សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន​តវ៉ា ក្រោយ​កប៉ាល់​ល្បាត​សមុទ្រ​របស់​ចិន​ចូលក្នុង​ដែនទឹក​របស់ខ្លួន​
13, Oct 2020 , 11:29 pm        
រូបភាព
រូបភាព៖ Kyodo
រូបភាព៖ Kyodo
​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​១៣ ខែតុលា បានដាក់​ការតវ៉ា​ទៅ​ទីក្រុង​ប៉េកាំង ដោយ​អះអាងថា កប៉ាល់​ល្បាត​ចិន បាន​ចូលមកក្នុង​ដែនទឹក​របស់ខ្លួន ក្បែរ​ប្រជុំ​កោះ​ជម្លោះ Senkaku នៅក្នុង​សមុទ្រ​ចិន​ខាងកើត​។ បើតាម​មន្ត្រីជាន់ខ្ពស់​ជប៉ុន កប៉ាល់​យាមល្បាត​ចិន បាន​ចូលមកក្នុង​ក្នុង​ដែនទឹក​នេះ រយៈពេល​៣​ថ្ងៃ​ហើយ​។



​កប៉ាល់​យាម​ត្បា​ត​ចិន ចំនួន​ពីរ​គ្រឿង ត្រូវបាន​មន្ត្រី​យាមល្បាត​សមុទ្រ​ជប៉ុន​អះអាងថា បាន​ចូលមកក្នុង​ដែនទឹក​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ដោយបាន​បើក​ទៅ​ក្បែរ​ទូក​នេសាទ​ជប៉ុន ដែលមាន​មនុស្ស​ចំនួន ៣​នាក់​។ មកទល់ពេលនេះ កប៉ាល់​ត្បា​តរបស់​ចិន មិនទាន់​ចាកចេញ​នៅឡើយ​ទេ បើទោះបីជា​មានការ​ព្រមាន​ឲ្យ​ចាកចេញ​ក៏ដោយ​។ តំបន់​ដែនទឹក​នេះ គឺ​នៅក្បែរ​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់នៅ Senkaku ដែល​ចិន​ហៅថា Diaoyu ។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Katsunobu Kato ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​អះអាងថា នេះ​គឺជា​សកម្មភាព​គួរ​ឲ្យ​ស្តាយ​ជាទីបំផុត ដែល​កប៉ាល់​យាមល្បាត​ចិន បាន​ចូលមកក្នុង​ដែនទឹក​របស់​ជប៉ុន​។ បញ្ហា​នេះ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី បាន​លើកឡើងថា ទីក្រុង​តូ​ក្យូ​តវ៉ា​យ៉ាង​ដាច់ខាត​ទៅ​ភាគី​ទីក្រុង​ប៉េកាំង និង​ទាមទារ​ឲ្យ​កប៉ាល់​ទាំងនោះ ដកចេញ​ពី​ដែនទឹក​របស់ខ្លួន​ជាបន្ទាន់​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP លោក Kato បាន​បន្ថែមថា ជប៉ុន​នឹង​ការពារ​ដែនទឹក​, ដែនដី និង​ដែនអាកាស​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត នៅក្នុង​ស្ថានភាព​បន្ទាន់​។ ចំណែក​ប្រជាជន​ជប៉ុន ដែលមាន​វត្តមាន​នៅលើ​ទូក​នេសាទ ក៏មាន​សុវត្ថិភាព​ផងដែរ​។ 
 
​កន្លងមក​ចិន ក៏​ធ្លាប់​ចូលមកក្នុង​ដែនទឹក ដែល​ជប៉ុន​អះអាងថា ជា​ដែនទឹក​របស់ខ្លួន​ដែរ ហើយ​ជប៉ុន​តែងតែ​ព្រមាន​ឲ្យ​កប៉ាល់​ទាំងនោះ ចាក​ចេញពី​ដែន​ទឹកជា​ញឹកញាប់​។ នៅ​ដើមខែ​តុលា​នេះ ជប៉ុន​ក៏បាន​ដាក់​ការតវ៉ា​ទៅ​ចិន​ផងដែរ ជុំវិញ​ការដាក់​ប្រជុំ​កោះ Senkaku នៅក្នុង​សារមន្ទីរ​ឌីជីថល (http://www.diaoyudao.org.cn/dydbwg.html)   របស់ខ្លួន​។  ជាការ​ឆ្លើយតប ចិន​ថា ជប៉ុន​គ្មាន​សិទ្ធិ​ដាក់​ការតវ៉ា​នេះ​ទេ ព្រោះ​ប្រជុំ​កោះ Senkaku នេះ គឺជា​ដែនទឹក​របស់​ចិន ដោយ​ផ្អែក​ទៅតាម​ហេតុផល​ប្រវត្តិសាស្ត្រ និង​ច្បាប់​។ 
 
​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់នៅ Senkaku ត្រូវបាន​ជប៉ុន​អះអាងថា ខ្លួន បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៨៩០​មក​ម្លេះ និង​ថា ចិន​ទើបតែ​បានចាប់ផ្តើម​ទាមទារ​ប្រជុំ​កោះ​នេះ នៅក្នុង​ឆ្នាំ​១៩៧០ ប៉ុណ្ណោះ ដោយសារតែ​ធនធានធម្មជាតិ​ត្រូវបាន​គេ​រុក​រកឃើញ​៕ 

Tag:
 ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com