ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ទឹក​នៅ​បាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ ស្រក​យឺត​ជាង​ខេត្ត​ផ្សេងៗ​
13, Oct 2020 , 4:22 pm        
រូបភាព
ពលរដ្ឋ​មួយចំនួន​ដែល​រងគ្រោះ​ទឹកជំនន់កំពុងតែ​ទៅ​ទទួ​លអំណោយពីសប្បុរសជន រូបភាពពីរដ្ឋបាលខេត្ត​ពោធិ៍សាត់
ពលរដ្ឋ​មួយចំនួន​ដែល​រងគ្រោះ​ទឹកជំនន់កំពុងតែ​ទៅ​ទទួ​លអំណោយពីសប្បុរសជន រូបភាពពីរដ្ឋបាលខេត្ត​ពោធិ៍សាត់
ដោយ:
​ភ្នំពេញ​៖ ទឹកជំនន់​នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ ដែលជា​ខេត្ត​រង​ជំនន់​ទឹកភ្លៀង​ខ្លាំងជាងគេ​នោះ បានចាប់ផ្តើម​ស្រក​ទៅវិញ​ខ្លះៗ​ហើយ ប៉ុន្តែ​ក្នុង​សភាព​យឺត​។ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ទឹកជំនន់​នៅ​ខេត្ត​ទាំង​៣​នេះ អាច​នឹង​ស្រក​មកជា​ធម្មតា​វិញ​ក្នុង​ចន្លោះ​៣​ទៅ​៤​ថ្ងៃ​ទៀត បើកាលណា​គ្មាន​ភ្លៀង​ធ្លាក់​។

 
​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា បណ្តា​ខេត្ត​ដែល​រង​ជំនន់​ទឹកភ្លៀង គឺ​ចាប់ផ្តើម​ស្រក​ទៅវិញ​យ៉ាង​លឿន​។ ប៉ុន្តែ​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ ចាប់ផ្តើម​ស្រក​ទៅវិញ​ក្នុង​សភាព​យឺត​នៅឡើយ​។ 
 
​លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កន្លែង​ខ្លះ​មួយរយៈ​ពេល​ខ្លី ក្រោយពី​ភ្លៀង​ធ្លាក់​យ៉ាងគំហុក វា​ស្រក​អស់​ទៅ​។ កន្លែង​ខ្លះ​មាន​ផលប៉ះពាល់ ប៉ុន្តែ​វា​បានល្អ​ប្រសើរ​វិញ​ហើយ​។ ប៉ុន្តែ​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ​នៅតែ​ប្រឈម​នៅឡើយ​។ ពោធិ៍សាត់ គឺ​ប្រឈម​ខ្លាំង​ដោយសារតែ​ស្ទឹង​ពោធិ៍សាត់​។ ប៉ុន្តែ​វា​បាន​ស្រក​៣​ថ្ងៃ​មកហើយ វា​ស្រក​ពី​៥,៥៣​ម៉ែត្រ មកពី​៥,៤០​ម៉ែត្រ​។ ការ​ស្រ​កវា​យឺត​ដោយសារ​ទឹក​វា​បែក​ពេញ ពេល​វា​ភ្លៀង​ទឹក​ច្រើន​មែនទែន​។ ពេល​ទឹក​ក្នុង​ស្ទឹង​ស្រក វា​នឹង​ប្រមូល​ទឹក​ដែល​បែក​ចូលក្នុង​ស្ទឹង​វិញ​។ ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង និង​ស្ទឹង​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ក៏​ដូចគ្នា​នឹង​ខេត្តពោធិ៍សាត់​អ៊ីចឹង​ដែរ​»​។ 
 
​បើតាម​លោក ចាន់ យុ​ត្ថា ទឹកជំនន់​នៅ​ខេត្ត​ទាំង​៣​នេះ គឺ​ត្រូវការ​ពេល​យ៉ាងតិច​៣ ទៅ​៤​ថ្ងៃ​ខាងមុខ​ទៀត អាច​នឹង​ស្រក​ទៅវិញ​យ៉ាង​លឿន បើកាលណា​គ្មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ លោក​បាន​ប្រាប់​ដូច្នេះ​ថា​៖«​ស្ថានការណ៍​ទឹកជំនន់​ទាំង​ប៉ុន្មាន​ខេត្ត​នេះ គឺអាច​គ្រប់គ្រង​បាន​។ វា​អាច​នឹង​ស្រក​ប៉ុន្តែ​ទាមទារ​ពេលវេលា​បន្តិច​។ ពោធិ៍សាត់​អាច​នឹង​ត្រូវការ​ពេល​៣​ថ្ងៃ​ទៀត បាត់ដំបង​ត្រូវការ​ពេល​២​ថ្ងៃ​ទៀត ហើយ​បន្ទាយមានជ័យ​ត្រូវការ​ពី​៣​ទៅ​៤​ថ្ងៃ​ទៀត លុះត្រាតែ​គ្មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដូចនឹង​ពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ​»​។​
 
​តាម​ការ​ព្យាករ​ថ្មី​របស់​ក្រសួង​ធនធានទឹក កម្ពុជា​នឹង​ទទួលរង​ព្យុះ​ទី​១៧​ថ្មី​គឺ​សូ​ដែល (Soudel) ដែល​បណ្តាល​ឲ្យ​តំបន់​ទំនាប ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ឦសាន និង តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែតុលា​ខាងមុខនេះ​។ 
 
​ទាក់ទង​នឹង​បាតុភូត​នោះ លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ក្រសួង​ធនធានទឹក​មានការ​ព្រួយបារម្ភ​ថា​ព្យុះ​ថ្មី​ទី​១៧ អាច​នឹង​បង្ក​ឲ្យ​ខេត្ត​ដែល​កំពុង​រងទឹក​ជំនន់​នៅតែ​រង​ប៉ះពាល់​បន្តទៀត និង​មាន​បណ្តា​ខេត្ត​មួយចំនួនទៀត​នឹងរង​គ្រោះទឹកជំនន់​។ 
 
​ដើម្បី​ទប់ស្កាត់​នឹង​បាតុភូត​នោះ លោក ចាន់ យុ​ត្ថា​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​កំពុង​ប្រឹង​រំដោះ​ទឹក​ចាស់​ដែល​នៅសល់​ឲ្យ​បាន​ស្រក​ឲ្យ​បាន​ច្រើន​។ មុន​ទឹក​ថ្មី​មកដល់ គឺ​យើង​ប្រឹង​រំដោះ​ទឹក​ចាស់​ឲ្យ​អស់ កាន់តែ​លឿន កាន់តែ​ល្អ​។ អ៊ីចឹង​យើង​នៅសល់​ពេល​៤ ទៅ​៥​ថ្ងៃ​ទៀត យើង​នឹង​រំដោះ​វា​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ទឹកជំនន់​បាន​គ្រប់​ដណ្តប់​នៅ​រាជធានី​ខេត្ត ចំនួន​១៧  ក្នុងនោះ​មាន​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ស្ទឹងត្រែង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ កំពង់ចាម កណ្តាល និង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ 
 
​តាម​របាយការណ៍​ដដែល មាន​ពលរដ្ឋ​ចំនួន​ជាង​៣​ម៉ឺន​២​ពាន់​នាក់​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុងនោះ​ជម្លៀស​ពលរដ្ឋ​ជាង​២​ម៉ឺន​២​ពាន់​នាក់​។ ផ្ទះ​ជាង​៣​ពាន់​ខ្នង សាលារៀន​៦១​កន្លែង ផ្លូវថ្នល់​ជាង​១៧​ម៉ឺន​ម៉ែត្រ ដំណាំ​ស្រូវ​ជាង​ជិត​៨​ម៉ឺន​ហិច​តា ដំណាំ​រូ​ម​ផ្សំ​ជាង​៤​ម៉ឺន​ហិច​តា ត្រូវបាន​ជន់​លិច និង​មាន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ទឹកជំនន់​ចំនួន​១០​នាក់​៕ 

Tag:
 បាត់ដំបង​
  ពោធិ៍សាត់ បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com