COVID-19
អន្តរជាតិ
ធនាគារពិភពលោក អនុម័តកញ្ចប់លុយ១២ពាន់លានដុល្លារឲ្យប្រទេសកំពុងអភិវឌ្ឍទិញវ៉ាក់សាំង រូបតំណាងវ៉ាក់សាំងជំងឺ COVID-19 ។ រូបភាព៖ Reuters
× ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (WB) កាលពីថ្ងៃទី១៣ ខែតុលា បានអនុម័តកញ្ចប់ថវិកា១២ពាន់លានដុល្លារ ដើម្បីទិញ និងចែកចាយវ៉ាក់សាំង COVID-19 ឲ្យប្រទេសកំពុងអភិវឌ្ឍ។ កញ្ចប់ថវិកាទាំងនេះ ក៏រួមបញ្ចូលការទិញឧបករណ៍ធ្វើតេស្ត និងការព្យាបាលអ្នកផ្ទុកជំងឺ COVID-19 ដែរ។
ថវិកាដែលទើបនឹងអនុម័ត១២ពាន់លានដុល្លារ ជាផ្នែកមួយនៃថវិកា១៦០ពាន់លានដុល្លាររបស់ធនាគារពិភពលោកផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រហូតដល់ខែមិថុនា ឆ្នាំ២០២១។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៣ ខែតុលា WB បានលើកឡើងថា កម្មវិធីហិរញ្ញវត្ថុនេះរួមមានការគាំទ្របច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីរៀបចំការចែកចាយវ៉ាក់សាំងទ្រង់ទ្រាយធំ ហើយវាក៏ការផ្ដល់សញ្ញាទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំង។
«កញ្ចប់ថវិកានេះ ជាសញ្ញាប្រាប់ទៅអ្នកស្រាវជ្រាវ និងឧស្សាហម្មឱសថថា ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏ត្រូវការវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដែរ»។ នេះជាការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ WB ។ ស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកមួយនេះបន្ថែមថា ទឹកប្រាក់១២ពាន់លានដុល្លារនេះ នឹងផ្តល់ជាការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីអាចរៀបចំខ្លួនក្នុងការចែកចាយវ៉ាក់សាំងទ្រង់ទ្រាយធំ ដោយមានការសម្របសម្រួលជាមួយដៃគូអន្តរជាតិ។
លោក David Malpass នាយក WB លើកឡើងថា ការទទួលបានវ៉ាក់សាំង ក៏ដូចជាពង្រឹងការផ្តល់វ៉ាក់សាំងជាគន្លឹះក្នុងការកែប្រែស្ថានភាពនៃជំងឺឆ្លង និងជួយប្រទេសកំពុងអភិវឌ្ឍឲ្យមានសមត្ថភាពស្តាសេដ្ឋកិច្ច និងសារពើពន្ធឡើងវិញ។ បើទោះបីជាវ៉ាក់សាំង COVID-19 ពុំទាន់មានវត្តមានក្នុងទីផ្សារ តែលោក Malpass និយាយក្នុងបទសម្ភាសជាមួយកាសែតបារាំង Le Figaro ថា ការរៀបចំថវិកា ជារឿងចាំបាច់ណាស់ ដោយសារតែការចែកចាយវ៉ាក់សាំងមានភាពស្មុគស្មាញ។
ក្រៅពីផ្នែកវ៉ាក់សាំង ធនាគារពិភពលោកអះអាងថា ថវិកានេះក៏នឹងជួយផងដែរដល់ការធ្វើតេស្ត COVID-19 និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការផ្តល់វ៉ាក់សាំងដោយមានប្រសិទ្ធភាព។ បើតាមធនាគារមួយនេះ កញ្ចប់ថវិកាខាងលើ គ្រោងគ្រប់ដណ្ដប់លើប្រជាជនមួយពាន់លាននាក់។
ធនាគារពិភពលោក អះអាងថា ខ្លួនអាចជួយក្នុងរឿងវ៉ាក់សាំងនេះ ដោយសារមានបទពិសោធក្នុងការគាំទ្រកម្មវិធីបង្កើតភាពស៊ាំតាមរយៈការផ្តល់វ៉ាក់សាំងសម្រាប់ជំងឺដែលអាចបង្ការបាននាពេលកន្លងមក ក៏ដូចជាការចូលរួមក្នុងកម្មវិធីសុខាភិបាលសាធារណៈដើម្បីទប់ស្កាត់ជំងឺឆ្លងដូចជាអេដស៍ របេង គ្រុនចាញ់ និងជំងឺក្នុងតំបន់ត្រូពិកជាដើម។
ក្រៅតែពីថវិការបស់ធនាគារពិភពលោក អង្គការសហប្រជាជាតិ តាមរយៈអង្គការសុខភាពពិភពលោក ក៏បង្កើតកម្មវិធី COVAX សម្រាប់ផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍផងដែរ៕
Tag:
ធនាគារពិភពលោក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com