ជាតិ
សង្គមជាតិ
អភិបាលក្រុង បញ្ជាឱ្យបិទកំណាត់ផ្លូវ២១៧ ជិតរង្វង់មូលនាងកួរស្រូវបណ្ដោះអាសន្ន ដោយសារទឹកជន់លិច
14, Oct 2020 , 9:51 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលសាលារាជធានីភ្នំពេញ
រូបពីហ្វេសប៊ុករដ្ឋបាលសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បញ្ជាឱ្យបិទកំណាត់ផ្លូវ២១៧ ជិតរង្វង់កួរស្រូវបណ្ដោះអាសន្ន ដោយសារទឹកជន់ពីស្ទឹងព្រែកត្នោត។


 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឃួង ស្រេង បាននិយាយថា សន្ទុះនៃការច្រាលទឹកពីស្ទឹងព្រែកត្នោត មានសភាពខ្លាំង ដែលបណ្ដាលឱ្យលិចសង្កាត់គងនយ និងសង្កាត់ទៀន ក្នុងខណ្ឌដង្កោរ រហូតជន់លិចដល់ផ្លូវ២១៧ នៅក្បែររង្វង់នាងកួរស្រូវតែម្ដង។
 
អភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ការបិទផ្លូវនេះ ទី១ បើឡានធំធ្វើដំណើរទៅនាំឱ្យខូចផ្លូវ ហើយបើឡានតូចទៅនាំឱ្យខូចឡាន ហើយអាចគ្រោះថ្នាក់ អ៊ីចឹងហើយបានជាយើងបិទផ្លូវហ្នឹង»។
 
បើតាមលោក ឃួង ស្រេង មកដល់ពេលនេះ មានគ្រួសារ៥ពាន់ហើយ នៅក្នុងខណ្ឌដង្កោររងគ្រោះដោយសារការជន់លិចនេះ ដោយមិនទាន់រាប់ខណ្ឌផ្សេងទៀត។
 
ក្រៅពីកំណាត់ផ្លូវ២១៧នេះ កំណាត់ផ្លូវជាតិលេខ២ ,៣ ,៤ ,៥ ,២០ ,២០អា ,២១ ,២១អា និងផ្លូវជាតិលេខ២១បេ ស្ថិតនៅភូមិសាស្រ្ត ខេត្តកណ្ដាល ក៏ហាមឡានដឹកទំនិញធុនធំគ្រប់ប្រភេទចរាចរណ៍ដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com