អន្តរជាតិ
ជប៉ុន ប្ដេជ្ញាពង្រឹងសមត្ថភាពខែលមីស៊ីលឆ្លើយតបការគំរាមពីកូរ៉េខាងជើង ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ។ រូបភាព៖ AFP
× ជប៉ុន នៅថ្ងៃទី ១២ ខែតុលា បានប្តេជ្ញាបង្កើនសមត្ថភាពប្រព័ន្ធខែលមីស៊ីល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដោយសព្វាវុធរបស់កូរ៉េខាងជើង ដែលក្រុងតូក្យូចាត់ទុកថាមានលក្ខណៈកាន់តែចម្រុះនិងស្មុគស្មាញ។ ការតាំងចិត្តនេះធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានធ្វើព្យុហយាត្រាដ៏សម្បើមមួយកាលពីចុងសប្ដាហ៍ ដែលដាក់បង្ហាញសព្វាវុធកាន់តែមានអំណាចជាងមុន។
នៅថ្ងៃទី១០ ខែតុលា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាដ៏សម្បើមដើម្បីប្រារព្ធខួបទី៧៥ឆ្នាំនៃការបង្កើតបក្សពលករ ដែលបក្សកាន់អំណាច និងបក្សនយោបាយតែមួយគត់ក្នុងប្រទេសនេះ។ ក្នុងក្បួនព្យុហយាត្រានេះ កូរ៉េខាងជើង បានសម្ញែងមីស៊ីលបាលីស្ទិកអន្តរទ្វីប(ICBM) ដែលមានទំហំធំជាងអ្វីដែលក្រុងព្យុងយ៉ាងធ្លាប់ដាក់បង្ហាញកន្លងមក ហើយក៏មានដាក់បង្ហាញមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹកផងដែរ។
«ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលមានលក្ខណៈចម្រុះនិងស្មុគស្មាញនេះ យើងនឹងធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធខែលមីស៊ីលគ្រប់ជ្រុងជ្រោយរបស់យើង»។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បញ្ជាក់បែបនេះក្នុងសន្និសីទព័ត៌មានមួយនៅថ្ងៃទី ១២ ខែតុលា ហើយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP ។
លោក Kato បញ្ជាក់ទៀតថា រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា សមត្ថភាពប្រព័ន្ធខែលមីស៊ីលជប៉ុន នៅមានកម្រិតក្នុងការឆ្លើយតបប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង។ ទោះជាបែបនេះក្តី លោកបានប
ដិសេធលម្អិតលើការវាយតម្លៃរបស់ជប៉ុនលើសមត្ថភាពមីស៊ីលដែលដាក់បង្ហាញដោយកូរ៉េខាងជើង។ ហើយលោកសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តសហការជាមួយសហរដ្ឋអាមេរិកនិងប្រទេសពាក់ព័ន្ធផ្សេងទៀតដើម្បីការពារប្រជាជនជប៉ុន។
ក្រោមការដឹកនាំជិត៨ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ិនហ្សូ ជប៉ុនបានពង្រីកតួនាទីលើឆាកអន្តរជាតិរបស់យោធាខ្លួន ក្រោមសម្ព័ន្ធភាពសន្តិសុខជប៉ុន-សហរដ្ឋអាមេរិក ព្រមទាំងបង្កើនកញ្ចប់ថវិកាការពារជាតិរៀងរាល់ឆ្នាំផងដែរ។ អ្នកស្នងតំណែងពីលោកអាបេ នាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ និងរដ្ឋាភិបាលលោកក៏រំពឹងបង្កើតគម្រោងមីស៊ីលថ្មីមួយនាចុងឆ្នាំនេះផងដែរ៕
Tag:
ជប៉ុន
កូរ៉េខាងជើង
ប្រព័ន្ធខែលមីស៊ីល
មីស៊ីលបាលីស្ទិកអន្តរទ្វីប
© រក្សាសិទ្ធិដោយ thmeythmey.com