ជាតិ
ជំនន់៖ អ្នកនៅក្បែរទំនប់ចាន់ថ្នាល ទ្វារទឹករលាំងជ្រៃ និងស្ទឹងព្រែកត្នោតនៅកំពង់ស្ពឺ ត្រូវបង្កើនប្រុងប្រយ័ត្ន
× ទំនប់ចាន់ថ្នាល, ទ្វារទឹករលាំងជ្រៃ បណ្ដោយស្ទឹងព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ អាចមានជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរបានប្រាប់ឲ្យពលរដ្ឋនៅតំបន់ទាំងនោះ បង្កើនការប្រុងប្រយ័ត្ន។ ទោះជាយ៉ាងនេះអភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ thmeythmey25ថា ទឹកជំនន់ក្នុងខេត្តនេះ ស្ថិតក្នុងកម្រិតអាចទប់ទល់បាន ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀត។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសថា ឲ្យពលរដ្ឋរស់នៅផ្នែកខាងក្រោម នៃទំនប់ចាន់ថ្នាល ផ្នែកខាងលើ និងខាងក្រោម នៃទ្វារទឹករលាំងជ្រៃ និងតាមបណ្ដោយដងស្ទឹងព្រែកត្នោតបង្កើនការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតាមតំបន់ទាំងនេះ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានThmeyThmey25 នៅព្រឹកថ្ងៃទី ១២ ខែតុលានេះថា ស្ថានភាពទឹកជំនន់ ក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្នុងកម្រិតអាចទប់ទល់បាន ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀត ដោយសារអាជ្ញាធរបានបង្ហូរទឹកខ្លះ ចេញពីស្ទឹងព្រែកត្នោត និងទំនប់អូស្យា ទម្លាក់មកភ្នំពេញ។
តាមលោក វ៉ី សំណាង ភ្នំពេញ ជាច្រករំដោះទឹកតែមួយគត់ចេញពីខេត្តកំពង់ស្ពឺ។ «ខេត្តទើបតែបើកទឹកបានតិចតួចប៉ុណ្ណោះ ពីទំនប់អូរស្យា និងស្ទឹងព្រែកត្នោត ហើយបើបើកខ្លាំងជាងនេះ នៅភ្នំពេញអាចប្រឈមទឹកជំនន់»។ នេះជាការបញ្ជាក់របសលោក វ៉ី សំណាង។
ដ្បិតតែពិបាកសន្និដ្ឋានស្ថានភាពទឹកជំនន់ ប្រសិនមានភ្លៀងបន្តទៀតនៅថ្ងៃនេះនោះ ប៉ុន្តែលោក វ៉ី សំណាង បានអះអាងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីសុខាភិបាលផង បានខ្លួនរួចជាស្រេច ដើម្បីសង្គ្រោះពលរដ្ឋករណីមានទឹកជំនន់កើតឡើង។
លោក វ៉ី សំណាង បញ្ជាក់ដូច្នេះ៖«មន្ទីរពាក់ព័ន្ធនីមួយៗ ដូចជាមន្ទីរធនធានទឹក និងឧតុនិយម ត្រូវជូនដំណឹងពីស្ថានភាពអាកាសធាតុដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយឡែកមន្ទីរសុខាភិបាល និងកងកម្លាំងខេត្ត ត្រូវត្រៀមរួចជាស្រេចដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងប្រការណាមួយ»។
សូមជម្រាបថា ខេត្តកំពង់ស្ពឺ រងគ្រោះតិចតួចប៉ុណ្ណោះដោយសារទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ គិតត្រឹមព្រឹកថ្ងៃទី១២ តុលា ផ្ទះពលរដ្ឋប្រមាណ ៧៤គ្រួសារបានជន់លិច ខណៈទ្រព្យសម្បត្តិ និងផលដំណាំពលរដ្ឋ មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ នេះជាការបញ្ជាក់របស
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ thmeythmey25 ៕
Tag:
ទឹកជំនន់
វ៉ី សំណាង
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com