ជាតិ
សង្គមជាតិ
អាជ្ញាធរ កំពុង​ព្យាយាម​ជួយ​នារី​ខ្មែរ​ម្នាក់ ដែល​ចាញ់បោក​មេខ្យល់​យកទៅ​ធ្វើ​ការ​នៅ​ចិន​
12, Oct 2020 , 1:56 pm        
រូបភាព
​ក្រោយ​បានឃើញ​វីដេអូ ដែល​នារី​ខ្មែរ​ម្នាក់ និយាយថា នាង​ចាញ់បោក​មេខ្យល់ យកទៅ​ធ្វើការ​នៅ​ចិន និង​សូម​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​អាជ្ញាធរ​កម្ពុជា ជួយ​នាង​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បានចាប់ផ្តើម​ស្រាវជ្រាវ​រក​លំនៅឋានរ​បស់​នាង​នៅ​ចិន ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​។



​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ថា អង្គភាព​របស់លោក បាន​ផ្ញើ​សារ​ទៅកាន់​បណ្តា​គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​និង​ចែករំលែក​វីដេអូ​របស់​នារី​ខ្មែរ​រូបនោះ ដើម្បី​សួរ​ព័ត៌មាន​អំពី​នាង​។ លោក បន្តថា អង្គភាព​របស់លោក ក៏​កំពុង​ស្វែងរក​គណនី​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​ថត​វីដេអូ​អំពី​នារី​ខ្មែរ​រូបនោះ ហើយ​បាន​បង្ហោះ​មុនគេ​បង្អស់​។ 
 
​យ៉ាងណាក៏ដោយ មកដល់ពេលនេះ កម្លាំង​សមត្ថកិច្ច មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​បណ្តា​គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​ចែករំលែក​វីដេអូ​អំពី​នារី​ខ្មែរ​រូប​នោះទេ ហើយ​គណនី​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​វីដេអូ​នោះ​មុនគេ​បង្អស់ ក៏​សមត្ថកិច្ច​រក​មិនទាន់​ឃើញ​ដែរ​។ លោក ជីវ ផល្លី អះអាងថា អង្គភាព​របស់លោក បាន​សុំ​ឲ្យ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួយ​ស្រាវជ្រាវ​បន្ថែម​អំពី​ព័ត៌មាន​របស់​នារី​ខ្មែរ​រូបនោះ​។​
 
​លោក ជីវ ផល្លី បញ្ជាក់ថា អ្វីដែល​សំខាន់ គឺ​សមត្ថកិច្ច ត្រូវ​ស្រាវជ្រាវរ​កភូមិ​-​ឃុំ នៅ​ចិន ដែល​នារី​ខ្មែរ​រូបនោះ កំពុង​រស់នៅ​ឲ្យ​ឃើញ ហើយ​បន្ទាប់មក​នឹង​សហការ​ជាមួយ​ស្ថាន​អគ្គ​កុងស៊ុល និង ស្ថានទូត​កម្ពុជា រួមទាំង​សមត្ថកិច្ច​ចិន ដើម្បី​ជួយ​អន្តរាគមន៍ ឲ្យ​នាង​បានមក​កម្ពុជា​វិញ​។ លោក មានប្រសាសន៍ថា​៖«​យើង កំពុង​ខិតខំ​ប្រឹងប្រែង​»​។ 
 
​បី​-​បួន​ថ្ងៃមុន គេ បានឃើញ​វីដេអូ​អំពី​នារី​ខ្មែរ​រូបនោះ នៅលើ​បណ្តាញ​សង្គម​។ នាង និយាយថា នាង ត្រូវបាន​មេខ្យល់​បោក​យកទៅ​ធ្វើការ​នៅ​ចិន​អស់​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​ហើយ ហើយ​នាង រង​ការ​ធ្វើបាប​និង​ជួប​ការលំបាក​ជាច្រើន​។ នាង រៀបរាប់ថា សូម្បីតែ​នាង​ឈឺ ក៏​គេ មិន​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​ដែរ​។ នាង បន្តថា នាង គ្មាន​ទាំង​ទូរស័ព្ទ ដើម្បី​ទាក់ទង​មក​គ្រួសារ​នៅ​កម្ពុជា រហូតដល់​បាន​ពឹង​គេ ឲ្យ​ជួយ​ថត​វីដេអូ បង្ហោះ​លើ​បណ្តាញ​សង្គម ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​។​
 
​ក្នុង​វីដេអូ នាង និយាយ​បណ្តើ​រយំ​បណ្តើរ ដោយ​លើកដៃ​សំពះ ស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា​៖«​ខ្ញុំ ចង់ទៅ​ស្រុក​វិញ​។ ខ្ញុំ សំណូមពរ​លោក​អ៊ុំ ហ៊ុន សែន ជួយ​ខ្ញុំ​ផង លោក​ឯកឧត្តម​ណាក៏ដោយ ឲ្យ​តែ​លោក ជួយ​ខ្ញុំ​បាន​។​...​ខ្ញុំ សង្ឃឹមថា លោក​អ៊ុំ ជួយ​ខ្ញុំ ឲ្យ​ខ្ញុំ​ទៅ​ស្រុកកំណើត​ជួប​ម៉ែឪ​ខ្ញុំ​វិញ​»​។ 
 
​ពេល​ឃើញ​វីដេអូ​អំពី​នារី​ខ្មែរ​រូបនោះ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជូន​ករណី​រប​ស់​នាង ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ជួយ​ធ្វើអន្តរាគមន៍​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ផ្សាយ​ថា កម្លាំង​សមត្ថកិច្ច ក៏​កំពុង​ស្វែងរក​សាច់ញាតិ​របស់​នា​រី​ខ្មែ​រូបនោះ នៅ​កម្ពុជា​ផងដែរ​។ 
 
​បន្ថែម​ពីនេះ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កំពុង​សហការ​ជាមួយ​អង្គការ​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី ជួយ​រំដោះ​នារី​ខ្មែរ​រូបនោះ តាម​នីតិវិធី​៕
 

Tag:
 ពលករ​ខ្មែរ​នៅ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com