បុគ្គលិកស៊ីនទ្រី ទន្ទឹងរង់ចាំដំណោះស្រាយជាក់លាក់ ខណៈសាលាក្រុងទទូចឲ្យពួកគេចូលធ្វើការវិញ
ជាតិ
សង្គមជាតិ
បុគ្គលិកស៊ីនទ្រី ទន្ទឹងរង់ចាំដំណោះស្រាយជាក់លាក់ ខណៈសាលាក្រុងទទូចឲ្យពួកគេចូលធ្វើការវិញ
12, Oct 2020 , 6:00 pm        
រូបភាព
អ្នកស្រីមឿន អេន (ខាងឆ្វេង) និងកម្មករកូដកម្ម នៅយានដ្ឋានរបស់ក្រុមហ៊ុនស៊ីនទ្រី។ (រូបពី ឡាយ សុភាវតី)
អ្នកស្រីមឿន អេន (ខាងឆ្វេង) និងកម្មករកូដកម្ម នៅយានដ្ឋានរបស់ក្រុមហ៊ុនស៊ីនទ្រី។ (រូបពី ឡាយ សុភាវតី)
ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ទន្ទឹងរង់ចាំដំណោះស្រាយជាក់លាក់ ពីរដ្ឋបាលក្រុងរាជធានីភ្នំពេញ និងក្រុមហ៊ុន ។ ការទន្ទឹងរង់ចាំនេះ ស្របពេលដែលសាលារាជធានីភ្នំពេញ ទទូចឲ្យពួកគេចូលធ្វើការវិញ ។



១០ថ្ងៃហើយ ដែលបុគ្គលិកប្រមូលសំរាម មិនព្រមចូលធ្វើការវិញ ដោយសារមិនទាន់មានដំណោះស្រាយច្បាស់លាស់ ពីភាគីក្រុមហ៊ុន និងសាលាក្រុងភ្នំពេញ។ ស្ថិតក្នុងអំឡុងរង់ចាំលទ្ធផលដំណោះស្រាយនេះ បុគ្គលិកប្រមូលសំរាមត្អូញត្អែរពីទុក្ខលំបាក ដែលតស៊ូធ្វើការអស់ជាច្រើនឆ្នាំមកហើយ។
 
ជាអ្នកបោសសំរាមតាមផ្លូវមួយរូប ដែលធ្លាប់រងគ្រោះដោយសារម៉ូតូបុក អ្នកស្រី មឿន អេន រៀបរាប់ថា សាលាក្រុង និងក្រុមហ៊ុន គួរដោះស្រាយប្រាក់អត្ថប្រយោជន៍កម្មករ ដែលខិតខំធ្វើការរាប់ឆ្នាំមកនេះ មិនមែនអង្គុយរង់ចាំទាល់តែក្រុមហ៊ុនបញ្ឈប់ ឬក្ស័យធនឡើយ។ 
 
«បើឲ្យរង់ចាំក្រុមហ៊ុនក្ស័យធន ឬបញ្ឈប់ពួកខ្ញុំ (ទើបមានដំណោះស្រាយនោះ) គឺគ្មានសង្ឈឹមឡើយ ចុះបើពួកខ្ញុំធ្វើការៗគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បាននរណាបើកប្រាក់នេះ ហើយយកធ្វើអី»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ដោយបន្ថែមថា ការងារប្រមូលសំរាមដែលខ្លួនធ្វើកន្លងមក មិនសូវទទួលបានការឲ្យតម្លៃពីអ្នកដទៃឡើយ។ មិនតែប៉ុណ្ណោះ ក៏មានបុគ្គលខ្លះ បោះសំរាមលើក្បាលទៀតផង។ 
 
បុគ្គលិកដទៃទៀត ក៏ទន្ទឹងរង់ចាំការដោះស្រាយជាក់លាក់ដែរ។ជាអ្នកបើករថយន្តដឹកសំរាមចាប់តាំងពីឆ្នាំ២០០២នៃបុគ្គលិកស៊ីនទ្រី សុំមិនបញ្ចេញឈ្មោះបានអះអាងថា៖ «ការចរចាជាមួយអភិបាលក្រុងថ្ងៃមុន(ថ្ងៃទី៧តុលា) គ្មានអ្វីជាដំណោះស្រាយតាមការទាមទារពួកខ្ញុំទេ បើដោះស្រាយកំណត់ឲ្យច្បាស់មកថាខែណា!...។ ហើយខ្ញុំទាមទារលុយរបស់ខ្ញុំ ប្រាក់អត្ថប្រយោជន៍របស់ខ្ញុំខុសដែរ!»។ 
 
នៅថ្ងៃទី១២តុលានេះ រដ្ឋបាលក្រុងភ្នំពេញទទូចជាថ្មី ឲ្យបុគ្គលិកស៊ីនទ្រីចូលបំពេញការងារវិញ ដោយអះអាងថា ការមិនចូលធ្វើការនេះ ជាកូដកម្មខុសច្បាប់។ ជាមួយគ្នានេះសាលាក្រុង ក៏ធានាដោះស្រាយតាមផ្លូវច្បាប់ដល់កម្មករ ដូចការព្រមព្រៀងគ្នា កាលពីថ្ងៃទី៧ តុលា។ 
 
ឆ្លើយតបនឹង ការធ្វើការអំពាវនាវនេះ លោក កៅសាវ៉ាត មេសហជីពរបស់បុគ្គលិកស៊ីនទ្រីអះអាថា ក្រុមលោកនៅតែបន្តធ្វើកូដកម្មដដែល ព្រោះដំណោះស្រាយរបស់សាលាក្រុងមិនច្បាស់លាស់ និងមិនឆ្លើយតបតាមការទាមទាររបស់ក្រុមលោក។ «ពួកខ្ញុំអាចចូលធ្វើការនៅថ្ងៃណាក៏បានដែរ ឲ្យសាលាក្រុងឬក្រុមហ៊ុនដោះស្រាយប្រាក់អត្ថប្រយោជន៍ឲ្យច្បាស់លាស់ គឺកំណត់ថ្ងៃខែមក ហើយដោះស្រាយជារួមសម្រាប់បុគ្គលិកទាំងអស់គ្នា»។ នេះបើតាមការលើកឡើងរបស់លោក កៅ សាវ៉ាត។ 
 
កាលពីថ្ងៃទី១០តុលា នៅយានដ្ឋានស៊ីនទ្រី ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុគ្គលិកស៊ីនទ្រីប្រមាណជាង៣០០នាក់ បានជួបជុំគ្នាធ្វើកូដកម្ម ដោយអះអាងថា ក្រុមពួកគេ នឹងចូលបំពេញការងារវិញ បើសាលាក្រុង ឬក្រុមហ៊ុន មានឆន្ទៈដោះស្រាយបញ្ហា។ 
 
អំឡុងពេលធ្វើកូដកម្មនេះ សាលាក្រុងបានប្រកាសជ្រើសរើសប្រមូលសំរាមថ្មី និងបានបញ្ចេញកម្លាំងតាមខណ្ឌនីមួយៗ ដើម្បីដោះស្រាយបញ្ហាសំរាមក្នុងក្រុងភ្នំពេញផងដែរ។ សាលាក្រុង បានបញ្ចេញរថយន្តដឹកសំរាម៧០គ្រឿង និងរ៉ឺម៉ក១៥០ ដើម្បីដោះស្រាយបញ្ហាសំរាមនៅអំឡុងពេលកូដកម្មនេះ។ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងនៃអាជ្ញាធរក្រុងបានចុះប្រមូលសំរាមបានប្រមាណ២៥០០តោនក្នុងមួយថ្ងៃ។ 
 
នៅព្រឹកថ្ងៃទី១២តុលានេះដែរ ជប៉ុនបានផ្ដល់ឡានដឹកសំរាម៦គ្រឿង ហើយកន្លងមកក៏មានក្រុមហ៊ុនឯកខ្លះបានផ្ដល់ឡានដឹកដីសម្រាប់ជួយដឹកសំរាមផងដែរ។ បើតាមរបាយការណ៍ក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញមួយថ្ងៃ មានសំរាមជិត៣០០០តោន៕
 
អត្ថបទទាក់ទង
 
 

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com