COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នូវែលសេឡង់ មិនបញ្ជូនក្រុមទៅប្រកួតមិត្តភាពជាមួយអង់គ្លេស ព្រោះខ្លាចប៉ះពាល់អាជីពកីឡាករ
14, Oct 2020 , 6:30 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនូវែលសេឡង់ នឹងមិនធ្វើដំណើរទៅកាន់ទឹកដី Wembley ដើម្បីតតាំងជាមួយអង់គ្លេសក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅខែក្រោយទេ ដោយសារខ្លាចប៉ះពាល់ដល់ការប្រកួតលីគក្រុងស្រុករបស់កីឡាករ។


តោកំណាចអង់គ្លេសនឹងត្រូវទទួលស្វាគមន៍ក្រុមរហស្សនាម All Whites នៅថ្ងៃទី១២ ខែវិច្ឆិកាប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់នូវែលសេឡង់ (NZF) អះអាងថាការប្រកួតនេះអាចនឹងធ្វើឲ្យគ្រោះថ្នាក់ដល់អាជីពកីឡាកររបស់ពួកគេ។ នេះបើតាមការផ្សាយរបស់ BBC។
 
NZF បញ្ជាក់ដូច្នេះថា៖ «ចំនួនកីឡាករក្នុងក្រុមនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ឬរឹតត្បិតលើការវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេជាបណ្តោះអាសន្ន ដើម្បីការពារការឆ្លង COVID-19។ នេះនឹងធ្វើឲ្យរំខានដល់ការប្រកួតលីគក្នុងស្រុកនៅរដូវកាលថ្មីរបស់ពួកគេ»។
 
នូវែលសេឡង់ បានអាក់ខានប្រកួតជាលក្ខណអន្តរជាតិចាប់តាំងពីពួកគេចាញ់លីទុយអានីកាលពីខែវិច្ឆិកា ឆ្នាំ២០១៩មក។ ក្នុងនោះ គម្រោងការប្រកួតមិត្តភាពជាបន្តបន្ទាប់ដោយតទល់ជាមួយអូម៉ង់ និងបារ៉ែនកាលពីខែមីនាកន្លងទៅសុទ្ធតែត្រូវលុបចោលដោយសារតែមានការរាត្បាតជំងឺឆ្លងសកល។
 
ដោយសារតែមូលហេតុខាងលើនេះហើយ ទើប NZF សម្រេចមិនបញ្ជូនក្រុមកីឡាកររបស់ខ្លួនសម្រាប់ការប្រកួតមិត្តភាពជាមួយអង់គ្លេសនេះជាថ្មីទៀត។ NZF ក៏បានបង្ហាញការសោកស្តាយចំពោះការអាក់ខានរបស់ខ្លួន ខណៈក្រុមជម្រើសជាតិនៃប្រទេសទាំងពីរមិនដែលបានជួបគ្នាតាំងពីឆ្នាំ១៩៩១មក៕
 

Tag:
 នូវែលសេឡង់
  អង់គ្លេស
  NZF
© រក្សាសិទ្ធិដោយ thmeythmey.com