ជាតិ
សង្គមជាតិ
​ប្រាក់​ដែល​បាន​ពី​ការលក់​ដេញថ្លៃ​រថយន្ត និង​ឈើ​ល្មើសច្បាប់ ត្រូវ​ប្រើប្រាស់​លើ​ការសាងសង់​សាលារៀន​
12, Oct 2020 , 8:59 pm        
រូបភាព
ដោយ:
​មណ្ឌលគិរី​៖ ថវិកា​ដែល​ប្រមូលបាន ពី​ការដេញថ្លៃរ​រថយន្ត​ចំនួន​៥០០​គ្រឿង និង​ឈើ​ជាច្រើន​ម៉ែត្រគូប ដែល​អាជ្ញាធរ​បាន​រឹបអូស ពីបទ​ល្មើស​ច​ធនធាន​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ឆ្នាំ​២០១៦-២០១៧ ត្រូវបាន រដ្ឋាភិបាល ប្រគល់​ជូនទៅ​ក្រសួង​អប់រំ​សម្រាប់​កសាង និង​អភិវឌ្ឍ​សាលារៀន​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន នា​អំឡុង​ទស្សនកិច្ច នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃទី​៣ ខែតុលា​កន្លងទៅ​។

 
 
​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស បានដាក់​ដេញថ្លៃ​រថយន្ត និង​ឈើ​ដែល​ដែល​រឹបអូស​បាន​នោះ ចំនួន​៣​លើក​មកហើយ​។  នេះ​បើតាម​លោក នេត្រ ភក្ត្រា ដែល​បាន​បន្ត​ដូច្នេះ​៖«​រថយន្ត​ខ្លះ​វា​ល្អៗ បើ​យើង​ទុក វា​នឹង​ខូច​។ អ៊ីចឹង​យើង​ដាក់​ដេញថ្លៃ​ចូល​រដ្ឋ​។ ការដេញថ្លៃ​ពី​ឆ្នាំ​២០១៦ ដល់​២០១៧​កន្លងមក គឺ​យើង​ដេញថ្លៃ​សម្រាប់​យក​ថវិកា​ទាំងអស់នេះ ផ្តល់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​យកទៅ​សាងសង់​សាលារៀន​ណា ដែលមាន​ការខ្វះខាត​»​។​


 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ពន្យល់ថា ការដាក់​ដេញថ្លៃ​វត្ថុតាង​ដែល​ល្មើសច្បាប់​ទាំងនេះ នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ជាជាង​ដុត​បំផ្លាញចោល​។ «​ពីមុន​យើង​ដុត ប៉ុន្តែ​តាម​ការណែនាំ​ជារួម គឺ​យើង​មិន​ដុត​បំផ្លាញចោល​ទេ​។ យើង​ធ្វើ​យ៉ាងម៉េច សម្រាប់​វិធានការ​ការពារ​។ បើ​យើង​មិន​ចាត់វិធានការ​លើ​វត្ថុតាង​ហ្នឹង​ទេ ហើយ​ទុកចោល​នៅ​កន្លែង​ហ្នឹង ឧ​ទ្យា​នុ​រក្ស និង​សមត្ថកិច្ច អាច​នឹង​លួច​វិញ​។ កន្លែង​ខ្លះ​ជិត គឺ​យើង​ដឹកឈើ​យកមក ប៉ុន្តែ​បើ​កន្លែង​ឆ្ងាយៗ គឺ​យើង​ទុកចោល​នៅ​កន្លែង​ហ្នឹង​។ យើង​នឹងដាក់​នៅ​ហ្នឹង ដោយមាន​ការឃ្លាំមើល ដើម្បី​ឲ្យ​ដឹងថា​នរណា ជា​អ្នក​ល្មើស​»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​
 
​កម្ពុជា មាន​ផ្ទៃដី​ធនធានធម្មជាតិ សរុប​៧,៣​លាន​ហិកតា ស្មើនឹង​៤១​ភាគរយ នៃ​ផ្ទៃដី​សរុប​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា តួលេខ​នេះ គឺ​បង្ហាញថា​កម្ពុជា គឺមាន​ការគ្រប់គ្រង​អភិរក្ស​ល្អប្រសើរ​ជាង​ពីមុន​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​អ្វីដែល​យើង​ត្រូវការ​ចាំបាច់​ក្នុងការ​ការពារ គឺ​ការអនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ និង​ការអប់រំ​។ នេះហើយ ដែលជា​គោលដៅ​សំខាន់ ដើម្បី​ពង្រឹង​ការការពារ​ធនធានធម្មជាតិ​»​។​
 
​កាលពី​ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន បាន​រឹបអូស​វត្ថុតាង​បទល្មើស​ព្រៃឈើ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ជាង​៦០០​វត្ថុតាង ក្នុងនោះ​អន្ទាក់​ចំនួន ១៧៥​អន្ទាក់ កាំភ្លើង​កែច្នៃ​៨ ធ្នូ​ចំនួន​២ រណារយន្ត​២១៣ កាំបិត​៥១ ពូថៅ​៣ ម៉ូតូ​កែច្នៃ ១៤១​គ្រឿង  រថយន្ត​កែច្នៃ​៤៨​គ្រឿង និង​គោយន្ត​ចំនួន​២​គ្រឿង​។ នេះ​បើតាម​របាយការណ៍ របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​៕ 
 
 




 
 
 

Tag:
 ថវិកា​ដេញថ្លៃ​
 ​បទល្មើស​ព្រៃឈើ​
 ​រថយន្ត​
 ​ឈើប្រណិត​
 ​បរិស្ថាន​
 ​ធនធានធម្មជាតិ​
 ​មណ្ឌល​គិ​រិ​
© រក្សាសិទ្ធិដោយ thmeythmey.com