ជាតិ
សង្គមជាតិ
អ្នកជាប់ឃុំជាង១ពាន់នាក់ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវជម្លៀសចេញ ដោយសារជន់លិច
13, Oct 2020 , 2:44 pm        
រូបភាព
សកម្មភាពជម្លៀសអ្នកជាប់ឃុំ ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ (រូបពីលោក ឡៅ សំពរ)
សកម្មភាពជម្លៀសអ្នកជាប់ឃុំ ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ (រូបពីលោក ឡៅ សំពរ)
ដោយ:
ទឹកជំនន់ បានវាយប្រហារទៅដល់ពន្ធនាគារខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឲ្យថ្នាក់ដឹកនាំពន្ធនាគារនិងថ្នាក់ដឹកនាំខេត្តនេះ ត្រូវជម្លៀសអ្នកជាប់ឃុំជាង១ពាន់នាក់ ទៅកាន់កន្លែងផ្សេង។ លោក ឡៅ សំពរ អនុប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានថ្មីៗ ថា ទឹកជំនន់ បានហូរចូលដល់ពន្ធនាគារខេត្តបន្ទាយមានជ័យ នៅយប់ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។



ព័ត៌មាន ដែលលោក ឡៅ សំពរ បានផ្ញើមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលានេះ ទណ្ឌិត និងពិរុទ្ធជន៨១១នាក់ (ស្រី៨៥នាក់) ត្រូវបានជម្លៀសចេញ យកទៅផ្ញើទុកនៅពន្ធនាគារខេត្តសៀមរាបសិន។ បើតាមប្រភពដដែល នៅថ្ងៃស្អែក (១៤តុលា) ទណ្ឌិតនិងពិរុទ្ធជន២០០នាក់ទៀត នឹងត្រូវបញ្ជូនទៅពន្ធនាគារខេត្តកំពង់ធំ។

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើយ ដោយលោកទាំងពីរ ប្រាប់ថាកំពុងជាប់ប្រជុំ។ ចំណែក លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និង លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ មិនលើកទូរស័ព្ទ។

Fresh News ទទួលបានរបាយការណ៍អំពីចំនួនអ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយផ្សាយថា អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តនេះ  មាន១៦០០នាក់។

ព័ត៌មានពីលោក ឡៅ សំពរ បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ លោក ប៉ាល់ សំអឿន អ្នកស្រី នូម  សោភ័ណ លោក អ៊ី ឡុង ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះពិនិត្យក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ៕

© រក្សាសិទ្ធិដោយ thmeythmey.com