេះ​ក៏​មិនអាច​ការបញ្ជាក់​ណាមួយ​ផងដែរ​។ 
 
​ប្រាប់​ទូរទស្សន៍​អាមេរិក Fox News លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាង​ដូច្នេះ​ថា​៖«​តាមមើលទៅ​ដូចជា ខ្ញុំ​មាន​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង [​កូ​វីដ​-១៩]»​។ លោក​ពន្យល់ថា លោក​អាចមាន​ប្រព័ន្ធ​ស៊ាំ​រយៈពេល​វែង ខ្លី ឬមួយ​ជីវិត ប៉ុន្តែ​លោក​ក៏​មិនដឹង​ច្បាស់​ដែរ​។ 
 
​លោក​បន្ត​និយាយ​ដៀមដាម​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​របស់លោក ចូ បៃ​ឌិន ដែល​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ម៉ឺងម៉ាត់​អំឡុង​ធ្វើ​ឃោសនា​រក​សំឡេងឆ្នោត​ក្នុង​បរិបទ​កូ​វីដ​-១៩ ។ លោក​ដោយ​លើកឡើងថា ពលរដ្ឋ​អាមេរិក​មាន​ប្រធានាធិបតី​ម្នាក់​ដែល​មិនចេះ​ពួន​សម្ងំ​តែ​ក្នុង​បន្ទប់ក្រោមដី​។ 
 
​កាលពី​ថ្ងៃទី​១១ ខែតុលា បណ្ដាញ​សង្គម Twitter បាន​បិទបាំង​ការ​បង្ហោះ​មួយ​របស់លោក ត្រាំ ដែល​លោក​សរសេរថា លោក​មាន​ប្រព័ន្ធ​ស៊ាំ​។ ត្រង់នេះ Twitter អះអាងថា ការ​បង្ហោះ​នេះ​បំពាន​ច្បាប់​របស់ខ្លួន​ស្តីពី​ព័ត៌មាន​មិន​ពិត​។ 
 
​សូមបញ្ជាក់ថា លោក ត្រាំ ដែលមាន​អាយុ ៧៤​ឆ្នាំ ត្រូវបាន​ព្យាបាល​ដោយ​ឱសថ​ចម្រុះ Regeneron ដែល​ប្រហែលជា​ផ្ដល់​ភាពស៊ាំ​ប្រឆាំង​កូ​វីដ​-១៩​ឲ្យ​លោក​ត្រឹម​២​ឬ​៣​ខែ តែ​វា​ពុំមែន​ជា​វ៉ាក់សាំង​ឡើយ​។ ប្រាប់​ទូរទស្សន៍​អាមេរិក CBS នៅ​ថ្ងៃទី ១១ ខែតុលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឱសថ Regeneron លោក Leonard Schleifer និយាយថា ក្នុង​ករណីខ្លះ វ៉ាក់សាំង​អាចមាន​រយៈពេល​រាប់​ទសវត្សរ៍ ក៏ប៉ុន្តែ​គេ​ពុំទាន់​ច្បាស់​ថា ភាពស៊ាំ​ដែល​កើ​តាម​ធម្មជាតិ នឹងមាន​រយៈពេល​ប៉ុន្មាន​ឡើយ​។ 
 
​ប្រធានាធិបតី ត្រាំ បាន​ជួបជុំ​អ្នកគាំទ្រ​រាប់រយ​នាក់​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​នៅ​សេត​វិមាន​អាមេរិក កាលពី​ថ្ងៃទី ១០ ខែតុលា និង​ត្រៀមលក្ខណៈ​វិល​ត្រលប់​ទៅធ្វើ​ឃោសនាបោះឆ្នោត​ក្នុង​សប្ដាហ៍​ថ្មី​នេះ​ផងដែរ​។ បើតាម​លោក​ត្រាំ លោក​នឹង​ទៅ​រដ្ឋ Florida នៅ​ថ្ងៃទី​១២ ខែតុលា បន្ទាប់​ទៀត រដ្ឋ Pennsylvania និង Iowa ដើម្បី​តាម​ឲ្យ​ទាន់​លោក បៃ​ឌិន ។​
 
​ការបោះឆ្នោត​អាមេរិក​នា​ថ្ងៃទី ៣ ខែវិច្ឆិកា នៅសល់​ពេល​ជាង​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ខណៈ​លោក​ត្រាំ កំពុង​សម្រាក​ព្យាបាល​កូ​វីដ​-១៩ លោក ចូ បៃ​ឌិន បាន​នាំមុខ​ក្នុង​ការធ្វើ​ឃោសនា​រក​សំឡេង​បោះឆ្នោត​។ យោងតាម​ទូរទស្សន៍​អាមេរិក CNN លោក បៃ​ឌិន បាន​នាំមុខ​លោក​ត្រាំ​ជាង​១០​ពិន្ទុ​ក្នុងការ​បោះឆ្នោត​នេះ​៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com