បាតុករប្រឆាំងរដ្ឋាភិបាលថៃ រាប់ពាន់នាក់ចាប់ផ្តើមបាតុកម្មរបស់ខ្លួនដូចដែលបានគ្រោងទុក ដោយដើរសំដៅទៅកាន់អាគាររដ្ឋាភិបាលថៃ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចាន់អូចារ ចុះចេញពីដំណែង កំណែទម្រង់រដ្ឋធម្មនុញ និងកាត់បន្ថយអំណាយព្រះមហាក្សត្រ។
នៅម៉ោង៧ ៣០នាទីព្រឹក ថ្ងៃទី១៤ តុលាបាតុករក្នុងក្រុងបាងកកបានមកជួបជុំគ្នា នៅវិមានប្រជាធិបតេយ្យ ចំណែកបាតុករចំនួន៧ឡានក្រុងមកពីខេត្តឈៀងម៉ៃមកដល់នៅម៉ោង៨ព្រឹក។ នៅរសៀលម៉ោង៣នេះ ទើបបាតុករថៃចាប់ផ្តើមដើរសំដៅទៅអាគាររដ្ឋាភិបាល។
ក្រុមបាតុករបានដើរចេញពីវិមានប្រជាធិបតេយ្យនៅលើរុក្ខវិថី Ratchdamneon សំដៅទៅអាគាររដ្ឋាភិបាល។ប៉ុន្តែប៉ូលីសថៃ បានតម្រូវឲ្យក្រុមបាតុករប្រើប្រាស់ផ្លូវផ្សេង ដោយរុក្ខវិថីនេះត្រូវរក្សាទុកសម្រាប់ក្បួនព្រះទីនាំង របស់ព្រះមហាក្សត្រថៃ។ ទោះជាយ៉ាងណាក្តី បាតុករនៅតែជំនះ បណ្តាលឲ្យប៉ូលីសថៃចាប់ខ្លួនមេដឹកនាំបាតុករចំនួន១៩រូប។
ដំបូងឡើយ ក្រុមបាតុករគ្រោងនឹងជួបជុំនៅរសៀលថ្ងៃទី១៤ តុលានេះ ប៉ុន្តែបានប្តូរផែនការរបស់ខ្លួនវិញ ដោយមកជួបជុំគ្នានាពេលព្រឹក បន្ទាប់ពីបាតុករចំនួន២១រូបត្រូវបានប៉ូលីសចាប់ខ្លួនក្នុងការជួបជុំតូចមួយ នៅខេត្តPathum Thani។
លោក Anon Nampha ជាមេធាវី និងមេដឹកនាំបាតុកម្មដទៃទៀតសន្យាថានឹងមិនបណ្តាលឲ្យមានអំពើហិង្សាឡើយ។ នៅពេលក្រុមបាតុករធ្វើដំណើរពីចេញពីវិមានប្រជាធិបតេយ្យ ក្រុមបាតុករប្រជាធិបតេយ្យនិយម ក៏ប្រឈមមុខនឹងក្រុមអាវលឿងដែលគាំទ្ររបបរាជានិយមផងដែរ។ ក្រុមអាវលឿងបានមកជួបជុំតាមរុក្ខវិថី ដើម្បីគាំទ្រព្រះមហាក្សត្រដែលក្បួនទីតាំងរបស់ព្រះអង្គបើកកាត់នៅរសៀលនេះ។
លោកWatcharawee Thammasema មេបញ្ជាការកងពលពិសេសទី៣ បានបញ្ជាក់ថាប៉ូលីស ហាមប្រាមជាដាច់ខាតមិនឲ្យបាតុករអាចធ្វើដំណើរដល់អាគាររដ្ឋាភិបាល។ លោកWatcharawee ដែលទទួលបន្ទុកសន្តិសុខជុំវិញអាគាររដ្ឋាភិបាល បញ្ជាក់ថាច្បាប់ស្តីពីការជួបជុំជាសាធារណៈពុំអនុញ្ញាតឲ្យបាតុករនៅក្បែរអាគាររដ្ឋាភិបាលជិតជាង៥០ម៉ែត្រឡើយ។
មកដល់ពេលនេះ ពុំទាន់មានការប៉ះទង្គិចទ្រង់ទ្រាយធំរវាងក្រុមប៉ូលីស និងបាតុករឡើយ។ ប៉ុន្តែប៉ូលីសថៃ បានរៀបចំវិធីសាស្ត្រគ្រប់គ្រងបាតុកម្ម ដោយប្រើប្រាស់ឡានដែលផ្ទុកទឹក១,២ម៉ឺនលីត្រ និងដែលអាចបាញ់បានចម្ងាយ៦៥ម៉ែត្រ។
ក្រៅពីនេះប៉ូលីស ក៏ត្រៀមឧស្ម័នបង្ហូរទឹកភ្នែក និងឧបករណ៍សម្លេងសម្រាប់គ្រប់គ្រងហ្វូងមនុស្សផងដែរ(LRAD)។ ចំណែកឯទឹកដែលផ្ទុកក្នុងឡានទៀតសោត ក៏បានលាយជាមួយព័ណ៌ដើម្បីកំណត់អ្នកដែលត្រូវបានប៉ូលីសបាញ់ទឹកផងដែរ។
នាការជួបជុំនៅខេត្តនគររាជសីមានៅថ្ងៃទី១១ តុលា លោក Arnon បានអះអាងថា ក្រុមអ្នករៀបចំបាតុកម្ម រកបានថវិការគ្រប់គ្រាន់ ដើម្បីសម្រាប់ធ្វើបាតុកម្មយ៉ាងហោចណាស់មួយខែ។ លោកបន្ថែមថា យ៉ាងហោចណាស់៧ថ្ងៃដំបូងនៃបាតុកម្មគឺការទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង៕