សង្គមអន្តរជាតិ
អន្តរជាតិ
មនុស្ស៣០នាក់ស្លាប់ ក្នុងជំនន់ទឹកភ្លៀងនៅភាគខាងត្បូងឥណ្ឌា ដងផ្លូវនៃទីក្រុង Hyderabad នៃរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា ដែលត្រូវបានជនលិចដោយជំនន់ទឺកភ្លៀង (AFP)
× មនុស្សយ៉ាងតិច៣០នាក់ បាត់បង់ជីវិត ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងក្នុងរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា នៅថ្ងៃទី១៤ ខែតុលា ។ ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី១៣ ខែតុលានៅរដ្ឋ Telangana បានបណ្ដាលឲ្យផ្លូវថ្នល់ប្រៀបដូចទឹកទន្លេ យានយន្តលិចកប់បាត់ទាំងស្រុង ហើយអគារត្រូវជន់លិចស្ទើរទាំងស្រុង។
មនុស្ស១៥នាក់ ត្រូវបានរាយការណ៍ថាស្លាប់ក្នុងទីក្រុង Hyderabad នៃរដ្ឋ Telangana ក្នុងចំណោមនោះ ក៏មានទារកអាយុ២ខែម្នាក់ផងដែរ ខណៈ៩នាក់ផ្សេងទៀត បានបាត់បង់ជីវិតក្រោយជញ្ជាំងធំខ្ពស់មួយបានបាក់រលំ ហើយដួលលើផ្ទះប្រជាជនចំនួន១០ទីតាំងអំឡុងពេលភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។
តាមការចុះផ្សាយរបស់ទូរទស្សន៍ឥណ្ឌា NDTV នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី ១៤ ខែតុលា ផ្ដល់ការធានាទៅកាន់ថ្នាក់ដឹកនាំរដ្ឋនានាដែលរងគ្រោះថា ពួកគេនឹងទទួលបានគាំទ្រគ្រប់គ្រាន់ពីរដ្ឋាភិបាលកណ្តាល។ រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah និយាយថា លោកកំពុងតាមដានស្ថានការណ៍ជំនន់ទឹកភ្លៀងក្នុងរដ្ឋ Telangana ហើយរដ្ឋាភិបាល តាំងចិត្តផ្ដល់ជំនួយតាមអាចធ្វើទៅបានជូនដល់ប្រជាជនក្នុងគ្រាលំបាកនេះ។
ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះដែរ មនុស្សយ៉ាងតិច៥នាក់ ត្រូវបានរាយការណ៍បាត់ខ្លួន ហើយប៉ូលិសកំពុងតាមរកពួកគេ។ ចរន្តអគ្គិសនី ក៏ត្រូវបានរាយការណ៍ថា ត្រូវកាត់ផ្ដាច់ផងដែរ ខណៈភ្លៀងបានប៉ះពាល់ដល់បង្គោលភ្លើង។ ដីស្រែចម្ការរាប់ពាន់ហិកតា ក៏រងការជន់លិចយ៉ាងដំណំផងដែរ។
កងកម្លាំងសង្គ្រោះឥណ្ឌា បានជម្លៀសប្រជាជនជាង១០០០នាក់ពីតំបន់រងគ្រោះដោយសារទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ខណៈរដ្ឋាភិបាលរដ្ឋ Telangana បានប្រកាសថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៤និងថ្ងៃទី១៥ ហើយទទូចឲ្យពលរដ្ឋសម្ងំនៅក្នុងផ្ទះ ប្រសិនបើគ្មានអ្វីចាំបាច់។
សូមបញ្ជាក់ថា មនុស្សជាង១០៣០នាក់ បានស្លាប់ក្នុងហេតុការណ៍ពាក់ព័ន្ធគ្រោះជំនន់ទឹកភ្លៀង ចន្លោះពីខែមិថុនា និងពាក់កណ្ដាលខែកញ្ញាកន្លងទៅ។ នេះបើតាមយោងតាមក្រសួងមហាផ្ទៃឥណ្ឌា។ ចំណែក មនុស្សជាង៩,៦លាននាក់នៅពាសពេញតំបន់អាស៊ីខាងត្បូង រងផលប៉ះពាល់ដោយសារទឺកជំនន់ធ្ងន់ធ្ងរក្នុងឆ្នាំនេះ ខណៈមនុស្សរាប់ម៉ឺននាក់ពិបាកក្នុងការទទួលបានថ្នាំសង្កូវនិងស្បៀងអាហារ៕
Tag:
ឥណ្ឌា
ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com