អន្តរជាតិ
កាសែត​Nikkei៖ ជប៉ុន នឹង​ចុះ​កិច្ចព្រមព្រៀង​លក់​អាវុធ​ជាមួយ​វៀតណាម​
14, Oct 2020 , 4:31 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ AP
​ជប៉ុន គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​វៀតណាម​ដែល​អនុញ្ញាត​ជប៉ុន​ឲ្យ​នាំចេញ​ឧបករណ៍​ការពារ និង​បច្ចេកវិទ្យា​យោធា​ទៅកាន់​វៀតណាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Nikkei Asia នៅ​ថ្ងៃទី​១៤ ខែតុលា​។ កិច្ចព្រមព្រៀង​នេះ ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​សមត្ថភាព​ការពារជាតិ​ប្រទេស​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក ដើម្បី​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។



​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ថ្មី លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នៅ​ថ្ងៃទី​១៣ ខែតុលា បានប្រកាសថា លោក នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​មក​វៀតណាម និង​ឥណ្ឌូណេស៊ី នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​ទ្វេភាគី​។ នេះ​ជា​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី បន្ទាប់ពី​ឡើងកាន់តំណែង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម ជប៉ុន នឹង​ចុះហត្ថលេខា​លើ​ការនាំចេញ​អាវុធ​មក​វៀតណាម​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ ប្រធានបទ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ អាច​នឹង​លើក​យកមក​ជជែក ក្នុងជំនួប​ប្រមុខ​ដឹកនាំ​ជប៉ុន និង​វៀតណាម ស្របពេល​ទីក្រុង​ហាណូយ កំពុងមាន​ជម្លោះ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ទីក្រុង​ប៉េកាំង​។ កន្លងមក ចិន​បានធ្វើ​សមយុទ្ធ​យោធា​យ៉ាងខ្លាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​បង្ក​ឲ្យ​វៀតណាម​មិន​សប្បាយចិត្ត​ឡើយ​។ 
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ជប៉ុន បាន​លើកចោល​បម្រាម​ហាមឃាត់​នាំចេញ​អាវុធ​ទៅ​បរទេស ដោយ​ផ្អែកលើ​គោលការណ៍​ចំនួន​៣ ក្នុងនោះ​មានការ​មិន​លក់​អាវុធ​ឲ្យ​ភាគី​ជម្លោះ​, ការលក់​អាវុធ​ត្រូវតែមាន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​របស់​ជប៉ុន និង​ការផ្ទេរ​អាវុធ ដែល​ទិញ​ពី​ជប៉ុន​ពី​ភាគី​ទី​២ ទៅ​ភាគី​ទី​៣ ត្រូវមាន​ការឯកភាព​ពី​ជប៉ុន​។ 
 
​គិត​ត្រឹម​ឆ្នាំ ២០១៤​មក ជប៉ុន បានសម្រេច​កិច្ចព្រមព្រៀង​នាំចេញ​អាវុធ​តែ​ជាមួយ​ហ្វីលីពីន​មួយ​ប៉ុណ្ណោះ​។ កិច្ចព្រមព្រៀង​ជាមួយ​ហ្វីលីពីន​នេះ មានការ​នាំចេញ​ប្រព័ន្ធ​រ៉ា​ដា​គ្រប់​គ្រង់ និង​ប្រកាសអាសន្ន ដែលមាន​ក្រុមហ៊ុន Mitsubishi Electric ជា​ភាគី​ផ្គត់ផ្គង់​ឲ្យ​ហ្វីលីពីន​។ ក្រៅពី​ហ្វីលីពីន និង​វៀតណាម ជប៉ុន​ក៏​កំពុង​ចរចា​កិច្ចព្រមព្រៀង​នាំចេញ​អាវុធ ជាមួយ​ថៃ និង​ឥណ្ឌូណេស៊ី​ផងដែរ​។ កន្លងមក​ជប៉ុន បាន​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​ពី​យន្តហោះ​ល្បាត P-1 និង​យន្តហោះ​ដឹកជញ្ជូន C-2​។ 
 
​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ទីក្រុង​ស្តុក​ខុល​(SIPRI) វៀតណាម បាន​ទិញ​អាវុធ​ប្រមាណ ៨០​ភាគរយ​ពី​រុស្ស៊ី ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ 
​សូមបញ្ជាក់ថា បន្ទាប់ពី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​២ នៅក្នុង​ឆ្នាំ​២០១២ លោក អា​បេ ស៊ិន​ហ្សូ ក៏​ធ្លាប់​ទស្សនកិច្ច​មកវៀត​ណា​ម និង​ឥណ្ឌូណេស៊ី​មុនគេ​ផងដែរ​៕ 

Tag:
 ជប៉ុន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com