ជាតិ
សង្គមជាតិ
ទឹក​ស្រក​បណ្តើរៗ តែ​អាជ្ញាធរ​ពោធិ៍សាត់​បន្ត​ហាម​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ផ្លូវ​លេខ​៥​ត្រង់​គីឡូម៉ែត្រ​១៨៦ ដល់​១៩៣
12, Oct 2020 , 3:35 pm        
រូបភាព
លោក ម៉ៅ ធន្ទិន អភិបាលខេត្ត​ពោធិ៍សាត់ អមជាមួយនឹង​មន្ត្រីពាក់ព័ន្ធ​កំពុង​​លុយ​ទឹក​​ទៅតំបន់​ទឹកជំនន់ រូបភាពពី​មន្ទីរព័ត៌មានខេត្ត​ពោធិ៍សាត់
លោក ម៉ៅ ធន្ទិន អភិបាលខេត្ត​ពោធិ៍សាត់ អមជាមួយនឹង​មន្ត្រីពាក់ព័ន្ធ​កំពុង​​លុយ​ទឹក​​ទៅតំបន់​ទឹកជំនន់ រូបភាពពី​មន្ទីរព័ត៌មានខេត្ត​ពោធិ៍សាត់
ដោយ:
​ទឹកជំនន់​បានធ្វើ​ឲ្យ​ជន់​លិច​ក្រុង និង​ស្រុក​ចំនួន​៤​នៅក្នុង​ខេត្តពោធិ៍សាត់​។ លោក ឃុ​ត ឧសភា នាយក​រដ្ឋបាល​ខេត្តពោធិ៍សាត់ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា​គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា​នេះ​ថា តំបន់​ដែល​ជន់​លិច​ទាំងនោះ​កំពុងតែ​ចាប់ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ​។

 
​លោក ឃុ​ត ឧសភា បញ្ជាក់ថា តំបន់​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​មាន​ក្រុង​ពោធិ៍សាត់ និង​ស្រុក​៣​ទៀត គឺ​ស្រុក​ក្រវាញ ស្រុក​កណ្តៀង និង ស្រុក​បាកាន​។ លោក មានប្រសាសន៍ថា​៖«​ទឹកជំនន់​នៅតាម​ស្រុក​នីមួយៗ​ចាប់ផ្តើម​នៅ​នឹង និង​ស្រក​បន្តិចៗ​ហើយ​។ ប៉ុន្តែ​ទី​ទំនាប​មួយចំនួន​នៅ​ក្របដណ្តប់​ដោយ​ទឹក​នៅឡើយ​»​។​
 
​ទោះបី​តំបន់​ខ្លះ​ក្នុង​ខេត្តពោធិ៍សាត់​ចាប់ផ្តើម​ស្រក ប៉ុន្តែ​ផ្លូវថ្នល់​មួយចំនួន​ក៏​នៅតែ​បន្ត​ជន់​លិច ដែល​រដ្ឋបាលខេត្ត មិន​អនុញ្ញាត​ឲ្យ​មានការ​ឆ្លងកាត់​ទៅលើ​ផ្លូវ​លេខ​ជាតិ​៥​ត្រង់​គីឡូម៉ែត្រ​១៨៦ ដល់​១៩៣​ឡើយ​។ លោក ឃុ​ត ឧសភា បាន​និយាយថា​៖«​យើង​ផ្អាក​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើចរាចរ​សិន ដើម្បី​ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ​»​។ 
 
​បើតាម​លោក ឃុ​ត ឧសភា មាន​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​លិច​ទឹក ទៅ​ទីទួល​សុវត្ថិភាព​។ ប៉ុន្តែ លោក​មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​ផ្ទះសម្បែង ផ្លូវថ្នល់ ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងទៀត ថា​រង​ការខូចខាត និង​លិចលង់​ប៉ុន្មាន​នៅឡើយ​ទេ​។ លោក អះអាងថា អាជ្ញាធរ​កំពុងតែ​ប្រមូល​ទិន្នន័យ​នៃ​ការខូចខាត​ទាំងនេះ​។ 
 
​លោក​អាច​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា​នេះ មាន​មនុស្ស​ចំនួន​៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ទឹកជំនន់ ដោយ​ក្នុងនោះ​មាន​ក្មេង​ម្នាក់ យុវតី​ម្នាក់ និង យុវជន​ម្នាក់​។ លោក បន្តថា ក្មេង​ស្លាប់​ដោយសារ​លង់ទឹក រីឯ​យុវតី​លង់ទឹក ដោយ​ទឹក​កួច នៅពេល​ធ្វើដំណើរ​ទៅផ្ទះ និង​ម្នាក់ទៀត​មាន ជំងឺឆ្កួតជ្រូក បាន​លង់ទឹក​ស្លាប់​៕ 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com