ជាតិ
សង្គមជាតិ
អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យមន្ត្រីរៀបចំឯកសារដីធ្លីឱ្យយុវជនម្នាក់ ដែលទទួលសិទ្ធិពីជីតា វ័យ៩៧ឆ្នាំ
× យុវជនម្នាក់ ដែលរស់នៅមើលថែរក្សាជីតា ឈ្មោះ ប៉ោ អួន អាយុ៩៧ឆ្នាំ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា សម្រេចប្រគល់សិទ្ធិកាន់កាប់ដីធ្លីរបស់ជីតា ក្រោយពីមានការតវ៉ាពីសំណាក់ឪពុកមា។ករណីវិវាទដីធ្លីក្នុងគ្រួសារនេះ កើតឡើងនៅឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
យុវជន ដែលទទួលបានសិទ្ធិដីធ្លីនេះ បានរស់នៅជាម្ដាយ ដោយមើលថែជីតា ប៉ោ អួន រហូតមក ខណៈដែលឪពុកបង្កើត បានស្លាប់តាំងពីឆ្នាំ២០១០។ លោកតា ប៉ោ អួន វ័យ៩៧ ឆ្នាំ មានកូនប្រុស២នាក់(ស្លាប់១នាក់)។
ដោយសារវ័យកាន់តែចាស់នោះ លោកតា អ៊ួន ក៏បានសម្រេចផ្ទេរដីស្រែ២កន្លែង ទៅឱ្យកូនប្រុសទី២ និងគ្រួសារ។ ចំណែកដីលំនៅដ្ឋានបច្ចុប្បន្ន និងស្រែ១កន្លែងទៀត លោកតា បានសម្រេចប្រគល់ឱ្យចៅប្រុស និងកូនប្រសារស្រី។ ប៉ុន្តែកេរដែលលោកតា ទុកឱ្យចៅ និងកូនប្រសារនេះ ត្រូវបានកូនប្រុសទីពីរ មិនសុខចិត្ត ហើយប្ដឹងជំទាស់ទៅសាលាដំបូងខេត្តកំពង់ចាម។
បើតាមអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា តុលាការខេត្តបានសម្រេចឱ្យយុវជន និងម្ដាយ ឈ្នះក្តី ដោយទទួលបានសិទ្ធិកាន់កាប់កេរពីជីតាខ្លួនហើយ។ រដ្ឋបាលខេត្តកំពង់ចាម បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ពាក់ព័ន្ធនឹងករណីនេះ សាលាដំបូងខេត្ត បានចេញសាលក្រមសម្រេចផ្ទេរកម្មសិទ្ធិឲ្យទៅចៅរបស់កូនទី១ តាមបំណងរបស់លោកតា ប៉ោ អួន»។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធដោយពិនិត្យលើឯកសារពាក់ព័ន្ធ និងអនុវត្តតាមសាលក្រមស្ថាពររបស់សាលាដំបូងខេត្ត លោកអភិបាលខេត្ត បានសម្រេចឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំឯកសារ និងនីតិវិធីក្នុងការផ្ទេរវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដីលំនៅដ្ឋាន១កន្លែង និងដីស្រែ១កន្លែង របស់លោកតា ប៉ោ អួន ឱ្យទៅចៅប្រុស កាន់កាប់ដោយស្របច្បាប់ តាមបំណងរបស់លោកតា៕
© រក្សាសិទ្ធិដោយ thmeythmey.com