ជាតិ
សេដ្ឋកិច្ច
​លោក ផល វាសនា ខាត​ជាង​៤០​លាន​រៀល ដោយសារ​ត្រី​ចិញ្ចឹម​រួច​ចេញពី​ស្រះ ពេល​ទឹកជំនន់​
13, Oct 2020 , 8:30 pm        
រូបភាព
 
​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តបាត់ដំបង បានធ្វើឱ្យ​ត្រី​គ្រប់​ប្រភេទ​ដែល​ចិញ្ចឹម​ក្នុង​ស្រះ​ទាំង​៩​កន្លែង​របស់​កសិករ ផល វាសនា រួច​ចេញពី​ស្រះ​ស្ទើរតែ​ទាំងអស់​។ ត្រី​ដែល​រួច​ចេញពី​ស្រះ​នេះ មាន​ប្រភេទ​ត្រី​ចិញ្ចឹម​យ​សាច់ និង​ប្រភេទ​ត្រី​ពូជ​សម្រាប់​លក់​ជូន​កសិករ​នៅតាម​បណ្តា​ខេត្ត​នានា​។  លោក វាសនា បាន​អះអាង​ដូច្នេះ ការ​រួច​បាត់​ត្រី​ទាំងនេះ​ដោយសារតែ​ជំនន់​ទឹកភ្លៀង​នោះ គឺ​ធ្វើឱ្យ​លោក​ខាតបង់​ប្រាក់​អស់ ជាង​៤០​លាន​រៀល​(​ប្រមាណ​១​ម៉ឺន​ដុល្លារ​)​។

​អ្នក​ចិញ្ចឹម​ត្រី​លក់ ក្នុង​ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​រូបនេះ បាន​រៀបរាប់​យ៉ាង​លំអិត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ត្រី​ដែល​លោក​ចិញ្ចឹម​នោះ មាន​ត្រី​ឆ្ពិន ត្រី​អណ្តែង ត្រី​ប្រា ត្រី​ទី​ឡាប់​យ៉ា​ក្រហម និង​ខ្មៅ​ជាដើម​។ ក្នុងនោះ មាន​ត្រី​ចិញ្ចឹម​យក​សាច់​ចំនួន​២​តោន និង​កូន​ត្រី​មាន​១០​ម៉ឺន​ក្បាល​, មេ​ពូជ​ត្រី​៥០០​គីឡូ និង​ត្រី​បម្រុង​សម្រាប់ធ្វើ​ពូជ មាន​២​ម៉ឺន​ក្បាល​។ បច្ចុប្បន្ន ត្រី​ទាំងអស់នេះ​បាន​រួច​ចេញពី​ស្រះ​អស់​ជាង​៧០​ភាគរយ ដោយសារ​ជំនន់​ទឹកភ្លៀង បាន​កើតឡើង​តាំងពី​ថ្ងៃទី​១០​តុលា ឆ្នាំ​២០២០​មក​។ 
 
​សម្រាប់​ពពួក​ត្រី​ចិញ្ចឹម​យក​សាច់ មានតម្លៃ​៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​,  មេ​ពូជ​ត្រី មានតម្លៃ​៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ឬ​លើសពីនេះ​តាម​ប្រភេទ​ពូជ​ត្រី​។ រីឯ​កូន​ត្រី​ជាង​១០​ម៉ឺន​ក្បាល ដែល​ហូរ​ចេញពី​ស្រះ​ទៅតាម​ទឹកជំនន់​ទឹក​នេះ មានតម្លៃ​១០​លាន​រៀល​។ នេះ​ជាការ​លើកឡើង​របស់លោក វាសនា បាន​បញ្ជាក់ថា​៖« ត្រី​ដែល​រួច​ចេញពី​ស្រះ​នេះ បើ​ខ្ញុំ​គិត​ជា​លុយ​ទៅ គឺ​អស់​ប្រហែល​៤០​លាន​រៀល​»​។ 
 
​បើតាម​លោក ផល វាសនា មុខរបរ​ចិញ្ចឹម​ត្រី​នេះ ថ្វី​ដ្បិត​ទទួលបាន​ចំណូល​ច្រើន​សមរម្យ​ក្នុង​មួយឆ្នាំៗ​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​ការចំណាយ​ច្រើន​ផងដែរ ទាំង​ការទិញ​មេ​ពូជ​ត្រី ទាំង​ការទិញ​ចំណី​ត្រី និង​ទាំង​ការជីក​ឬ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ជាដើម​។  ជាពិសេស​ការធ្វើ​វារីវប្បកម្ម​នេះ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ក្នុងពេល​ថែទាំ​ត្រី​។ លោក ផល វាសនា បន្ត​និយាយ​ដូច្នេះ​៖ «​ជាក់ស្តែង​ដូច​យើង​កំពុង​ជួប​បញ្ហា​សព្វថ្ងៃនេះ​។ គ្រាន់តែ​ភ្លៀង​ខ្លាំង​បង្កឱ្យមាន​ទឹកជំនន់​នេះ យើង​ខាត​អស់រលីង​ភ្លាមៗ​តែម្តង​។ រួច​ត្រី​ចិញ្ចឹម​យក​សាច់ មិនសូវ​ជា​បញ្ហា​ប៉ុន្មាន តែ​បាត់​ត្រី​ពូជ​ទើប​ជា​បញ្ហា​របស់ខ្ញុំ ព្រោះ​វា​ថ្លៃ​ហើយ គឺ​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការថែទាំ​ឱ្យ​ល្អ សម្រាប់​បង្កាត់​ពូជ​ថ្មី ឬ​សម្រាប់​លក់​បន្ត​»​។ 


 
​លោក សុខ រ៉ា​ដែន ប្រធាន​សមាគមន៍​វា​រី​វប្បករ​កម្ពុជា បាន​ប្រាក់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នា​ថ្ងៃទី​១៣​តុលា ឆ្នាំ​២០២០ ថា ជំនន់​ទឹកភ្លៀង​ដែល​បាន​កើតឡើង​នៅ​កម្ពុជា ក្នុង​រយៈពេល​ថ្ងៃ​ចុងក្រោយ​នេះ បានធ្វើឱ្យ​ការចិញ្ចឹម​ត្រី​របស់​វា​រី​វប្បករ​ចំនួន​១៦៣​នាក់ បាន​រងគ្រោះ​។ ក្នុងចំណោម​វា​រី​វប្ប​ករទាំង​ជាង​១៦០ មាន​វា​រី​វប្បករ​២​គ្រួសារ​ដែល​ខាតបង់​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​។ បើតាម ការបញ្ជាក់​របស់លោក សុខ រ៉ា​ដែន ក្រៅពី​លោក ផល វាសនា អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ខេត្តបាត់ដំបង​ហើយ​នោះ ក៏​នៅមាន​វា​រី​វប្បករ​រស់នៅ​ខេត្តពោធិ៍សាត់​មួយរូប​ទៀត បាន​ខាតបង់​ត្រី​តម្លៃ​រាប់​សិន​លាន​រៀល ទៅតាម​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ​។ 
 
​កម្ពុជា​បាន​ជួយ​ប្រទះ​នឹង​កូន​ព្យុះ​ជា​បន្តបន្ទាប់ ចាប់​តាំងទី​ថ្ងៃទី​៧​តុលា ឆ្នាំ​២០២០​មក ដែល​បណ្តាលឱ្យមាន​ភ្លៀង​ធា្ល​ក់​ខ្លាំង បង្ក​ទៅជា​ជំនន់​ទឹកភ្លៀង ដោយមាន​រាជធានី​ភ្នំពេញ​-​ខេត្ត​ចំនួន​រងគ្រោះ​។  ហើយ​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​ឥទ្ធិពល​កូន​ព្យុះ​ទាំងនេះ  ក្រៅពី​ខេត្តបាត់ដំបង និង​ពោធិ៍សាត់​ហើយ​នោះ ក៏​នៅមាន​ខេត្ត​ប៉ៃលិន ព្រះវិហារ  កំពង់ស្ពឺ​...​ផងដែរ​។ 
 
​សូមជម្រាបថា សម្រាប់​ខេត្តបាត់ដំបង​មាន​បណ្តា​ស្រុក​ជាច្រើន បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​។ ស្រុក​ទាំងនោះ​ក្រៅពី​ស្រុក​ថ្មគោល មានស្រុក​បាណន់ ស្រុក​រុក្ខ​គិរី ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក ស្រុក​ប​វេ​ល ស្រុក​កំរៀង ស្រុក​បាណន់ និង​ស្រុក​សង្កែ ជាដើម​។ 
 
​បច្ចុប្បន្ន កម្ពុជា​បាន​ជួបប្រទះ​នូវ​វិ​សម្ពាធ​ទាប (Tropical Depression) ឬ​បង្កើតជា​ព្យុះ​(Tropical Storm)​។ ព្យុះ​នេះ បានធ្វើឱ្យ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់ ចាប់ពី​ថ្ងៃទី​៧​តុលា​មក​។ 
 ដោយឡែក ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែតុលា​ខាងមុខនេះ កម្ពុជា​នឹង​ទទួលរង​ព្យុះ​ទី​១៧​ថ្មី​គឺ​សូ​ដែល (Soudel) ដែល​បណ្តាល​ឲ្យ​តំបន់​ទំនាប ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ឦសាន និង តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​។ ព្យុះ​នេះ​កើតចេញពី​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​ចូលមកក្នុង​ឈូង​សមុទ្រ​តុងកឹង ហើយ​ឆ្លងកាត់​កោះ​ហៃណាំ​រួច​ចូលមក​ប្រទេស​វៀតណាម នឹង​បន្ត​ចូលមក​កម្ពុជា តាម​ខេត្តរតនៈគិរី​៕ 


 

Tag:
 កសិកម្ម​
  ចិញ្ចឹម​ត្រី​
  ជំនន់​ភ្លៀង​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com