ជាតិ
សង្គមជាតិ
ក្រសួងសាធារណការបញ្ជាឲ្យមន្ត្រីជួសជុលផ្លូវ និងស្ពានខូច ដោយសារទឹកជំនន់ឲ្យទាន់ពេល ពលរដ្ឋ កំពុងធ្វើដំណើរតាមផ្លូវដែលមានទឹកហូរកាត់ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
× ភ្នំពេញ៖ ទឹកជំនន់បានបណ្តាលឲ្យផ្លូវថ្នល់ជាច្រើនខ្សែ តាមបណ្តាខេត្តមួយចំនួន ត្រូវជន់លិច និងខូចខាត។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យមន្ទីរតាមបណ្តាខេត្ត ចាត់ចែងក្រុមជំនាញចុះជួសជុលផ្លូវដាច់ និងខូចខាតឲ្យបានឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមសមាជិកខ្លួន នៅតាមបណ្តាខេត្ត ត្រូវរួសរាន់ជួសជុល និងតភ្ជាប់ផ្លូវ និងស្ពានជាបន្ទាន់ ដោយលើកសំណើសុំការចំណាយមកក្រសួងឲ្យបានឆាប់បំផុត ក្នុងករណីដែលមានផ្លូវ និងស្ពានដាច់ដោយសារទឹកជំនន់។
ក្នុងករណីផ្លូវដែលកំពុងតែដាច់ និងជន់លិចខ្លាំង ក្រសួងណែនាំឲ្យចាត់កម្លាំងដំឡើងស្លាកសញ្ញាថាជាតំបន់ដែលត្រូវប្រុងប្រយ័ត្ន រួមទាំងលើកស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយដល់អ្នកធ្វើដំណើរ។
ក្រសួងសាធារណការ បានណែនាំឲ្យអាជ្ញាធរត្រូវចូលរួមទប់ស្កាត់ការធ្វើដំណើររបស់រថយន្តធុនធំៗ ឆ្លងកាត់ទីតាំង ដែលកំពុងតែរងគ្រោះទឹកជំនន់ជាបណ្តោះអាសន្ន។
បច្ចុប្បន្នផ្លូវជាតិលេខ៥ ដែលជាផ្លូវធ្វើដំណើរទៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់នោះត្រូវបានជន់លិច និងមិនអនុញ្ញាតឲ្យរថយន្តធុនធំធ្វើដំណើរឆ្លងកាត់ឡើយ ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងបណ្តាលឲ្យខូចផ្លូវ។
បើតាមរបាយការណ៍របស់គណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី១២ ខែតុលា ទឹកជំនន់លិចផ្លូវប្រវែងជាង១៧ម៉ឺនម៉ែត្រ និងមានស្ពានលិច ចំនួន១៩កន្លែង ក្នុងខេត្តចំនួន១៧ ៕
© រក្សាសិទ្ធិដោយ thmeythmey.com