COVID-19
អន្តរជាតិ
ទីភ្នាក់ងារវិទ្យាសាស្ត្រអូស្ត្រាលី៖ កូរ៉ូណាវីរុស អាចមានជីវិតដល់ទៅ២៨ថ្ងៃលើលុយ, កញ្ចក់, កែវ, ដែក រូបភាព៖ Unsplash
× តាមការសិក្សារបស់ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្ត្រាលី (CSIRO) កូរ៉ូណាវីរុស ដែលបង្កទៅជាCOVID-19 អាចមានជីវិតលើក្រដាសប្រាក់ កែវ និង ដែកមិនចេះច្រេះ រហូតដល់ទៅ២៨ថ្ងៃ ក្នុងសីតុណ្ណភាពកម្រិត ២០អង្សាសេ និង មានរយៈពេលតិចជាងនេះ ប្រសិនបើកម្តៅឡើងខ្ពស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី១២ ខែតុលា។
នៅក្នុងការសិក្សាមួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលចេញផ្សាយនៅខែមេសាកន្លងទៅ កូរ៉ូណាវីរុសអាចមានជីវិតលើប្លាស្ទិក និងដែកមិនចេះច្រេះបានរយៈពេល ៧២ម៉ោង, លើស្ពាន់បាន ៤ម៉ោង និង២៤ម៉ោងលើក្រដាសកាតុង។ ប៉ុន្តែការសិក្សានេះមិនបានបង្ហាញពីកម្រិតអង្សាប៉ុន្មានឡើយ ដែលអាចឲ្យវីរុសរស់នៅបានក្នុងរយៈពេលបែបនេះ។
យ៉ាងណាមិញ ការសិក្សាមួយរបស់ទីភ្នាក់ងារអូស្ត្រាលីបានបង្ហាញថា កូរ៉ូណាវីរុស អាចមានជីវិតរហូតទៅ ២៨ថ្ងៃ។ តាមការស្រាវជ្រាវ និងពិសោធន៍ អ្នកជំនាញរបស់ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់អូស្ត្រាលី (CSIRO) ក្នុងសីតុណ្ណភាពកម្រិត ២០អង្សា កូរ៉ូណាវីរុស អាចរស់នៅបានយ៉ាងល្អ និងអាចចម្លងមនុស្សបានក្នុងរយៈពេល ២៨ថ្ងៃ ដោយវីរុសទាំងនោះអាចទំជាប់នៅលើក្រដាសប្រាក់ កញ្ចក់ និងដែកជាដើម។ ប៉ុន្តែ ក្នុងសីតុណ្ណភាពដដែល អ្នកវិទ្យាសាស្ត្រ មិនអាចរកឃើញវីរុសជាប់សំលៀកបំពាក់ លើសពី១៤ថ្ងៃឡើយ។
ចំណែកក្នុងសីតុណ្ណភាព ៣០អង្សាសេវិញ វីរុសមិនអាចមានជីវិតលើសពី ៣ថ្ងៃឡើយ និងអាចទំជាប់ដែក និងផ្ទៃខាងក្រៅនៃវត្ថុបាន ៧ថ្ងៃ។ លើសពីនេះ ក្នុងកម្រិតសីតុណ្ណភាព ៤០អង្សាសេវិញ រយៈពេលដែលវីរុសអាចរស់បាន នឹងធ្លាក់ចុះថែមទៀត។
ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្ត្រ បានពិសោធក្នុងសីតុណ្ណភាព ២០, ៣០ និង ៤០អង្សាសេ និងរកឃើញថា កូរ៉ូណាវីរុស អាចរស់នៅបានកាន់តែយូរ ក្នុងសីតុណ្ណភាពកាន់តែត្រជាក់បើទំជាប់លើផ្នែកខាងក្រៅនៃវត្ថុ និងក្រដាសប្រាក់។ ការពិសោធនេះ ធ្វើនៅក្នុងកន្លែងងងឹត និងមិនមានពន្លឺព្រះអាទិត្យ។ បើតាមអ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្ត្រាលី អាយុកាសនៃវីរុស អាចខុសគ្នា នៅក្នុងស្ថានភាពជាក់ស្តែង ព្រោះមានពន្លឺព្រះអាទិត្យជួយសម្លាប់វីរុស។
យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារខាងលើ ក៏បានទទូចឲ្យប្រជាជនបន្តការប្រុងប្រយ័ត្នបន្ថែមទៀត តាមរយៈការលាងដៃ និងធ្វើអនាម័យនៅកន្លែងដែលសង្ស័យថា មានកូរ៉ូណាវីរុសវីរុសទំជាប់ ដើម្បីការពារករណីឆ្លង។
ក្នុងការសិក្សានេះ CSIRO រកមិនឃើញឡើយថា តើបរិមាណវីរុសប៉ុន្មាន ដែលអាចចម្លងទៅមនុស្សបាន ប៉ុន្តែអ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារ បានត្រឹមតែបញ្ជាក់ថា វាអាស្រ័យលើកត្តាគួបផ្សំ ដូចជាការប្រមូលផ្តុំនៃវីរុស ប្រភេទនៃផ្ទៃខាងក្រៅរបស់វត្ថុ និងប្រភេទវីរុស ថាតើរាវ ឬស្ងួតជាដើម។
គិតមកត្រឹមរសៀលថ្ងៃទី១២ ខែតុលា ពិភពលោក មាន COVID-19 សរុបជាង ៣៧លាននាក់ អ្នកស្លាប់មានចំនួនជាង ១លាននាក់ និងជាសះស្បើយមានចំនួនជាង ២៨លាននាក់៕
Tag:
អូស្ត្រាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com