ជាតិ
សង្គមជាតិ
ដោយមិនចាំបាច់ប្រមុខរដ្ឋាភិបាលលូកដៃ តើបញ្ហាស៊ីនទ្រី អាចដោះបានដែរឬទេ?
13, Oct 2020 , 6:30 pm        
រូបភាព
ទិដ្ឋភាពសំរាមអណ្តែងលើផ្ទៃទឹក ក្នុងរាជធានីភ្នំពេញ (រូបពីគណនីហ្វេសប៊ុក Sophal Chan)។
ទិដ្ឋភាពសំរាមអណ្តែងលើផ្ទៃទឹក ក្នុងរាជធានីភ្នំពេញ (រូបពីគណនីហ្វេសប៊ុក Sophal Chan)។
ប្រធានក្រុមកម្មករនិងមេសហជីព អះអាងថា ឲ្យតែប្រាប់មួយម៉ាត់ពីពេលវេលាជាក់លាក់ នៃការបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សំរាកប្រចាំឆ្នាំ កម្មករ នឹងចេញប្រមូលសំរាមវិញភ្លាម។ តែមកដល់ពេលនេះ កម្មករ មិនទាន់បានឮចម្លើយនេះទេ។



អវត្តមានកម្មករប្រមូលសំរាម បានធ្វើឲ្យគំនរសំរាមតាមកន្លែងនានាក្នុងរាជធានីភ្នំពេញ ចេះតែកើនឡើងបន្តិចម្តងៗ។ អ្វីដែលធ្វើឲ្យទិដ្ឋភាពក្នុងរាជធានីភ្នំពេញ កាន់តែពិបាកមើលនោះ គឺសំរាម ត្រូវគរចោល ស្របពេលជំនន់ទឹកភ្លៀង កើតឡើង ដោយធ្វើឲ្យសំរាម អណ្តែតយ៉ាងដេរដាស។

អ្នកខ្លះ បានថតរូបសំរាមអណ្តែតលើទឹក យកទៅបង្ហោះលើបណ្តាញសង្គម អមជាមួយនឹងសំណេរបែបចំអកនិងបែបរិះគន់លើរដ្ឋបាលរាជធានីភ្នំពេញ ហើយអ្នកខ្លះទៀត និយាយរាលដាលដល់រដ្ឋាភិបាលថែមទៀត។ អ្នកខ្លះ រអ៊ូរទាំពីរឿងទឹកលិចផង ពីរឿងសំរាម គ្មានអ្នកប្រមូលផង។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល និង រដ្ឋបាលរាជធានីភ្នំពេញ ក៏មានអ្នកការពារដែរ ហើយអ្នកការពារទាំងនោះ បានបញ្ចេញមតិជំទាស់នឹងអ្នករិះគន់ អ្នកសើចចំអក អ្នករអ៊ូរទាំ វិញថា ពួកគេ បានតែរិះគន់ តែមិនបានជួយរកដំណោះស្រាយ។ អាចនិយាយបានថា បញ្ហាសំរាមនៅរាជធានីភ្នំពេញនិងទឹកជំនន់ កំពុងក្លាយជាប្រធានបទនៃការជជែកគ្នានាពេលបច្ចុប្បន្ន។

មូលហេតុចម្បង ដែលកម្មករជាអ្នកបើកឡានប្រមូលសំរាមនិងកម្មករជាអ្នកប្រមូលសំរាម មិនទាន់យល់ព្រមនាំគ្នាចូលធ្វើការវិញ គឺដោយសារតែដំណោះស្រាយពីរដ្ឋបាលរាជធានីភ្នំពេញនិងពីក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី មិនទាន់ធ្វើឲ្យកម្មករអាចទទួលយកបាន។ កម្មករ ទាមទារ៥ចំណុចពីក្រុមហ៊ុន ស៊ីន ទ្រី គឺប្រាក់អតីតភាពការងារ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន និង ប្រាក់ខែចុងក្រោយ។

លោក ហួន បូនី ប្រធានក្រុមរបស់កម្មករប្រមូលសំរាម លើកឡើងថា ទោះមិនបានទាំង៥ចំណុច យ៉ាងហោចណាស់បានត្រឹម២ចំណុចក៏បានដែរ គឺ ប្រាក់អតីតភាពការងារ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ។ លោក អះអាងថា បើទាមទារបាន២ចំណុចនេះ កម្មករ នឹងចូលធ្វើការវិញ។

លោក ហួត បូនី បន្តថា ក្នុងកិច្ចប្រជុំកន្លងមក លោក ឃួង ស្រេង អភិបាលរាជភ្នំពេញ ធានាពីការរក្សាទុកឲ្យ ដោយមិនឲ្យបាត់បង់ឡើយចំពោះប្រាក់អតីតភាពការងារ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ។ លោក បន្ថែមថា ដ្បិតលោកអភិបាលរាជធានីភ្នំពេញ ធានាដូច្នេះមែន ក៏កម្មករ មិនទាន់ស្ងប់ចិត្តដែរ។

បើស្តាប់លោក ហួត បូនី អ្វីដែលកម្មករ ចង់បានបំផុតនោះ គឺចម្លើយដ៏ជាក់លាក់ថា ថ្ងៃណា ខែណា ឆ្នាំណា ទើបក្រុមហ៊ុន ស៊ីន ទ្រី បើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដល់ពួកគេ? បើកនៅខែតុលា ឆ្នាំ២០២០? នៅខែធ្នូ ឆ្នាំ២០២០? ឬនៅខែមករា ឆ្នាំ២០២១? លោក ប្រាប់ថា លោក បានឃើញកម្មករជុំគ្នាហើយជជែកតែពីរឿងនេះទេ។ លោក ថ្លែងថា លុះត្រាមានចម្លើយនេះ ទើបអាចធ្វើឲ្យកម្មករ អស់ចិត្ត ហើយពួកគេ នឹងយល់ព្រមចូលធ្វើការវិញ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ហួត បូនី បញ្ជាក់ថា៖«ឲ្យតែប្រាប់ពួកគាត់តែប៉ុណ្ណឹង ពួកគាត់ចេញធ្វើការគ្រប់គ្នាអស់ហើយ»។

លោក ឃួង ស្រេង ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ បានបកស្រាយថា លោក មិនមែនជាអ្នកដោះស្រាយទេ គឺក្រុមហ៊ុន ស៊ីន ទ្រី ទើបជាអ្នកដោះស្រាយ។ លោក បំភ្លឺថា លោក គ្រាន់តែជាអ្នកធានាតាមផ្លូវច្បាប់ ក្នុងការដោះស្រាយរវាងក្រុមហ៊ុននិងកម្មករ ហើយបើលើសពីច្បាប់ លោក មិនអាចធានាជូនឡើយ។

លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖«ខ្ញុំ អត់មានអីលើសពីនេះទេ មានតែកិច្ចការខិតខំប្រឹងប្រែងប្រមូលសំរាម ខ្ញុំមានតែមួយ [ហ្នឹង] ទេ។ និយាយជាមួយពួកគាត់ ខ្ញុំ មិនដឹងនិយាយយ៉ាងម៉េចទៀត។ […] ពួកគាត់ អត់ចូល [ធ្វើការវិញ] ស្រេចតែពួកគាត់ទេ»។

លោក ហូត បូនី បរិយាយទៀតថា កម្មករ បារម្ភខ្លាំង ខ្លាចក្នុងពេលខាងមុខនេះ ក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃមិនជាប់ ហើយថៅកែ ចាកចេញបាត់ ដូច្នេះ ពួកគេ មិនអាចបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំបាន។ លោក ផ្តល់ព័ត៌មានថា មានកម្មករខ្លះ ធ្វើការនៅក្រុមហ៊ុន ស៊ីន ទ្រី រយៈពេល១០ទៅ១៥ឆ្នាំឯណោះ ហើយគ្រួសារខ្លះ មានសមាជិក៤នាក់ទៅ៥នាក់ គឺធ្វើការនៅក្រុមហ៊ុន ស៊ីន ទ្រី ដល់ទៅ៣នាក់។

បើតាមលោក ហួត បូនី ដដែល កម្មករ យល់ថា ពួកគេ ត្រូវសុំបើកប្រាក់ទាំង២ប្រភេទនេះឲ្យហើយ ទាន់ក្រុមហ៊ុននៅដំណើរការ ហើយថៅកែ មិនទាន់ចាកចេញ។ លោក ហួត បូនី ដឹងព័ត៌មានថា នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២០នេះ នឹងមានការចូលរួមប្រកួតប្រជែងដេញថ្លៃ ដើម្បីទទួលបានសិទ្ធិធ្វើជាក្រុមហ៊ុនប្រមូលសំរាម។ មានក្រុមហ៊ុនថ្មីផ្សេងទៀត នឹងចូលរួមប្រកួតប្រជែងដេញថ្លៃជាមួយក្រុមហ៊ុន ស៊ីន ទ្រី។

រឿងមួយទៀត ដែលធ្វើឲ្យកម្មករ មិនស្ងប់ចិត្តដែរនោះ គឺអគ្គនាយកនៃក្រុមហ៊ុន ស៊ីន ទ្រី មិនបានចេញមកបញ្ជាក់ឲ្យច្បាស់ថា នឹងបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដល់ពួកគេ នៅពេលណា។ នេះជាសម្តីរបស់លោក ហួត បូនី ដដែល។

លោក ទួន ស៊ីផេង ប្រធានប្រតិបត្តិនៃក្រុមហ៊ុន ស៊ីន ទ្រី សុំមិនធ្វើអត្ថាធិប្បាយ ដោយលើកហេតុផលថា លោក មិនមានតួនាទីពាក់ព័ន្ធនឹងរឿងនេះទេ។

លោក កៅ សាវ៉ាត មេសហជីពរបស់កម្មករស៊ីនទ្រី ហើយក៏ជាអ្នកបើកឡានប្រមូលសំរាមដែរនោះ និយាយស្រដៀងនឹងលោក ហួត បូនី ដែរ ថា ដោយសារតែបារម្ភខ្លាចក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃមិនជាប់ ហើយមិនអាចបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំបាន ទើបកម្មករ ធ្វើកូដកម្មសុំបើកប្រាក់ទាំង២ប្រភេទនេះ ទាំងដែលក្រុមហ៊ុន កំពុងដំណើរការនៅឡើយ។ បើតាមមេសហជីពរូបនេះ ក្រុមហ៊ុន ស៊ី ទ្រី ធ្លាប់ឆ្លើយថា ការទាមទារសុំបើកប្រាក់ទាំង២ប្រភេទនេះ ខណៈក្រុមហ៊ុន នៅដំណើរការ គឺមិនស្របតាមច្បាប់ការងារនោះទេ។

លោក កៅ សាវ៉ាត បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា៖«ឥឡូវខ្ញុំ និយាយប្រាប់បង ឲ្យខ្លីងាយស្តាប់ គំនិតពួកគាត់ គឺពួកគាត់ ចង់ឲ្យក្រុមហ៊ុនទូទាត់ [ប្រាក់ទាំង២ប្រភេទហ្នឹង] បញ្ចប់ឥឡូវហ្នឹង គឺតែប៉ុណ្ណឹងទេ អត់មានអីគិតវែងឆ្ងាយទេ។ បើដោះស្រាយ ពួកគាត់ចេញធ្វើការបាត់ហើយ មានអីពិបាក»។

ចាប់តាំងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ កម្មករស៊ីនទ្រី បាននាំគ្នាធ្វើកូដកម្មមិនចេញប្រមូលសំរាម។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ចេញបញ្ជាមួយ ដោយឲ្យកម្មករស៊ីនទ្រី ផ្អាកជាបន្ទាន់នូវការធ្វើកូដកម្ម ហើយត្រូវត្រឡប់ចូលធ្វើការវិញ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ តទៅ។ តែកម្មករ មិនបានអនុវត្តតាមបញ្ជានេះឡើយ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មករផ្នែកបោសសម្អាតផ្លូវ បានចូលធ្វើការវិញហើយ នៅតែកម្មករជាអ្នកបើកឡានដឹកសំរាមនិងកម្មករជាអ្នកប្រមូលសំរាម ដែលមិនទាន់ចូលធ្វើការ។ សេចក្តីជូនដំណឹង សរសេរថា ខណៈអវត្តមានកម្មករស៊ីនទ្រី រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងសរុបនិងមធ្យោបាយសរុប ដើម្បីប្រមូលសំរាម ឲ្យអស់លទ្ធភាព។

តាមរយៈសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវជាថ្មី ឲ្យកម្មករស៊ីនទ្រី ចូលធ្វើការវិញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធានាជាថ្មីដែរថា មិនឲ្យកម្មករ បាត់បង់ការងារឡើយ ទោះក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃជាប់នៅបន្តដំណើរការដដែល ឬក្រុមហ៊ុន ស៊ី ទ្រី ដេញថ្លៃមិនជាប់ ហើយក្រុមហ៊ុនថ្មី មកជំនួសក្តី។

ទោះជារដ្ឋបាលរាជធានីភ្នំពេញ មានកម្លាំងដើម្បីប្រមូលសំរាមក៏ពិតមែន តែការដែលកម្មករស៊ីនទ្រី បន្តធ្វើកូដកម្ម គឺធ្វើឲ្យសំរាមតាមកន្លែងនានា នៅតែគរចោល ឬអាចនិយាយថា ដ្បិតអាជ្ញាធរ ចេញប្រមូលសំរាមខ្លួនឯង តែនៅតែមិនអស់និងមិនស្អាតគ្រប់កន្លែង ដូចការប្រមូលរបស់កម្មករស៊ីនទ្រីជាង២ពាន់នាក់នោះទេ។ ម្នាក់ៗ កំពុងទន្ទឹងរង់ចាំវត្តមានរបស់កម្មករស៊ីនទ្រី។

បើសម្តេចនាយករដ្ឋមន្រ្តី មិនលូកដៃ មិននិយាយ តើបញ្ហាកម្មករប្រមូលសំរាម អាចដោះស្រាយបានដែរទេ? ឬទាល់តែសម្តេចជួយធ្វើអន្តរាគមន៍?

Tag:
 ស៊ីន ទ្រី
  បញ្ហាសំរាម
  កម្មករធ្វើកូដកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com