ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកក៏លែងអាចចម្លងជំងឺនេះទៅអ្នកដទៃទៀតដែរ។ គ្រូពេទ្យប្រចាំសេតវិមានអាមេរិក បញ្ជាក់បែបនេះ នៅថ្ងៃទី ១២ ខែតុលា ពោលគឺ១០ថ្ងៃក្រោយលោក ត្រាំ បានអះអាងថា លោកឆ្លងជំងឺកូវីដ-១៩។ លោក ត្រាំ ក៏ត្រលប់ទៅធ្វើឃោសនាបោះឆ្នោតវិញភ្លាមៗផងដែរ។
ក្នុងលិខិតខ្លីមួយដែលចេញផ្សាយដោយសេតវិមានអាមេរិក ប៉ុន្មានម៉ោងមុនពេលលោក ដូណាល់ ត្រាំ ចេញទៅធ្វើឃោសនាបោះឆ្នោត វេជ្ជបណ្ឌិត Sean Conley និយាយថា លោកប្រធានាធិបតីមានលទ្ធផលតេស្តអវិជ្ជមានច្រើនថ្ងៃជាប់គ្នា។ តែលោកពុំបានបញ្ជាក់ចំនួនថ្ងៃច្បាស់លាស់ឡើយ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកវេជ្ជបណ្ឌិត Conley បញ្ជាក់ទៀតថា លទ្ធផលតេស្តអវិជ្ជមានព្រមទាំងទិន្នន័យនៅមន្ទីរពិសោធន៍និ ងគ្លីនិកផ្សេងទៀត បង្ហាញថា លោកប្រធានាធិបតីលែងអាចចម្លងជំងឺកូវីដ-១៩ នេះទៅកាន់អ្នកដទៃទៀតហើយ។
លោក ត្រាំ ត្រលប់ធ្វើយុទ្ធនាការបោះឆ្នោតវិញនៅយប់ថ្ងៃទី ១២ ខែតុលា នៅក្នុងទីក្រុង Sanford រដ្ឋ Florida ។ នេះគឺជាគម្រោងលើកដំបូង ចាប់តាំងពីលោកប្រកាសថាឆ្លងជំងឺកូវីដ-១៩នៅថ្ងៃទី២ ខែតុលា ។ លោកប្រាប់អ្នកគាំទ្រថា មានអារម្មណ៍ថា អំណាចជាងមុន។
ចំណែក បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ ចូ បៃឌិន ក៏មានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១២ ខែតុលាផងដែរ។ ក្រុមឃោសនាបោះឆ្នោតលោក បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍។ អតីតអនុប្រធានាធិបតីរូបនេះ បានធ្វើតេស្តអវិជ្ជមានច្រើនលើកមកហើយ ចាប់តាំងពីលោកត្រាំឆ្លងកូវីដ-១៩ មក។
ក្នុងការស្ទាបស្ទង់ លោក បៃឌិន បាននាំមុខក្នុងរដ្ឋ Wisconsin និងរដ្ឋ Pennsylvania ដែលជារដ្ឋលោក ត្រាំ ឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។ យោងតាមការស្ទង់មតិរបស់ Reuters នៅថ្ងៃទី១២ ខែតុលា លោក បៃឌិន នាំមុខលោក ត្រាំ ចំនួន៧ពិន្ទុក្នុងរដ្ឋទាំងពីរនេះ។
ខណៈកំពុងមានប្រៀបលើលោកត្រាំបែបនេះ លោក បៃឌិន បន្តធ្វើយុទ្ធនាការនៅរដ្ឋ Ohio នៅថ្ងៃទី១២ ខែតុលា ដែលលោកចង់បានខ្លាំងដើម្បីព្យាយាមពង្រីកប្រជាប្រិយភាពរបស់លោកទៅដល់រដ្ឋមាននិន្នាការទៅកាន់បក្សសាធារណរដ្ឋ។
ការបោះឆ្នោតអាមេរិក នឹងត្រូវរៀបចំឡើងនាថ្ងៃទី ៣ ខែវិច្ជិកា ហើយបច្ចុប្បន្ន ការបោះឆ្នោតមុនពេលកំណត់ក៏កំពុងដំណើរការក្នុងរដ្ឋមួយចំនួនផងដែរ។ មកទល់ពេលនេះ ប្រជាជនអាមេរិកប្រមាណ១០លាននាក់ហើយ បានបោះឆ្នោតរួចរាល់។ ចំណែកការជជែកដេញដោលប្រធានាធិបតីដែលគ្រោងរៀបចំឡើងនាថ្ងៃទី១៥ ខែតុលា រវាងលោកត្រាំ និងលោកបៃឌិន ត្រូវរំសាយចោល ដោយទុកពេលឲ្យគូប្រជែងទាំងពីរត្រៀមខ្លួនសម្រាប់ការជួបមុខគ្នាលើកចុងក្រោយនាថ្ងៃទី ២៩ ខែតុលា៕