សង្គមអន្តរជាតិ​
អន្តរជាតិ
សេត​វិមាន បញ្ជូន​សំណើ​លក់​អាវុធ​ទៅ​តៃវ៉ាន់​ឲ្យ​សភា​អាមេរិក​ពិនិត្យ​
13, Oct 2020 , 3:28 pm        
រូបភាព
យោធាតៃវ៉ាន់។ រូបភាព៖ AFP
យោធាតៃវ៉ាន់។ រូបភាព៖ AFP
ដោយ:
សំណើ​ក្នុង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ ទំនង​នឹងមិន​មានការ​ជំទាស់​ឡើយ ដ្បិតអី​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជាទូទៅ​គាំទ្រ​តៃវ៉ាន់ និង​មើលឃើញ​ដូចគ្នា​ថា ចិន​ជា​អ្នក​គំរាម​ដល់​សន្តិសុខ​តៃវ៉ាន់​។​

 
​សេត​វិមាន​អាមេរិក  នៅ​ថ្ងៃទី​១២ តុលា បានផ្តល់​ដំណឹង​ទៅ​សភា​ស្តីពី​ការលក់​ប្រព័ន្ធ​អាវុធ​៣​ប្រភេទ​ទៅ​តៃវ៉ាន់​។ ការបញ្ជូន​ដំណឹង​នេះ ដែលជា​នីតិវិធី​ក្នុង​ការលក់​អាវុធ​ឲ្យ​បរទេស នឹង​បើកផ្លូវ​ឲ្យ​សភា​អាមេរិក​ទាំង​២ ពិនិត្យ និង​ផ្តល់​ការយល់ព្រម​ចំពោះ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​។​
 
​កាលពី​ខែកញ្ញា​កន្លងទៅ ក្រសួងការបរទេស​អា​មេ​រិ​កបាន​អះអាង​ពី​ការបើកផ្លូវ​ដល់​ការលក់​សព្វាវុធ​អាវុធ​ចំនួន​៧ ទៅ​តៃវ៉ាន់​។ នៅ​ថ្ងៃទី​១២ ខែតុលា សេត​វិមាន​អាមេរិក បាន​ជូនដំណឹង​ទៅកាន់​សភា​អាមេរិក​ស្ដីពី​ការលក់​អាវុធ​ចំនួន​បី​មុខ​សិន​។ 
 
​ប្រព័ន្ធ​អាវុធ​ទាំង​៣​ប្រភេទ ដែល​អាមេរិក នឹង​លក់​ទៅ​ឲ្យ​តៃវ៉ាន់ រួមមាន​រ៉ុក្កែត​បាញ់​ចេញពី​យានយន្ត​(HIMARS) មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បាញ់​ពី​ដី​ទៅ​អាកាស (SLAM-ER) និង​ប្រព័ន្ធ​សូ​ណា​ដែលមាន​សមត្ថភាព​បញ្ជូន​ភ្លាមៗ​ព័ត៌មាន និង​រូបភាព​ពី​យន្តហោះ​ចម្បាំង​F-16 ទៅ​ស្ថានីយ​ផ្ទាល់​ដី​។ សភា​ទាំងពីរ​របស់​អាមេរិក នឹង​ពិនិត្យមើល​គម្រោង​នេះ មុននឹង​សម្រេច​ថា អនុញ្ញាត​ឲ្យ​លក់​ឬ​អត់​។ 
 
​ចំពោះ​ការលក់​អាវុធ​ទៅ​តៃវ៉ាន់​នេះ ស្ថានទូត​ចិន​នៅ​អាមេរិក ក៏​ចេញមុខ​ជំទាស់​ភ្លាម​ដែរ​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ស្ថានទូត​ចិន ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​ការលក់​អាវុធ ក៏ដូចជា​ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់​។ ស្ថានទូត​ចិន បាន​អះអាងថា ការលក់​អាវុធ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​ចិន​-​អាមេរិក ក៏ដូចជា​សន្តិភាព និង​ស្ថិរភាព​ក្នុង​ជ្រោយ​តៃវ៉ាន់​។​
 
«​ចិន​តែងតែ​ជំទាស់​យ៉ាង​ដាច់ខាត​ក្នុង​ការលក់​អាវុធ​របស់​អាមេរិក ទៅ​តៃវ៉ាន់ និង​ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​របស់ខ្លួន​»​។ ស្ថាន​បេសកកម្ម​ចិន​បញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា កោះ​តៃវ៉ាន់​ជា​ដែនដី​ស្ថិតក្រោម​អធិបតេយ្យភាព​របស់​ចិន​។​
 
​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា និង​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​បានទទួល​រួច​ហើយពី​ដំណឹង​នៃ​ការលក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​នេះ​។ គណៈកម្មាធិការ​ទាំងពី​រ ជា​ស្ថាប័ន​ពិនិត្យ​គម្រោង​ទិញ​លក់​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្រៅ​តែ​ប្រព័ន្ធ​អាវុធ​ទាំង​៣ អាមេរិក​ក៏​គ្រោង​លក់​ទៅ​តៃវ៉ាន់​នូវ​ប្រព័ន្ធ​អាវុធ​ដទៃទៀត​រួមមាន​ដ្រូ​ន មី​ស៊ី​ល​ប្រឆាំង​នាវា​បាញ់​ចេញពី​ដី និង​មីន​បង្កប់​ក្នុង​ទឹក​។ អាវុធ​ទាំងអស់នេះ​សុទ្ធសឹងតែ​ប្រើប្រាស់​សម្រាប់​បង្ការ​ការ​វាយប្រហារ​ឡើងគោក​។ វាយ​ឡើងគោក ជា​ផ្លូវ​មួយ​ដែល​ចិន​ត្រូវ​ជ្រើសរើស​បើ​ចង់វាយ​តៃវ៉ាន់​។​
 
​សំណើ​ក្នុង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ ទំនង​នឹងមិន​មានការ​ជំទាស់​ឡើយ ដ្បិតអី​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជាទូទៅ​គាំទ្រ​តៃវ៉ាន់ និង​មើលឃើញ​ដូចគ្នា​ថា ចិន​ជា​អ្នក​គំរាម​ដល់​សន្តិសុខ​តៃវ៉ាន់​។ ដំណឹង​ស្តីពី​ការលក់​អាវុធ​នេះ​លេចឡើង ស្រប​ពេលដែល​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​អះអាងថា ចំណាយ​ក្នុងការ​ការពារជាតិរ​បស់​តៃវ៉ាន់​នៅ​មិនទាន់​គ្រប់គ្រាន់ និង​ទាមទារ​ឲ្យ​តៃវ៉ាន់​ធ្វើកំណែទម្រង់​វិស័យ​ការពារជាតិ​របស់ខ្លួន​។​
 
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​៦ តុលា​កន្លងទៅ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​Robert O’Brien ព្រមាន​ចិន​ពី​ការក្តោបក្តាប់​កោះ​តៃវ៉ាន់​ដោយ​ប្រើ​កម្លាំងយោធា ប៉ុន្តែ​លោក​អះអាងថា ការវាយប្រហារ​ឡើងគោក នឹងមាន​សភាព​ពិបាក​ខ្លាំង​។ លោក O’Brien ប្រាប់​ឲ្យ​តៃវ៉ាន់​វិនិយោគ​បន្ថែមទៀត​លើ​មី​ស៊ី​ល​ប្រដេញ​តាម​បណ្តោយ​ឆ្នេរ មីន នាវា​វាយប្រហារ​រហ័ស កាំភ្លើង​ធំ​ចល័ត និង​ប្រព័ន្ធ​ស៊ើបការណ៍​៕
Relate: https://thmeythmey.com/?page=detail&id=96380 
 
 

Tag:
 ​ចិន​
  អាមេរិក​
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com