COVID-19
អន្តរជាតិ
ចិន គាំទ្រឥណ្ឌូណេស៊ីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍ លោក Luhut Pandjaitan ថតរូបជាមួយរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ។ រូបភាព Xinhua
×
ដោយ៖កង ម៉េងហុង
លោក Luhut Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ីបាននិយាយថា ចិននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតាដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។ លោកបញ្ជាក់បែបនេះក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ។
លោក Luhut Pandjaitan បានជួបជាមួយទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី កាលពចុងសប្ដាហ៍មុននៅខេត្តយូណាន។ លោក Pandjaitan ធ្វើទស្សនកិច្ចនៅចិនក្នុងនាមជាបេសកជនពិសេសប្រធានាធិបតី ចូកូ វីដូដូ។
ក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Pandjaitan បញ្ជាក់ថា ឥណ្ឌូណេស៊ីមានសមត្ថភាពខ្លាំងបំផុតសម្រាប់ការផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមទូរទស្សន៍ Bloomberg ដែលបន្តផ្សាយសេចក្ដីថ្លែងការណ៍ទៀតថា លោក វ៉ាង បានប្រកាសជំហរចិនក្នុងការគាំទ្រក្រុមហ៊ុនរបស់ចិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ីលើផ្នែកមួយនេះ។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី ជាគោលដៅមួយដែលកំពុងទទួលការសាកល្បងវ៉ាក់សាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac ។ ក្រុមអ្នកស្ម័គ្រចិត្តនៅទីក្រុងបាងឌុងរបស់ឥណ្ឌូណេស៊ី បានចូលរួមក្នុងការសាកល្បងដំណាក់កាលទីបី ដែលជាដំណាក់កាលចុងក្រោយ មុនឈានដល់ការផលិត។
យ៉ាងណាមិញ ឥណ្ឌូណេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏កំពុងធ្វើការលើការបង្កើតវ៉ាក់សាំងរបស់ខ្លួនដែលមានឈ្មោះថា Merah Putih ។ រដ្ឋាភិបាលលោក វីដូដូ ចង់បានវ៉ាក់សាំងឲ្យគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន២៧០លាននាក់។
គិតមកដល់ពេលនេះ ឥណ្ឌូណេស៊ីមានករណីឆ្លង Covid 19 សរុបចំនួន ៣៣៣,៤៤៩ ករណី ខណៈពេលដែលករណីដែលបានជាសះស្បើយមាន ២៥៥,០២៧ ហើយស្លាប់់ចំនួន ១១,៨៤៤ នាក់៕
Tag:
ចិន
ឥណ្ឌូណេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com