អន្តរជាតិ
ចិន រុស្ស៊ី និង​គុយបា ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
14, Oct 2020 , 10:59 pm        
រូបភាព
អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រូបភាព៖ CGTN
អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រូបភាព៖ CGTN
ដោយ:
​នៅ​ថ្ងៃទី​១៣ តុលា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​១៥​ប្រទេស​សម្រាប់​អាណត្តិ​៣​ឆ្នាំ ដែល​នឹង​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ពី​ឆ្នាំ​២០២១ ដល់​២០២៣​។ ចិន រុស្ស៊ី និង​គុយបា ដែល​ត្រូវបាន​មើលឃើញថា មាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនសូវ​ល្អ នោះ ក៏​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ដែរ​។

 
​ចិន ស្ថិតក្នុង​ចំណោម​ប្រទេស​៤ ដែល​ជាប់ឆ្នោត​សម្រាប់​កូតា​អាសន​មកពី​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ក្រៅពី​ចិន ប្រទេស​ដែល​ជាប់ឆ្នោត​សម្រាប់​អាស៊ី មាន​ប៉ា​គី​ស្ថាន នេ​ប៉ាល់ អ៊ូ​ស​បេ​គី​ស្ថាន​។ អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ឈរឈ្មោះ​ផងដែរ ប៉ុន្តែ​ទទួលបាន​សំឡេងគាំទ្រ​តិចជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង​៥ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ខក​ឱកាស​អង្គុយ​កៅអី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។  
 
​ក្រោយពេល​ចិន​ជាប់ឆ្នោត​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ស្ថាន​បេសកកម្ម​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ​លើកឡើងថា តែងតែ​ភ្ជាប់​សារៈសំខាន់​នៃ​ការលើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ «​ដោយ​យក​លំនាំ​តាម​លក្ខណៈ​បែប​ចិន ចិន​សម្រេចបាន​សមិទ្ធ​ផល​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​សិទ្ធិមនុស្ស​។​» នេះ​ជាការ​លើកឡើង​របស់​បេសកកម្ម​ចិន​។ 
 
​មុននឹង​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ឆ្នាំ​២០២១-២០២៣ ចិន​ធ្លាប់ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​៤​ដង​រួម​មកហើយ ពោលគឺ​ក្នុង​ឆ្នាំ​២០០៦ ២០០៩ ២០១៣ និង​២០១៦​។ ចិន​អះអាងថា ខ្លួន​នឹងចូលរួម​យ៉ាង​ស៊ីជម្រៅ​ក្នុង​ការងារ​របស់​ក្រុមប្រឹក្សា ដោយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ប្រឆាំងនឹង​ការប្រើប្រាស់​ស្ថាប័ន​នេះ​ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​។ ចិន ក៏​អះអាង​ផងដែរ​ថា នឹង​ជំទាស់​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយ​មិន​ត្រឹមត្រូវ និង​ការអនុវត្ត​បទដ្ឋាន​ពីរ​ផងដែរ​។​
 
​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ពេលនេះ ចិន ក៏​រង​ការរិះគន់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ដែរ​។ ប្រទេស​លោកខាងលិច រិះគន់​ចិន​លើ​បញ្ហា​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​នៅ​តំបន់​ស៊ីន​ជាំ​ង និង​ទី​បេ ក៏ដូចជា​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​ទីក្រុង​ហុងកុង​។ ជាក់ស្តែង​សម្រាប់​ការបោះឆ្នោត​លើក​នេះ ចិន​ទទួលបាន​ត្រឹមតែ​១៣៩​សំឡេង​ប៉ុណ្ណោះ ដែលជា​ការធ្លាក់ចុះ​២០​ភាគរយ ធៀប​នឹង​កាលពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦​។​
 
​ក្រៅពី​ចិន ដែល​រង​ការរិះគន់​ពីលើ​បញ្ហា​សិទ្ធិមនុស្ស រុស្ស៊ី និង​គុយបា​ក៏​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ​សម្រាប់​កៅអី​តំណាង​តំបន់​រៀងៗ​ខ្លួន​ដែរ​។ លោក Louis Charbonneau  នាយក​អង្គការ Human Rights Watch ប្រចាំ UN បាន​អះអាងថា បើសិន​ជាមាន​ប្រទេស​ផ្សេង​ឈរឈ្មោះ​ជា​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា នោះ​រុស្ស៊ី ចិន និង​គុយបា​ប្រាកដជា​ចាញ់​មិន​ខាន​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏​រិះគន់​ចិន​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ ការទូត​អាមេរិក​អះអាងថា​៖« ជាថ្មី​ម្តងទៀត អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​ជ្រើស​យក​ប្រទេស​ដែលមាន​កំណត់ត្រា​មិនល្អ​លើ​បញ្ហា​សិទ្ធិមនុស្ស​»​។​
 
​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦ និង​ដែលជា​ស្ថាប័ន​ចំណុះ​ឲ្យ​អង្គ​មហាសន្និបាត​។ ស្ថាប័ន​នេះ មាន​រដ្ឋ​ជា​សមាជិក​ចំនួន​៤៧ ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ជាសម្ងាត់ និង​មាន​អាណត្តិ​៣​ឆ្នាំ​។ ក្រុមប្រឹក្សា​នេះ​ទទួលខុសត្រូវ​ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ រដ្ឋ​សមាជិក​ទាំង​៤៧ ត្រូវបាន​បែងចែក​តាម​តំបន់ ដោយ​អាស៊ី​-​ប៉ាស៊ីហ្វិក និង​អាហ្វ្រិក​មាន​១៣​រដ្ឋ​ដូចគ្នា អឺរ៉ុប​ខាងកើត​៦​រដ្ឋ អាមេរិក​ឡាទីន​និង​កា​រ៉ា​អ៊ី​ប​៨​រដ្ឋ និង​អឺរ៉ុប​ខាងលិច និង​តំបន់​ផ្សេងៗ​ទៀត​៧​រដ្ឋ​៕
 

Tag:
 ចិន​
 ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com