ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ​បញ្ជា​ឲ្យ​មន្ត្រី​ជួសជុល​ផ្លូវ និង​ស្ពាន​ខូច ដោយសារ​ទឹកជំនន់​ឲ្យ​ទាន់ពេល​
15, Oct 2020 , 7:59 am        
រូបភាព
ពលរដ្ឋ កំពុង​ធ្វើដំណើរ​តាមផ្លូវដែល​មានទឹក​ហូរ​កាត់ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ​
ពលរដ្ឋ កំពុង​ធ្វើដំណើរ​តាមផ្លូវដែល​មានទឹក​ហូរ​កាត់ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ​
ដោយ:
​ភ្នំពេញ​៖ ទឹកជំនន់​បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់​ជាច្រើន​ខ្សែ តាម​បណ្តា​ខេត្ត​មួយចំនួន ត្រូវ​ជន់​លិច និង​ខូចខាត​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឲ្យ​មន្ទីរ​តាម​បណ្តា​ខេត្ត ចាត់ចែង​ក្រុម​ជំនាញ​ចុះ​ជួសជុល​ផ្លូវ​ដាច់ និង​ខូចខាត​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានា​សុវត្ថិភាព​អ្នកដំណើរ​។​

 
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឲ្យ​ក្រុម​សមាជិក​ខ្លួន នៅតាម​បណ្តា​ខេត្ត ត្រូវ​រួសរាន់​ជួសជុល និង​ត​ភ្ជាប់​ផ្លូវ និង​ស្ពាន​ជាបន្ទាន់ ដោយ​លើក​សំណើសុំ​ការចំណាយ​មក​ក្រសួង​ឲ្យ​បាន​ឆាប់​បំផុត ក្នុងករណី​ដែលមាន​ផ្លូវ និង​ស្ពាន​ដាច់​ដោយសារ​ទឹកជំនន់​។ 
 
​ក្នុងករណី​ផ្លូវ​ដែល​កំពុងតែ​ដាច់ និង​ជន់​លិច​ខ្លាំង ក្រសួង​ណែនាំ​ឲ្យ​ចាត់​កម្លាំង​ដំឡើង​ស្លាក​សញ្ញា​ថា​ជា​តំបន់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន រួមទាំង​លើក​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​សញ្ញា​សុវត្ថិភាព ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​អ្នកធ្វើដំណើរ​។ 
 
​ក្រសួង​សាធារណការ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការធ្វើដំណើរ​របស់​រថ​យន្ត​ធុន​ធំៗ ឆ្លងកាត់​ទីតាំង ដែល​កំពុងតែ​រងគ្រោះ​ទឹកជំនន់​ជា​បណ្តោះអាសន្ន​។ 
 
​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៥ ដែលជា​ផ្លូវ​ធ្វើដំណើរ​ទៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ពោធិ៍សាត់​នោះ​ត្រូវបាន​ជន់​លិច និង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ និង​បណ្តាល​ឲ្យ​ខូច​ផ្លូវ​។ 
 
​បើតាម​របាយការណ៍រ​បស់​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ទឹកជំនន់​លិច​ផ្លូវ​ប្រវែង​ជាង​១៧​ម៉ឺន​ម៉ែត្រ និង​មាន​ស្ពាន​លិច ចំនួន​១៩​កន្លែង ក្នុង​ខេត្ត​ចំនួន​១៧ ៕ 

Tag:
 ផ្លូវ​
 ​ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com