COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុមហ៊ុន​ផលិត​ថ្នាំ Pfizer បញ្ចូល​កុមារ​ក្នុងការ​សាកល្បង​វ៉ាក់សាំង COVID-19
14, Oct 2020 , 8:29 am        
រូបភាព
​ដោយ៖ កង ម៉េង​ហុង

ក្រុមហ៊ុន​ផលិត​ថ្នាំ Pfizer កំពុង​ពង្រីក​សមាសភាព​អ្នកចូលរួម​ក្នុងការ​សាកល្បង​វ៉ាក់សាំង COVID-1 19  នៅដំណាក់កាល​ចុងក្រោយ ដោយ​រួមបញ្ចូល​កុមារ​ដែល​អាយុ ១២ ឆ្នាំ​។ ការបញ្ចូល​កុមារ​ក្នុងការ​សាកល្បង​នេះ មាន​គោលបំណង​ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នៅតាម​ក្រុម​អាយុ​កាន់តែច្រើន​។​



​វ៉ាក់សាំង Pfizer-BioNTech ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer  ជា​បេក្ខជន​ឈានមុខ​គេ​មួយ​ក្នុងចំណោម​បេក្ខភាព​វ៉ាក់សាំង​ទទួល​ភ្លើង​បៃតង​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។ នៅ​ថ្ងៃទី ១២ ខែតុលា ក្រុមហ៊ុន Pfizer បាន​និយាយថា ខ្លួន​ទទួល​ការអនុញ្ញាត​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក​ដើម្បី​ដាក់បញ្ចូល​ក្មេង​ជំទង់​ចន្លោះ​ពី​១២​ទៅ​១៥​ឆ្នាំ​នៅក្នុង​ការសិក្សា​វ៉ាក់សាំង COVID-19 នៅ​ទូទាំង​ពិភពលោក​។​
 
​ពីដំបូង Pfizer ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក គ្រោង​យក​អ្នកចូលរួម​សម្រាប់​ការសាកល្បង​វ៉ាក់សាំង​ត្រឹម​៣០,០០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​ខែកញ្ញា បាន​ពង្រីក​ចំនួន​ដល់​ទៅ​៤៤,០០០​នាក់​។ ការបង្កើន​អ្នកចូលរួម​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ភាព​ចម្រុះ​នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​សាកល្បង​។ ក្មេង​ជំទង់​អាយុ ១៦ ឆ្នាំ​ក៏ដូចជា​អ្នកជំងឺ​ដែលមាន​ការឆ្លង​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ជំងឺ​រលាក​ថ្លើម​ប្រភេទ​C និង​អេដស៍​។​
 
Pfizer បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ទោះបីជា​ដំណើរការ​ក្នុង​ការផលិត​វ៉ាក់សាំង​មាន​ល្បឿន​លឿន​ក៏ដោយ ប៉ុន្តែ​ការរក្សា​ស្តង់ដារ​ដែលមាន​គុណភាព​ខ្ពស់​និង​សុវត្ថិភាព មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការអភិវឌ្ឍ​។ ក្រុមហ៊ុន​នេះ ចាត់ទុក​សុវត្ថិភាព​របស់​អ្នកចូលរួម ជា​រឿង​សំខាន់បំផុត ដូចគ្នា​នឹង​ការសាកល្បង​ទាំងអស់​ដែល​កំពុង​អនុវត្ត​តាមច្បាប់ និង​បទបញ្ជា​ទាំងឡាយ​ដើម្បី​ធានា​សុវត្ថិភាព​អ្នកចូលរួម​។​
 
​ប្រសិនបើ​ទទួលបាន​ការអនុញ្ញាតិ​ពី​ច្បាប់ ក្រុមហ៊ុន​រំពឹងថា នឹង​ផលិត​វ៉ាក់សាំង​សម្រាប់​ផ្គត់ផ្គង់​ជា​សកល​រហូតដល់ ១០០ លាន​ដូ​ស​នៅ​ចុងឆ្នាំ ២០២០ និង​មាន​សក្តានុពល​សម្រេចបាន​ចំនួន ១,៣ ពាន់​លាន​ដូ​ស​នៅ​ចុងឆ្នាំ ២០២១ ។ 
 
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា វ៉ាក់សាំង​ប្រឆាំង COVID-19 អាច​នឹង​ត្រៀម​រួចរាល់​នៅ​ចុងឆ្នាំ​នេះ​។ មកទល់​ពេល​ន​ជ វ៉ាក់សាំង​ដែល​ស្ថិតក្រោម​ការពិសោធ​ចំនួន​ប្រាំបួន កំពុងស្ថិត​នៅក្នុង​បញ្ជី​របស់​កម្មវិធី COVAX របស់ WHO ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចែកចាយ​ចំនួន ២ ពាន់​លាន​ដូ​ស​នៅ​ចុងឆ្នាំ ២០២១ ។​
 
​គិត​មកដល់ពេលនេះ ករណី​ឆ្លង​សរុប​បាន​កើនឡើង​រហូតដល់ ៣៨,០៤០,១៤៨ ករណី ខណៈពេល​មាន ២៨,៥៩៨,១៥១ ករណី​បានជា​សះស្បើយ ហើយ​មាន ១,០៨៥,៣៧៣ បាន​បាន​ស្លាប់​៕
 
 
 
 
 
 
 
 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com