ជាតិ
សេដ្ឋកិច្ច
៩​ខែ​ឆ្នាំនេះ រដ្ឋ​ប្រមូល​ពន្ធ​-​អាករ បាន​ជិត​២,២២៦​លាន​ដុល្លារ លើស​ឆ្នាំមុន​ជិត​៤​ភាគរយ​
13, Oct 2020 , 12:00 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ពន្ធ​ប្រចាំខែ​កញ្ញា​និង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០។
លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ពន្ធ​ប្រចាំខែ​កញ្ញា​និង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០។
 សម្រាប់​៣​ត្រីមាស​ឆ្នាំ​២០២០​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ទទួល​ចំណូល​ពន្ធ​-​អាករ ជិត​២,២២៦​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​ជាង​៧៨​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ ចំណូល​នេះ កើន​ជិត​៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ ទោះបីជា​ខ្ទង់​នៅក្នុង​ខែកញ្ញា ថយចុះ​ក៏ដោយ​។​

 
​តាមរយៈ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់ខ្លួន អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបង្ហាញ​ពី​តួលេខ​វិជ្ជមាន​នៃ​ចំណូល​ពន្ធ​-​អាករ​សម្រាប់​៣​ត្រីមាស​ដំបូង​ឆ្នាំ​២០២០​នេះ ដែលមាន​ចំនួន​៩ ០១៥.០៨​ប៊ី​លាន​រៀល ប្រមាណ​២ ២២៥.៩៥​លាន​ដុល្លារ​អាមេរិក ដោយ​កើន​៣.៧១​ភាគរយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៩ ដែលមាន ២១៨៣,៦៨​លាន​ដុល្លារ​អាមេរិក​។​
 
​បើទោះបីជា​ចំណូល​៩​ខែ​ដើមឆ្នាំ សម្រេចបាន​៧៨.១០​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ក៏ដោយ ប៉ុន្តែ​កាលពី​ខែកញ្ញា កន្លងមក ចំណូល​បាន​ថយចុះ​១៨.៧៥​ភាគរយ ប្រើ​ប្រៀបធៀប​ទៅនឹង​ខែកញ្ញា ឆ្នាំមុន​។ ក្នុង​ខែកញ្ញា ឆ្នាំ​២០២០ នេះ អគ្គនាយក​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​ចូលជាតិ បាន​ត្រឹម​២៧៤.២០​ប៊ី​លាន​រៀល (​ប្រមាណ​១៨៦.២២​លាន​ដុល្លារ​) ប៉ុណ្ណោះ​។​
 
 

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ពន្ធ​ប្រចាំ​ខែកញ្ញា​និង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​ត បាន​មានប្រសាសន៍ថា ឥទ្ធិពល​នៃ​ការ​រ​រីក​រាល​ជំងឺ​កូ​វីដ​-១៩ បានបង្ហាញ​នូវ​សញ្ញា​និង​ផល​អវិជ្ជមាន លើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ និង​វិស័យ​សំខាន់ៗ​ក្នុង​ត្រីមាស​ទី​បី​នេះ​។  
 
​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព ដល់​ការប្រមូល​ពន្ធ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទ​យក​ជា​អគ្គនាយក​ពន្ធដារ​រូបនេះ បាន​ក្រើនរម្លឹក ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ ថា​៖«​ទោះបី​ជាមាន ផលប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច ពី​ការជះឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ អគ្គនាយក​ពន្ធដារ​ត្រូវ​បន្ត​ពង្រឹង​ផែនការ​សកម្មភាព​បន្ថែម និង​បន្ត​ពង្រឹង​វិធានការ​អន្តរាគមន៍​ប​ន្ទា​ន់​រដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​, វិស័យ​អាកាសចរ​, វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​,  វិស័យ​កា​ម្មន្ត​សាល និង​ការអន្តរាគមន៍​នានា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​»​។
   
 

លោក បានដាក់​ចេញ​វិធាន​មួយចំនួន​ដល់​មន្ត្រីក្រោមឱវាទ​ឱ្យ​អនុវត្ត​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ប្រមូល​ពន្ធ ដើម្បី​ឈាន​សម្រេច​តាម​ផែនការ​។  វិធាន​មួយចំនួន​សម្រាប់​មន្ត្រី​ពន្ធដារ​អនុវត្ត​ដោយ​ភាព​ទន់​ភ្លន់ តែ​ម៉ឺងម៉ាត់​ក្នុងការ​ប្រមូល​ពន្ធ​នោះ មាន​៖ ត្រូវ​បន្ត​ពង្រឹង​ការប្រមូល​ពន្ធអាករ​លើ​តម្លៃបន្ថែម​។ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​អ្នក​ជាប់ពន្ធ និង​បណ្តុះបណ្តាល​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ អំពី​ពន្ធលើប្រាក់ចំណេញ​មូលធន ដែល​នឹង​ចាប់​អនុវត្ត​ពី​ខែមករា ឆ្នាំ​២០២១ តទៅ​។ 
 
​ត្រូវ​ជំរុញ​ការប្រមូល​ពន្ធ លើ​វិស័យ​ដែលមាន​សន្ទះ​ខ្លាំង​ក្នុង​វិបត្តិ​កូ​វីដ​-១៩ នៅមាន​សក្កា​នុព​ល​។ ត្រូវ​បន្ត​ជំ​រុ​ញ​គ្រប់គ្រង​ប្រមូល​ន​បំណុល​ពន្ធ ដើម្បី​ធានាបាន​នូវ​ការ​តម្លាភាព​នៃ​ការបង់ពន្ធ បន្ទាប់ពី​ការកំណត់​ពន្ធ​ផ្សេងៗ​។ ត្រូវ​ជំរុញ និង​ព​ន្លឿ​ន​ការអនុវត្ត​ការងារ​ចុះបញ្ជី​ង​អាជីវកម្ម​តាម​ថ្នាល​តែមួយ និង បន្ត​ពង្រឹង បណ្តុះបណ្តាល​នូវ​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​តាម​ប្រព័ន្ធ​អន​ឡាញ (E-Filing) ជាដើម​៕ 
 
ប្រភព​រូប​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​
 

Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com