​ក្រោយ​អាក់ខាន​ដោយសារ​កូ​វីដ​-១៩ សាលា​ខ្លះ​ត្រូវ​ផ្អាក​សារជាថ្មី​ដោយសារ​ជន់​លិច​
ជាតិ
សង្គមជាតិ
​ក្រោយ​អាក់ខាន​ដោយសារ​កូ​វីដ​-១៩ សាលា​ខ្លះ​ត្រូវ​ផ្អាក​សារជាថ្មី​ដោយសារ​ជន់​លិច​
14, Oct 2020 , 10:29 pm        
រូបភាព
ទិដ្ឋភាពទឹកជន់លិច​សាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២០​​ (រូបភាពពីសហការី ឡាយ សុភាវតី)
ទិដ្ឋភាពទឹកជន់លិច​សាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២០​​ (រូបភាពពីសហការី ឡាយ សុភាវតី)
​ភ្នំពេញ​៖ សាលារៀន​ខ្លះ ត្រូវបាន​ផ្អាក​ការសិក្សា​វិញ ដោយសារ​ទឹកជំនន់​។ នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា សាលារៀន​លិច​ទឹក​ទាំងនោះ ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​វាលទំនាប ទើបត្រូវ​ផ្អាក​ដំណើរការ​សិក្សា​ជា​បណ្តោះអាសន្ន​សិន រីឯ​សិស្ស​ត្រូវ​ត្រឡប់មក​រៀន​តាម​អន​ឡាញ​ជាមួយនឹង​គ្រូ​វិញ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សិស្ស​កម្រិត​ទូទាំងប្រទេស​គឺ​គាត់​ត្រូវ​រៀន​នៅក្នុង​ថ្នាក់​ផង និង​រៀន​តាម​អន​ឡាញ​ផង​។ អ៊ីចឹង​ករណី​គ្រឹះស្ថានសិក្សា​ទាំងឡាយណា ដែល​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង គឺ​សិស្សានុសិស្ស​នៅតែ​បន្ត​រៀនសូត្រ​តាម​អន​ឡាញ​»​។ 
 
​ក្រសួង​នឹង​នៅតែ​បន្ត​កិច្ចសហការ​ជាមួយនឹង​អ្នកពាក់ព័ន្ធ​លើ​វិធានការ​ទប់ស្កាត់ និង​ឆ្លើយតប​លើ​ផលប៉ះពាល់​ដល់​គ្រឹះស្ថានសិក្សា ដោយសារ​គ្រោះទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ បាន​ប្រាប់​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​វិស័យ​អប់រំ ដែល​បាន​បន្ត​កិច្ចសហការ​ណ៍​ដូច​៧​ឆ្នាំមុន​កន្លងមក​ដែរ ជាមួយ​គណៈ​គ្រប់គ្រង​សាលារៀន និង​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​ដើម្បី​ត្រៀមលក្ខណៈ​អន្តរាគមន៍​ទៅលើ​កត្តាចាំបាច់​តាម​លទ្ធភាព​ជាក់ស្តែង​»​។​
 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន នា​រដូវភ្លៀង​នេះ ក្នុង​ការបន្ត​ថែទាំ​សុខភាព​។​


ទិដ្ឋភាពទឹកជន់លិច​សាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២០​​ (រូបភាពពីសហការី ឡាយ សុភាវតី)

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា​នេះ ជំនន់​ទឹកភ្លៀង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាលារៀន​ជាង​៤០០​នៅ​ទូទាំងប្រទេស  ។ ក្នុងនោះ​មាន​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន ព្រះសីហនុ ស្វាយរៀង សៀមរាប ព្រះវិហារ កំពង់ចាម មណ្ឌលគិរី កោះកុង កំពង់ឆ្នាំង កំពង់ធំ តាកែវ កំពង់ស្ពឺ ព្រៃវែង កណ្តាល និង​ភ្នំពេញ​។ នេះ​បើតាម​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ ។ 
 
«​សាលារៀន​នោះ វា​លិច​អស់ហើយ មិនអាច​ឲ្យ​ក្មេង​ទៅ​រៀន​បានឡើយ​»​។  នេះ​បើតាម​ការបញ្ជាក់​ពី ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ 
 
​គួរ​បញ្ជាក់ថា ក្រសួង​អប់រំ បានអនុញ្ញាត​ឲ្យ​សាលារៀន​ទូទាំងប្រទេស បាន​បើក​ដំណើរការ​វិញ ក្រោយពី​ពិនិត្យឃើញថា ស្ថានភាព​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​សភាព​ថមថយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា​នេះ​ទឹកជំនន់​ប៉ះពាល់​ដល់​ពលរដ្ឋ ជិត​១៦​ម៉ឺន​នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។ ចំណែក​ផ្ទះ​ជាង​៣​ម៉ឺន​៩​ពាន់​ខ្នង​លិចលង់ ក្នុងនោះ​ផ្ទះ​ខូចខាត​ទាំងស្រុង ចំនួន​៣០​ខ្នង​។ ស្រូវ​ជន់​លិច​មាន​ជាង​១១​ម៉ឺន​៦​ពាន់​ហិច​តា ខូចខាត​ជិត​៥​ពាន់​ហិច​តា ដំណាំ​រួមផ្សំ​មាន​ជាង​៥​ម៉ឺន​៥​ពាន់​ហិច​តា ខូចខាត​អស់​ជាង​៦​ពាន់​ហិច​តា និង​មាន​មនុស្ស​ស្លាប់​ចំនួន​១២​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះទឹកជំនន់​។ នេះ​បើតាម​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕  
 

Tag:
 សាលារៀន​
 ​ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com