អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង៖ការបង្ហូរទឹកពីវៀតណាម ចូលឡាវ និងមកទន្លេសេកុង មិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរឡើយ
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង៖ការបង្ហូរទឹកពីវៀតណាម ចូលឡាវ និងមកទន្លេសេកុង មិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរឡើយ
14, Oct 2020 , 5:47 pm        
រូបភាព
ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅខេត្ត​ស្ទឹងត្រែងបានលិច (រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង)
ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅខេត្ត​ស្ទឹងត្រែងបានលិច (រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង)
ភ្នំពេញ៖ ការបង្ហូរទឹកពីវៀតណាម ហូរចូលឡាវ និងមកទន្លេសេកុង មិនធ្វើឲ្យខេត្តស្ទឹងត្រែង រងប៉ះពាល់ធ្ងន់ធ្ងរឡើយ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង នៅថ្ងៃទី១៤ តុលានេះ។

 
លោក ម៉ែន គុង បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាម បើកទឹកពីអាងស្តុកទឹក ហើយបង្ហូរចូលទន្លេនៃខេត្តអត្តពើ ប្រទេសឡាវ ។ ប៉ុន្តែដោយសារតែខេត្តអត្តពើប្រទេសឡាវ រងផលប៉ះពាល់ដោយសារទឹកជំនន់ ជាពិសេសព្យុះលីនហ្វានោះ ទើបឡាវនឹងបង្ហូរទឹកបន្តចូលមកទន្លេសេកុង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។
 
បើតាមលោក ម៉ែន គុង ក្រោយពីខេត្តបានទទួលដំណឹងពីភាគីឡាវ និងវៀតណាមមក ខេត្តស្ទឹងត្រែងបានត្រៀមកម្លាំងការពារដល់ពលរដ្ឋដែលរស់នៅតាមតំបន់ទន្លេសេកុងហើយ។ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងរូបនេះ បានបញ្ជាក់ថា ខេត្តមិនទាន់រងនូវផលប៉ះពាល់ឡើយ ពីព្រោះទឹកនៅក្រោមសេចក្តីប្រកាសអាសន្ន ។
 
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងរូបនេះ បាននិយាយដូច្នេះថា៖«ទន្លេសេកុង ដែលត្រូវប្រកាសអាសន្នគឺ១១,៥០ម៉ែត្រ ប៉ុន្តែរហូតមកដល់ពេលនេះគឺនៅត្រឹម១១,២០ម៉ែត្រ ហើយទន្លេសេសានកម្ពស់ទឹកប្រកាសអាសន្នគឺ១០,៥០ម៉ែត្រ ប៉ុន្តែឥឡូវគឺត្រឹមតែ៥,៧៦ម៉ែត្រ»។ 
 
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ទឹកដែលបង្ហូរពីប្រទេសវៀតណាមចូលមកទន្លេសេកុងនោះគឺ បង្ហូរមកដោយមានការប្រុងប្រយ័ត្ន។ លោកបាននិយាយដូច្នេះថា៖«ការបើកទំនប់នៅវៀតណាមគឺមានការប្រុងប្រយ័ត្នដែរ មិនមែនចេះតែបើកទេ ដោយការបើកហ្នឹងគឺមានការជូនដំណឹងជាមុន។ គេមិនមែនបើកឲ្យហូរមកទាំងអស់ទេ គឺបើកតាមដំណាក់កាល ក្នុងរយៈពេលប៉ុន្មានម៉ោងគឺគេនឹងបិទវិញហើយ»។ 
 
ទាក់ទងនឹងបញ្ហានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធាន និងឧតុនិយម បានបញ្ជាក់ថា ខេត្តវៀតណាមបានបង្ហូរទឹកមកខេត្តស្ទឹងត្រែងនេះ គឺត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១១-១៣ ខែតុលាកន្លងមក ដោយធ្វើឲ្យទឹកទន្លេកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ។ រហូតមកថ្ងៃទី១៤នេះ ទឹកទន្លេបានស្រកទៅវិញជាបណ្តើរៗហើយ។ 
 
អ្នកនាំពាក្យធនធានទឹកមានប្រសាសន៍ដូច្នេះថា៖«បើសិនជាភាគីវៀតណាមបានជូនដំណឹងមកយើងមុនអ៊ីចឹង គឺល្អហើយ។ បរិមាណប៉ុន្មាន បើគាត់បង្ហូរមកទៀតមក គឺយើងដឹង។ យើងនឹងបានត្រៀមទុកមុន។ បើទឹកខាងយើងអាចទុកទឹកបាន៥ពាន់ម៉ែត្រគីប ហើយគាត់បង្ហូរមក៤ពាន់ម៉ែត្រគីបគឺយើងអត់បញ្ហាទេ។ យើងប៉ះពាល់ខ្លាំងដោយសារជំនន់ទឹកភ្លៀងទេ។ បើសិនជាបរិមាណទឹកបង្ហូរមកច្រើន អ្នកដែលនៅជាប់ទន្លេ នឹងទទួលរងប៉ះពាល់។ ប៉ុន្តែទន្លេយើងអាចទទួលទឹកបានច្រើនទៀត ដូចជាមិនមានបញ្ហាទេ»។ 
 
ទោះបីខេត្តស្ទឹងត្រែងមិនទាន់ជាជះឥទិ្ធពលធ្ងន់ធ្ងរពីការបង្ហូរទឹកពីប្រទេសវៀតណាមក៏ពិតមែន ប៉ុន្តែ អភិបាលខេត្តបានត្រៀមកម្លាំងសម្រាប់ការពារ និងជម្លៀសពលរដ្ឋរួចជាស្រេចហើយ និងបានបង្គាប់ឲ្យអាជ្ញាធរមូលដ្ឋានចុះណែនាំដល់ពលរដ្ឋផងដែរ។ 
 
«យើងបានត្រៀមកងកម្លាំងយោធា កម្លាំងអាវុធហត្ថ នគរបាល ស៊ីវិល និងកងកម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋហើយ។ យើងក៏នឹងផ្សព្វផ្សាយឲ្យពលរដ្ឋបញ្ជូនដំណឹងមកយើងតាមប្រព័ន្ធ១៤៩២ផងដែរ»។ នេះបើតាមការបញ្ជាក់ពីលោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង។ 
 
បើតាមអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង មានពលរដ្ឋប្រមាណ២ពាន់គ្រួសារ ដែលស្ថិតនៅភូមិចំនួន១៤ភូមិ និងឃុំចំនួន៥ រងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងនោះមានពលរដ្ឋជាង១០០គ្រួសារត្រូវបានជម្លៀស។ រហូតមកដល់ថ្ងៃទី១៤នេះពួកគេត្រូវបានត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញហើយ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com