COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​សោកស្ដាយ​ចំពោះ​ការបិទទ្វារ​ភូមិ​វប្បធម៌
13, Oct 2020 , 2:44 pm        
រូបភាព
សៀមរាប​៖ ភូមិ​វប្បធម៌​កម្ពុជា ដែល​បើក​ដំណើរការ​ជាង​១៧​ឆ្នាំ​នៅក្នុង​ខេត្តសៀមរាប បានប្រកាស​បិទ​អាជីវកម្ម​របស់ខ្លួន​ទាំងស្រុង​នៅ​ដើមខែ វិច្ឆិកា ខាងមុខនេះ ដោយសារ​វិបត្តិ​កូ​វីដ​១៩​។ ការប្រកាស​នេះ ធ្វើឱ្យ​សាធារណជន​ជាច្រើន​សម្ដែង​អារម្មណ៍​សោកស្ដាយ ខណៈដែល​ទីតាំង​នេះ​ជា​ផ្នែក​មួយ​ទាក់ទាញ​ទេសចរ​ពេល​មកលេង​ខេត្តសៀមរាប​។ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ក៏​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​ករណី​នេះដែរ តែ​រំពឹងថា ក្រុមហ៊ុន​នឹង​បើក​ឡើងវិញ​ពេល​មាន​ចរន្ត​ទេសចរ​ក្រៅ​ស្រុក​ត្រឡប់​វិញ​។​

 
​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក្ដ្រ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​១៣ តុលា ថា លោក​បានទទួល​ព័ត៌មាន​នៃ​ការប្រកាស​បិទទ្វារ​ភូមិ​វប្បធម៌​កម្ពុជា​តាមរយៈ​បណ្ដាញសារព័ត៌មាន តែ​ក្រសួង​មិនទាន់​ទទួលបាន​លិខិតផ្លូវការ​ណាមួយ​ពី​ក្រុមហ៊ុន​ទេ​។ លោក​បន្តថា ការប្រកាស​បិទទ្វារ​នេះ​អាច​ធ្វើជា​លក្ខណៈ​បណ្ដោះអាសន្ន​ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វីដ​១៩​នេះ ហើយ​អាច​នឹង​ដំណើរការ​ឡើងវិញ​ពេល​មាន​ចរាចរណ៍​ទេសចរ​ពី​ក្រៅ​ស្រុក​វិញ​។ លោក​បន្ថែមថា​៖« អាចជា​មូលហេតុ​ផ្ទាល់ខ្លួន​គាត់ ក្នុងនាម​ក្រសួង​មានការ​សោកស្ដាយ តែ​គាត់​អាច​ដំណើរ​ឡើងវិញ ក្រោយ​មាន​ភ្ញៀវ​វិញ​»​។​
 
​សារព័ត៌មាន ThmeyThmey មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកគ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​បានទេ​នៅថ្ងៃនេះ ដោយ​ទូរ​សព្ទ​មិន​ចូល​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃទី​១១ តុលា បាន​បង្ហាញថា ក្រុមហ៊ុន​បាន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​១៩​នេះ ដែល​មិន​អាចឱ្យ​ដំណើរការ​ត​ទៅមុខទៀត​។ ក្រុមហ៊ុន​សន្យាថា នឹង​ទូទាត់​ប្រាក់​សំណង​ជួន​បុគ្គលិក​ទាំងអស់ ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​។​
 
​បុគ្គលិក​ផ្នែក​សិល្បៈ​អ្នកស្រី គឹម សុធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​អំឡុងពេល​កំពុង​បន្ត​បាតុកម្ម​នៅមុខ​ភូមិ​វប្បធម៌​កម្ពុ​ជានា​រសៀល​ថ្ងៃទី​១២ តុលា ថា ក្រុម​បុគ្គលិក​បន្ត​បាតុកម្ម​ដល់​ថ្ងៃទី​៥៦​ហើយ ដោយ​ទាមទារ​សុំឱ្យ​ក្រុមហ៊ុន​រក្សា​ការិយាល័យ​សិល្បៈ និង​ទទួលយក​សមាជិក​៥​រូប​ឱ្យចូល​ធ្វើការ​វិញ ក៏ដូចជា​ទាមទារ​នូវ​លក្ខខណ្ឌ​មួយចំនួនទៀត​។ អ្នកស្រី សុធា គ្មានអ្វី​ជំទាស់​ចំពោះ​ការសម្រេច​បិទ​អាជីវកម្ម​ភូមិ​វប្បធម៌​កម្ពុជា​ទេ តែ​ស្នើឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ការងារ​។​
 
​គួរឱ្យ​ដឹង​ដែរ​ថា តួលេខ​ចុងក្រោយ អាជីវកម្ម​ទេសចរណ៍​ជាង​៣​ពាន់​ទីតាំង បានប្រកាស​បិទទ្វារ​ប​ណ្ដោះ​អាសន្ន​។ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក្ដ្រ បញ្ជាក់ថា មកដល់​បច្ចុប្បន្ននេះ​មាន​ទីតាំង​ជាង​៣០​ភាគរយ​ហើយ ដែល​បើក​ដំណើរការ​ឡើងវិញ ក្នុងនោះ​រួមមាន​ទាំង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជាដើម​។ លោក តុ​ប សុភ័ក្ដ្រ ក៏បាន​រំលឹក​ពី​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​វិស័យ​ទេសចរណ៍ ដូចជា​ការលើកលែង​ពន្ធ និង​ឧបត្ថម្ភ​ដល់ក​ម្មករ និយោជក ដែល​ត្រូវ​ព្យូ​រ​ការងារ​បណ្ដោះអាសន្ន ដែល​មកដល់ពេលនេះ​បាន​ឧបត្ថម្ភ​ដល់​ជុំ​ទី​៥​ហើយ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន ៤០​ដុល្លារ​ក្នុង​មួយខែ​៕
 
 

Tag:
 ភូមិ​វប្បធម៌​កម្ពុជា​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com