ជាតិ
ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​ជួប​គ្រោះរាំងស្ងួត​រាល់​ឆ្នាំ ក៏​ជន់​លិច​ផងដែរ​
14, Oct 2020 , 7:29 pm        
រូបភាព
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កំពុង​កាន់​ដើម​ស្រូវ ​(រូប​ពី​ហ្វេសប៊ុករដ្ឋបាល​ខេត្តបាត់​ដំបង)
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កំពុង​កាន់​ដើម​ស្រូវ ​(រូប​ពី​ហ្វេសប៊ុករដ្ឋបាល​ខេត្តបាត់​ដំបង)
​បាត់ដំបង​៖ ស្រុក​គាស់ក្រឡ​ក្នុង​ខេត្តបាត់ដំបង ដែល​តែង​ជួប​គ្រោះរាំងស្ងួត​ស្ទើរ​រាល់​ឆ្នាំ និង​មាន​សណ្ឋាន​ដី​ខ្ពស់​មិន​ងាយ​មាន​ទឹកជំនន់​ហូរ​ដល់ បាន​ជួប​គ្រោះទឹកជំនន់​ដោយសារ​ទឹកភ្លៀង ដោយ​ទឹកបាន​ហូរ​ចូល​ស្ទើរ​គ្រប់​ឃុំ​ទាំងអស់​។ ទោះជា​យ៉ាងណា គិត​ត្រឹម​ថ្ងៃទី​១៤​ខែ តុលា​នេះ ទឹកជំនន់​បាន​ស្រក​ចុះ​ជា​លំដាប់​ហើយ​។ នេះ​បើតាម​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​



​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ប្រាប់​សារព័ត៌មាន​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៤​នេះ​ថា ស្ថានភាព​ទឹក​ទំនន់​នៅក្នុង​ស្រុក​គាស់ក្រឡ បាន​ធូរស្រាល​ជា​លំដាប់​ហើយ​។ ទោះជា​យ៉ាងណា ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ ប្រជាជន​ប្រមាណ​ជា​៧០​គ្រួសារ ដែល​រស់នៅក្នុង​ឃុំ​ផ្សេងគ្នា ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុ​វត្ថ​ភាព ដែល​ស្ថិតក្នុង​វត្ត​ហប់​។​
 
​លោក ងួន រតនៈ បញ្ជាក់បន្ថែម​៖«​ឥឡូវនេះ​កាន់តែ​ធូរ​ស្រាយ​ហើយ​។ មិនមាន​អ្នករងគ្រោះ​ដល់​អាយុជីវិត​ទេ ក៏ប៉ុន្តែ​ឃុំ​ខ្លះ​យើង​ត្រូវ​ជម្លៀស​គាត់​មក​ទីទួល​សុវត្ថិភាព ដោយ​យក​គាត់​ទៅ​ដាក់​ក្នុង​វត្ត​ហប់ ស្ថិតក្នុង​ឃុំ​ហប់​។ យើង​យក​គាត់​ពី​គ្រប់​ស្រុក ប្រហែលជា​៧០​គ្រួសារ​។ យើង​យកមក​តាំងពី​ម្សិលមិញ​»​។ 
 
​ទឹកជំនន់​ដែល​ហូរ​ចូល​ស្រុក​គាស់ក្រឡ បាន​ហូរ​ចេញពី​ស្រុក​សង្កែ និង​ស្រុក​បាណន់ ដែលជា​ស្រុក​កំពុង​ជួប​បញ្ហា​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​៕
 
 
 

Tag:
 បាត់ដំបង​
  ទឹកជំនន់​
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com