សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ពេញចិត្ត​ជួយ​ឥណ្ឌា​ក្នុង​ការពារ​ដែន​អធិបតេយ្យ និង​សមត្ថភាព​កងទ័ព​
13, Oct 2020 , 2:15 pm        
រូបភាព
លោក ស្តេហ្វិន ប៊ីហ្កាន់ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។ រូបភាព៖ AP
លោក ស្តេហ្វិន ប៊ីហ្កាន់ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។ រូបភាព៖ AP
មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក លោក ស្តេ​ហ្វិ​ន ប៊ី​ហ្កា​ន់ នៅ​ថ្ងៃទី​១២ ខែតុលា បាន​លើកឡើងថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​ឥណ្ឌា ដើម្បី​ការពារ​ដែន​អធិបតេយ្យ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អា​មេ​រិ​ក​-​ឥណ្ឌា ស្រប​ពេលដែល​ឥណ្ឌា​កំពុង​ទាស់​ជាមួយ​ចិន​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ ចាត់ទុក​ចិន​ថា ជា​បញ្ហា​ដ៏​ធំ ដែល​គ្មាន​នរណា​ចង់​លើក​យកមក​ជជែក​។

 
​លោក ស្តេ​ហ្វិ​ន ប៊ី​ហ្កា​ន់ រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​រយៈពេល​៣​ថ្ងៃ​នៅ​ថ្ងៃទី​១២ ខែតុលា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មន្ត្រីជាន់ខ្ពស់​អាមេរិក ក៏បាន​ចូលរួម​ក្នុង​វេទិកា​អាមេរិក និង​ឥណ្ឌា​ផងដែរ ដែល​លោក ប៊ី​ហ្កា​ន់ បានលើកឡើង​ពី​បញ្ហា​ជាច្រើន ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អាមេរិក និង​ឥណ្ឌា​។​
 
​ថ្លែង​នៅ​ចំពោះ​មុន​អ្នកចូលរួម​ជាច្រើន​នាក់ លោក ប៊ី​ហ្កា​ន់ បាន​អះអាងថា អាមេរិក កំពុង​ស្វែងរក​វិធីសាស្ត្រ ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ឥណ្ឌា​។ «​យើង​ចង់​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​អំណាច​របស់​ពួកគេ​[​ឥណ្ឌា​] និង​សមត្ថភាព​របស់​ឥណ្ឌា ដើម្បី​ការពារ​អធិបតេយ្យ​របស់ខ្លួន​»​។ មន្ត្រីការទូត​អាមេរិក បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ឥណ្ឌា​មាន​ប្រពៃណី​គោលនយោបាយ​ការបរទេស​ខ្លាំង និង​គួរ​ឲ្យ​សរសើរ​។ ក្នុងន័យនេះ អាមេរិក​នឹង​ជួយ​បង្កើន​ផលប្រយោជន៍​របស់​ឥណ្ឌា​ក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​
 
​ទន្ទឹមគ្នានេះ លោក ប៊ី​ហ្កា​ន់ បាន​បន្ថែមថា វា​នៅមាន​បញ្ហា​ជាច្រើន​ទៀត ដែល​អាមេរិក​ត្រូវធ្វើ​ដូចជា ការពង្រឹង​សមត្ថភាព​កងទ័ព​ឥណ្ឌា និង​ការលើកកម្ពស់​នៃ​អន្តរ​ប្រតិបត្តិការ​រវាង​យោធា​ប្រទេស​ទាំងពីរ​ជាដើម​។ ក្នុង​វេទិកា​ដដែល​នេះ មន្ត្រីជាន់ខ្ពស់​អាមេរិក ក៏បាន​លើកឡើង​ពី​ចិន​ផងដែរ ដោយ​ចាត់ទុកថា ចិន គឺជា​បញ្ហា​ដ៏​ធំ ដែល​មិនមាន​ប្រទេស​ណា​ចង់​លើក​យកមក​ជជែក​។ 
 
​ការលើកឡើង​របស់​ម​ន្ត្រី​ទូត​អាមេរិក​ខាងលើ ធ្វើឡើង​ស្របពេល​ទីក្រុង​ញូវដែលី កំពុងមាន​ជម្លោះព្រំដែន​ជាមួយ​ទីក្រុង​ប៉េកាំង​។ បន្ទាប់ពី​ជំនួប​រដ្ឋមន្ត្រីការបរទេស និង​ជំនួប​មេបញ្ជាការ​យោធា​ចិន​-​ឥណ្ឌា​ចុងក្រោយ កិច្ចចរចា​បន្ធូរបន្ថយ​ភាព​តានតឹង ទទួលបាន​ផ្លែផ្កា​ច្រើន ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​ឈប់​បញ្ជូន​កងទ័ព​ទៅ​តំបន់​ព្រំដែន​ជម្លោះ​។ មកទល់ពេលនេះ កងទ័ព​ប្រទេស​ទាំងពីរ​នៅតែ​ឃ្លាំមើល​សកម្មភាព​គ្នា​រៀងៗ​ខ្លួន​។ ប្រទេស​ទាំងពីរ បាន​ដឹក​ស្បៀង​យកទៅ​បម្រុង​ទុក​នៅ​តំបន់​ព្រំដែន​ជម្លោះ​នៅ​រដូវ​ត្រជាក់​ខាងមុខ​ថែមទៀត​។ 
 
​ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​នៅ​ឥណ្ឌា ធ្វើឡើង​បន្ទាប់ពី​ទស្សនកិច្ច​របស់លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅ​ជប៉ុន ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ​ចតុ​ភាគី​។ ទស្សនកិច្ច​របស់លោក ប៊ី​ហ្កា​ន់ មក​ឥណ្ឌា​ក្នុង​ពេលនេះ ត្រូវគេ​រំពឹងថា គឺ​ដើម្បី​រៀបចំ​របៀប​វាៈ​សម្រាប់​កិច្ចសន្ទនា​រវាង​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជាមួយ​សម​ភាគី​ឥណ្ឌា ដែល​ត្រូវ​ប្រារព្ធ​ឡើង​នៅក្នុង​ខែតុលា​នេះ​៕ 

Tag:
 ចិន​
  អាមេរិក​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com