របាយការណ៍របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែតុលាបានបង្ហាញថា បម្រែបម្រួលអាកាសធាតុជាកត្តាចម្បងមួយដែលនាំឲ្យមានគ្រោះមហន្តរាយធម្មជាតិមានការកើនឡើងជិត២ដង ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ របាយការណ៍នេះបង្ហាញថា ទ្វីបអាស៊ីជាទីដែលរងគ្រោះខ្លាំងពីគ្រោះធម្មជាតិទាំងនោះ។
ក្នុងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាតិសម្រាប់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ(UNDRR) បានបង្ហាញថា ពីឆ្នាំ២០០០ រហូតដល់ចុងឆ្នាំ២០១៩ ពិភពលោកមានគ្រោះមហន្តរាយធម្មជាតិធំៗចំនួន៧,៣៤៨ ដែលបណ្តាលឲ្យស្លាប់មនុស្ស១,២៣លាននាក់ ប៉ះពាល់មនុស្ស៤,២ពាន់លាននាក់ និងខាតបង់ជាថវិកាប្រមាណ២,៩៧ទ្រីលានដុល្លារ។
ជាការប្រៀបធៀប ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៩ គ្រោះមហន្តរាយមានត្រឹមតែ៤,២១២លើក ប៉ុណ្ណោះ។ នេះបើយោងតាមរបាយ៍ការណ៍ដែលមានឈ្មោះថា «The Human Cost of Disaster 2000-2019» របស់ UNDRR ចេញថ្ងៃទី១២ ខែតុលា។ ការកើនឡើងសឹងទ្វេដងនៃគ្រោះមហន្តរាយធម្មជាតិទាក់ទងនឹងបម្រែបម្រួលអាកាសធាតុដែលបង្កទៅជាទឹកជំនន់ គ្រោះរាំងស្ងួត និងព្យុះជាដើម។
គ្រោះធម្មជាតិដែលទាក់ទងនឹងអាកាសធាតុមានការកើនឡើងពី៦,៦៨១ករណី ធៀបទៅនឹង៣,៦៥៦ករណី ធៀបទៅនឹងរយៈពេលកាលពី២០ឆ្នាំមុន។ ដូចគ្នានេះដែរ គ្រោះទឹកជំនន់មានចំនួន៣,២៥៤ករណី ដែលជាកើនឡើងលើសពីដង ចំណែកខ្យល់ព្យុះមានដល់ទៅ២,០៣៤ករណី ធៀបទៅនឹង១,៤៥៧ករណីរយៈពេលពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩។
របាយការណ៍នេះ ក៏បង្ហាញផងដែរថា ទ្វីបអាស៊ីមានគ្រោះធម្មជាតិច្រើនជាងគេ ដោយមាន៣,០៦៨ករណី ទ្វីបអាមេរិកមាន១,៧៥៦ករណី និងអាហ្វ្រិកមាន១,១៩២ករណី។ បើគិតជាប្រទេសវិញ ចិនជាប្រទេសដែលមានគ្រោះធម្មជាតិច្រើនជាងគេដោយមាន៥៧៧ករណី ចំណែកអាមេរិកមានចំនួន៤៦៧ករណី។
ចំណែកឯ គ្រោះធម្មជាតិដែលទាក់ទងនឹងភូមិសាស្ត្រដូចជាគ្រោះរញ្ជួយដី រលកស៊ូណាមិ និងបន្ទុះភ្នំភ្លើង សម្លាប់ជីវិតមនុស្សច្រើនជាគ្រោះធម្មជាតិដទៃទៀត។ ជាក់ស្តែងរលកស៊ូណាមីក្នុងសមុទ្រឥណ្ឌានៅឆ្នាំ២០០៤ បានសម្លាប់មនុស្សជាង២២ម៉ឺននាក់ និងគ្រោះរញ្ជួយដីនៅសហៃទីសម្លាប់មនុស្ស២២ម៉ឺននាក់។
លោកស្រី Mami Mizutori ប្រធាន UNDRR ប្រាប់អ្នកសារព័ត៌មានថា មនុស្សមានបំណងបំផ្លិចបំផ្លាញធម្មជាតិ ហើយរដ្ឋាភិបាលប្រទេសនានាថា ពុំបានចាត់វិធានការគ្រប់គ្រាន់ដើម្បីបង្ការគ្រោះថ្នាក់។ លោកស្រី បានអំពាវនាវឲ្យការរៀបចំឲ្យបានប្រសើរឡើងដើម្បីទប់នឹងគ្រោះធម្មជាតិនាពេលខាងមុខ។
របាយការណ៍របស់UNDRR កំណត់គ្រោះធម្មជាតិដោយសម្គាល់លើហេតុការណ៍ធម្មជាតិទាំងឡាយណាដែលសម្លាប់មនុស្ស១០នាក់ឬច្រើនជាងនេះ ប៉ះពាល់មនុស្ស១០០នាក់ឡើងទៅ ឬការប្រកាសប្រទេសក្នុងស្ថានភាពអាសន្នដោយសារហេតុការណ៍នោះ៕