ជាតិ
សង្គមជាតិ
អាជ្ញាធរ អះអាងថា តំបន់​ប្រាសាទ មិនមាន​ហានិភ័យ​ដោយសារ​ទឹកជំនន់​ទេ
14, Oct 2020 , 9:29 pm        
រូបភាព
រូបពីអាជ្ញាធរជាតិអប្សរា
រូបពីអាជ្ញាធរជាតិអប្សរា
​សៀមរាប​៖ ស្រប​ពេលដែល​តំបន់​ជុំវិញ​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តសៀមរាប​ឯណេះ​វិញ អាជ្ញាធរ​កំពុង​តាមដាន​កម្រិត​បរិមាណ​ទឹក​ដោយ​ប្រុងប្រយ័ត្ន​។ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ទឹក​នៅ​តំបន់​អង្គរ ស្ថិតក្នុង​កម្រិត​គ្រប់គ្រង​បាន និង​មិនមាន​ហានិភ័យ​ជន់​លិច​តំបន់​ប្រាសាទ​ទេ​។​

 
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានឱ្យដឹងថា អាជ្ញាធរ​កំពុង​បង្ហៀរទឹក ទម្លាក់​ទៅ​ផ្នែក​ខាងក្រោម​នៃ​បឹង​ទន្លេសាប ដើម្បី​បញ្ជៀ​ស​ជំនន់​ទឹកភ្លៀង​។ លោក​បន្តថា អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅតាម​ទ្វារ​ទឹក​នានា និង​ឱ្យ​ក្រុមការងារ​ចុះ​បារ​កាកសំណល់​ដែល​ធ្វើឱ្យ​ស្ទះ​មាត់ទឹក​។ លោក​ពន្យល់​បន្ថែមថា​៖« យើង​អត់​បារម្ភ​ការ​ជន់​លិច​ទេ​។ អ្វីដែល​យើង​ធ្វើ​ពេលនេះ គឺ​បាន​បញ្ចេញ​ទឹក​មួយចំនួន​ឲ្យ​ទៅ​ប៉ែក​ខាងក្រោម​ហូរ​ចូល​ទន្លេសាប​ខ្លះ ដើម្បី​ត្រៀម​ទទួល​ទឹក​ថ្មី ដែល​អាចមាន​ភ្លៀង​បន្តទៀត​នាពេលខាងមុខ​»​។​
 
​ទាក់ទង​នឹង​បញ្ហា​ទឹក​នេះដែរ រដ្ឋបាល​ខេត្តសៀមរាប​នា​រសៀល​ថ្ងៃទី​១៣ តុលា បាន​ណែនាំ​មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ត្រៀម​បង្ការ​គ្រោះ​ជំនន់​ទឹកភ្លៀង ពិសេស​គឺ​តំបន់​ស្ទឹង​ស្រែង នៃ​ស្រុក​ក្រឡាញ់ និង​ស្ទឹង​ជីក្រែង នៃ​ស្រុក​ជីក្រែង ដែល​កម្ពស់​ទឹក​ស្ថិត​ជិត​កម្រិត​ប្រកាសអាសន្ន​។ ការប្រកាស​នេះ គឺ​ស្រប​ពេលដែល​កម្ពុជា​នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ «​ណា​ង​ការ​» និង​ទី​១៧ ឈ្មោះ «​សូ​ដែល​» និង​អាចឱ្យ​កម្ពស់​ទឹក​កើនឡើង​តាម​បណ្ដា​ស្ទឹង​នានា​ជុំវិញ​ខេត្ត​៕
 
 
 
 

Tag:
 តំបន់​អង្គរ​
  ជំនន់​ទឹកភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com