ជាតិ
រថយន្ត
ជប៉ុន ផ្តល់គ្រឿងចក្រ១៥គ្រឿង តម្លៃប្រមាណ៤.៥លានដុល្លារឲ្យកម្ពុជាប្រើក្នុងការសាងសង់ និងថែទាំផ្លូវ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
× ជប៉ុន បានផ្តល់គ្រឿងចក្រចំនួន១៥គ្រឿង ដែលមានតម្លៃប្រមាណ ៤,៥ លានដុល្លារអាមេរិក ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ តុលានេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ អះអាងថា នឹងប្រើប្រាស់គ្រឿងចក្រទាំងនេះឲ្យមានប្រសិទ្ធ ក្នុងការសាងសង់ និងថែទាំផ្លូវ ពិសេសគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប។
ជប៉ុន បានផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រ ចំនួន១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់ ៥០០ លានយ៉េនជប៉ុន ស្មើនឹងប្រមាណ ៤,៥ លានដុល្លារអាមេរិក មកឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ពិធីប្រគល់ និងទទួលជំនួយឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ តុលា ដោយមានការចូលរួមពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ,លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា, លោក SUGANO Yuichi ប្រធានអង្គការJICA និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
តាមការចុះផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងសាធារណការ គ្រឿងចក្រទាំង១៥ គ្រឿងនេះ រួមមាន Road Stabilizer & Accessories ចំនួន៣គ្រឿង, Vibratory Single Drum Roller with CANOPY Stay ៣គ្រឿង, Pneumatic Tire Roller ៣គ្រឿង, Vibratory Tandem Roller ៣គ្រឿង), Walk-behind Roller ៣គ្រឿង, និង Spare Parts & Consumables ផងដែរ។ គ្រឿងចក្រទាំងនេះ ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs។
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុង រដ្ឋមន្ត្រីក្រសួងសាធារណការ បានបានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា។ លោក ទេសរដ្ឋមន្ត្រី ក៏បានប្តេជ្ញានាំយកគ្រឿងចក្រទាំងនេះ ទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវនានា ជាពិសេសគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប ដែលទើបតែត្រូនបានអនុម័តឲ្យមានប្រសិទ្ធភាពខ្ពស់។
បើតាមលោក ស៊ុន ចាន់ថុល ក្រៅតែពីជំនួយជាគ្រឿងចក្រនាពេលនេះ ជប៉ុនក៏កំពុងផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ ដែលសាងសង់ស្ពានចំនួន ៧កន្លែង ក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ៥០០លានដុល្លារផងដែរ។ កន្លងមកជប៉ុន ក៏បានផ្តល់ជំនួយសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ រួមមានផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ១៨៩.១លានដុល្លារអាមេរិក ស្ពានគីហ្សូណា និងស្ពានត្សឹបាសា ប្រវែងសរុប ៣ ៥៧៥ ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦ លានដុល្លារអាមេរិក និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប ១ ០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិកផងដែរ៕
Tag:
ជប៉ុន
គ្រឿងចក្រ
សាងសង់ផ្លូវ
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com