អន្តរជាតិ
ជប៉ុន ដាក់​បង្ហាញ​នាវាមុជទឹក​ឈ្លប​ការណ៍​ដែលមាន​រហស្សនាម​ថា ត្រី​បា​ឡែ​ន​
15, Oct 2020 , 9:29 am        
រូបភាព
នាវាមុជទឹកជប៉ុនទី២២ Taigei។ រូបភាព៖ Kyodo
នាវាមុជទឹកជប៉ុនទី២២ Taigei។ រូបភាព៖ Kyodo
​ជប៉ុន នៅ​ថ្ងៃទី​១៤ ខែតុលា បានដាក់​បង្ហាញ​នាវា​មុជ​ថ្មី​របស់ខ្លួន នៅ​កន្លែង​សាងសង់​នាវា​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​។ នេះ​គឺជា​នាវា​មុជ​ទី​២២ របស់​ជប៉ុន ដែល​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខ​។


​នាវាមុជទឹក ដែលមាន​ទម្ងន់​៣០០០​តោន ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន Mitsubishi​។ នាវាមុជទឹក ឈ្មោះ Taigei នេះ នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន នៅ​ខែមីនា ឆ្នាំ​២០២២ ខាងមុខ​។ ឈ្មោះ Taigei មានន័យថា ត្រី​បា​ឡែ​ន ក្នុង​ភាសា​ជប៉ុន​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo នាវាមុជទឹក​មួយគ្រឿង​នេះ មាន​ប្រវែង ៨៤​ម៉ែត្រ កម្ពស់ ៩,១​ម៉ែត្រ និង​ចំណាយ​ថវិកា​ប្រមាណ ៧២០​លាន​ដុល្លារ​។ នាវា​ប្រភេទ​នេះ មាន​បំពាក់​អាគុយ​ប្រភេទ Lithium Ion ដែល​អាច​ស្ថិតនៅក្នុង​ទឹកបាន​រយៈពេល​យូរ ជាង​នាវាមុជទឹក​របស់​ជប៉ុន​មុនៗ និង​អាច​ផ្ទុក​កង​នាវិក បាន​ចំនួន ៧០​នាក់​។ នាវាមុជទឹក​នេះ ត្រូវបាន​សាងសង់​បែប​ជានា​វា​ឈ្លប​ការណ៍​។​
 
​ដោយ​ផ្អែក​ទៅតាម​ការណែនាំ​កម្មវិធី​ការពារជាតិ​ឆ្នាំ​២០១០ ជប៉ុន បានដាក់​គោលដៅ​បង្កើន​ចំនួន​នាវាមុជទឹក​ពី ១៦​គ្រឿង មក​២២​គ្រឿង ដើម្បី​ការពារ និង​ប្រឆាំង​សកម្មភាព​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងកើត ក៏ដូចជា​ប្រជុំ​កោះមាន​ជម្លោះ​ជាមួយ​ចិន​។​
 
​បច្ចុប្បន្ន ជប៉ុន បានដាក់​ឲ្យ​ដំណើរការ​នាវាមុជទឹក​ប្រភេទ Oyashio ចំនួន ៩​គ្រឿង និង​នាវាមុជទឹក​ប្រភេទ Soryu ចំនួន ១១​គ្រឿង​។ នៅ​ឆ្នាំ​២០២១ ជប៉ុន​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នាវាមុជទឹក​ប្រភេទ Soryu មួយគ្រឿង​ទៀត​។ 
 
​សូមបញ្ជាក់ថា ការដាក់​បង្ហាញ​នាវាមុជទឹក​ជា​សាធារណៈ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​នាវា​ល្បាត​ចិន ទើបតែ​ចាក​ចេញពី​តំបន់ ដែល​ជប៉ុន​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន នៅក្បែរ​ប្រជុំ​កោះ​Sekaku ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងកើត​៕

Tag:
 ​ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com