ជាតិ
សង្គមជាតិ
​អ្នក​នៅ​តំបន់​ទឹកជំនន់ ត្រូវ​ប្រយ័ត្ន​អ​សិរ​ពិស និង​មិនគួរ​ឲ្យ​ក្មេងៗ​ចុះ​លេង​ទឹក​នោះឡើយ​
14, Oct 2020 , 7:59 am        
រូបភាព
front កុមារីម្នាក់កំពុងជិះលើ​ក្តារបណ្តែត​ នៅតំបន់​ទឹកជំនន់ រូបភាពពីរដ្ឋបាលខេត្ត​ស្ទឹងត្រែង​
front កុមារីម្នាក់កំពុងជិះលើ​ក្តារបណ្តែត​ នៅតំបន់​ទឹកជំនន់ រូបភាពពីរដ្ឋបាលខេត្ត​ស្ទឹងត្រែង​
ដោយ:
​ភ្នំពេញ​៖ តំបន់​មួយចំនួន រង​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ខណៈ​មនុស្ស​ជិត​២០​នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក​។ ក្រសួងសុខាភិបាល ដាស់តឿន​ឪពុកម្តាយ ហាម​កូន​កុំ​ឲ្យ​ចុះ​លេង​ទឹក ក្នុង​តំបន់​ជំនន់ ដើម្បី​ចៀសវាង​មាន​វិប្បដិសារី ដោយសារ​បាត់បង់​កូន​ជាទី​ស្រឡាញ់​។ ជាពិសេស​ប្រយ័ត្ន​សត្វ​ពស់ និង​ពួក​សត្វ​អ​សិ​ពិស​ផ្សេងៗ​។​

 
​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ឪពុកម្តាយ​ដែលមាន​កូនតូចៗ​ត្រូវ​ចេះ​មើលថែ​កូន ដោយ​ឲ្យ​កូន​ទៅ​ទី​ខ្ពស់ និង​ពន្យល់​ណែនាំ​ពួកគេ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក​។ បើកាលណា​នាំ​កុមារ​ចេញពីផ្ទះ ឪពុកម្ដាយ​ទាំងអស់ ត្រូវ​ប្រើ​អាវ​ពោង ប្រើ​ប៊ីដុង​ជ័រ និង​ជិះទូក ដោយ​មិន​ឲ្យ​លើស​ចំនួន​កំណត់​ឡើយ​។​
 
​ក្រសួងសុខាភិបាល ក៏​ណែនាំ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​គ្រោះទឹកជំនន់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​សត្វ​ពស់ ឬ​សត្វ​អាសិរពិស នៅពេលដែល​ដើរ​ឆ្លងកាត់​ជិត​គំនរ​ឧស និង​គំនរ​ឈើ ហើយ​ពេលធ្វើ​ដំណើរ​នៅពេល​យប់​នៅ​កន្លែង​ដែលមាន​ស្មៅ​ស៊ុបទ្រប់ ត្រូវ​ស្លៀកខោ​ជើងវែង និង​ស្បែកជើង​កវែង​។ 


 
«​ក្នុងករណី​ដែលមាន​អ្នក​ដែល​ត្រូវ​ពស់​ចឹក ឬ​សត្វ​អាសិរពិស​ខាំ​ភ្លាមៗ​នោះ គឺ​ត្រូវបញ្ជូន​មកកាន់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​អាយុជីវិត​»​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។ 
 
​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​មិនត្រូវ​ទៅក្នុង​ផ្ទះ​ចាស់ ឬ​ផ្ទះ​ដែល​ទ្រុឌទ្រោម​ឡើយ ព្រោះ​អាច​នឹង​ស្រុតចុះ​សង្កត់​។ ជាពិសេស​មិនត្រូវ​ប៉ះពាល់​ដល់​គ្រឿងអគ្គិសនី​ដោយ​ដៃ​សើម​ឡើយ ព្រោះ​អាច​នឹង​ឆក់​។ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ត្រូវ​មើលថែ​មនុស្ស​ចាស់ និង​ជនពិការ ហើយ​ត្រូវ​សម្រាន្ត​នៅក្នុង​មុង​ជ្រលក់​ថ្នាំ ដើម្បី​ការពារ​ពី​ជំងឺគ្រុនចាញ់ និង​គ្រុនឈាម​។ 
 
​ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​នាំគ្នា​ពិសារ​ទឹក​ក្នុង​ធុង​ជ​ម្រោះ​ទឹក ឬ​ទឹក​ដាំ​ពុះ ដើម្បី​ជៀសវាង​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺរាគ ជំងឺ​ពុល ជំងឺ​រលោក​ផ្លូវដង្ហើម និង​ជំងឺ​ផ្សេងៗ​ទៀត ជាពិសេស​ងូតទឹក​ដោយ​ប្រើ​សាប៊ូ​ដុស​ខ្លួន ដើម្បី​ជៀស​ពី​ជំងឺ​សើ​ស្បែក ពងទឹក និង​កមរមាស់​ជាដើម​។ 
 
​ក្រោយ​ទឹកជំនន់​ត្រូវបាន​ស្រក ពលរដ្ឋ​ត្រូវ​នាំគ្នា​ត្រួត​ពិនិត្យមើល​ផ្ទះ​ក្រែងលោ​មានការ​បាក់ស្រុត និង​ត្រួត​ពិនិត្យមើល​សត្វ​អាសិរពិស រួមទាំង​ត្រូវ​សម្អាតផ្ទះ​សម្បែង និង​កម្ចាត់​កន្លែង​ដែលមាន​មូស​ខ្លា​។ នេះ​បើតាម​ក្រសួងសុខាភិបាល​៕ 
 
 
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com