ជាតិ
សង្គមជាតិ
រថយន្តធុនធំ មិនត្រូវអនុញ្ញាតឲ្យឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ទៅភ្នំពេញឡើយ ស្ថានភាពទឹកជំនន់នៅតំបន់មួយ ក្នុងខេត្តបន្ទាយមានជ័យ (រូបពីក្រសួងធនធានទឹក)
× ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រកាសហាមមិនឲ្យរថយន្តធុនធំធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ទៅរាជធានីភ្នំពេញជាបណ្តោះអាសន្នសិន ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ បម្រាមនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែតុលាម្សិលមិញ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី១២ ខែតុលាថា មូលហេតុដែលមិនឲ្យរថយន្តដឹកទំនិញ និងរថយន្តធុនធំ ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៥ ដោយសារផ្លូវនោះកំពុងតែលិច។
លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ដូច្នេះថា៖«ផ្លូវជាតិលេខ៥ពីខេត្តបន្ទាយមានជ័យ ទៅបាត់ដំបង និងពោធិ៍សាត់គឺយើងផ្អាកមិនឲ្យរថយន្តធ្វើដំណើរឆ្លងកាត់ឡើយ។ យើងបិទមួយរយៈ ដោយសារទឹកហូរកាត់ផ្លូវជាតិ។ យើងហាមឲ្យរថយន្តដឹកទំនិញឆ្លងកាត់ ប៉ុន្តែរថយន្តតូចៗ និងម៉ូតូ គឺយើងអាចឲ្យឆ្លងកាត់បាន កុំឲ្យតែរថយន្តដឹកទំនិញធំៗ»។
គិតត្រឹមថ្ងៃទី១១ ខែតុលា ខេត្តបន្ទាយមានជ័យមានក្រុង-ស្រុកចំនួន៩ គឺក្រុងសរិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកមង្គលបូរី និងស្រុកម៉ាឡៃ ត្រូវបានជន់លិច។ ក្នុងនោះមានផ្លូវថ្នល់សរុបប្រវែងជាង៦១គីឡូម៉ែត្រ រងការជន់លិច។ ចំណែក ផ្ទះ មានជាង២,៦ពាន់ខ្នង ដែលត្រូវជនលិច ហើយអាជ្ញាធរ បានជម្លៀសពលរដ្ឋជាង១ពាន់នាក់ ទៅទីទួលមានសុវត្ថិភាព។ រីឯ ស្រែចម្ការជាង៤ពាន់ហិកតា ដំឡូងមីជិត២ពាន់ហិកតា និង ដំណាំរួមផ្សំផ្សេងទៀតជាង៣៦០ហិកតា ត្រូវជន់លិច។ នេះបើតាមរបាយការណ៍ពីលោក លី សារី៕
Tag:
ទឹកជំនន់
រថយន្ត
ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com