កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​នៅ​ព័រទុយហ្កាល់​៖ ករណី Ronaldo បង្ហាញថា ការឆ្លង COVID-19 គ្មាន​ការ​លើកលែង​ទេ​
15, Oct 2020 , 11:28 am        
រូបភាព
​អ្នកគាំទ្រ​កីឡាបាល់ទាត់​ក្នុង​ក្រុង Lisbon មិនមាន​ការភ្ញាក់ផ្អើល​អ្វី​នោះទេ​នៅពេល​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo ឆ្លង COVID-19​។ មិន​ត្រឹមតែ​មិន​ភ្ញាក់ផ្អើល ពួកគេ​ថែមទាំង​អះអាងថា ករណីនេះ​គ្រាន់តែ​បង្ហាញ​ឲ្យ​គ្រប់គ្នា​ដឹង​ពី​ការ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​រាតត្បាត​នេះ​ដោយ​គ្មាន​ករណី​លើកលែង​។​
​សហព័ន្ធ​កីឡាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ (PFF) កាលពី​ថ្ងៃទី​១៣ ខែតុលា​បានប្រកាសថា​ខ្សែប្រយុទ្ធ​របស់ Juventus វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​អន់ថយ​ពី​ជំងឺ​ហើយ ខណៈ​រូបគេ​ក៏ត្រូវ​ខកខាន​ការប្រកួត​ពាន Nations League ជាមួយ​ក្រុម​ស៊ុយអែត​នៅ​យប់​ថ្ងៃទី​១៤ ខែតុលា​ផងដែរ​។​
​នៅ​រដ្ឋធានី Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ជាទី​ដែល Ronaldo កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​អ្នកគាំទ្រ​ជាច្រើន​នៅ​ទីនោះ​បានបង្ហាញ​ពី​ការមិន​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​ដែល Super Star របស់​ពួកគេ​ឆ្លង COVID-19 នេះ​។ 
​លោក Antonio Rodrigues ដែលជា​អ្នកលក់​ម្ហូបអាហារ​នៅក្នុង​ក្រុង Lisbon បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖«​យើងទាំងអស់គ្នា​សុទ្ធតែជា​មនុស្ស​ដូចគ្នា​។ មិនមែន​ដោយសារ​គាត់​ជា Ronaldo ដែលមាន​ស្ថានភាព​ខុសគ្នា​ពី​យើង​នោះទេ ន​ណាៗ​ក៏​អាច​ឆ្លង​ជំងឺ​នេះដែរ​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​លោក Fernando Marques បុរស​វ័យ ៧៤ ឆ្នាំ ក៏មាន​ទស្សន​ដូចគ្នានេះដែរ ដោយ​ថា Ronaldo មិនមាន​អ្វី​ផ្សេង​ខុសពី​លោក​ទេ គឺ Ronaldo ជា​កីឡាករ​ល្អ​ម្នាក់ មាន​លុយ​ច្រើន ប៉ុន្តែ​ទាំង​គេ​ទាំង​គាត់​ដូច​តែ​គ្នា​។​
​ដោយឡែក អ្នកគាំទ្រ​កីឡាបាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ក៏ដូចជា Fans របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​មួយចំនួនទៀត ក៏បាន​លើក​ហេតុផល​ដូចគ្នានេះដែរ ដោយ​ពួកគេ​មិន​ភ្ញាក់ផ្អើល​ពី​ករណី​ឆ្លង COVID-19 លើ Ronaldo ឡើយ​។​
​ផ្ទុយទៅវិញ​អ្នកគាំទ្រ​ដទៃទៀត​បាន​អះអាងថា គ្មាន​វត្តមាន Ronaldo ក្នុងការ​ប្រកួត​ជាមួយ​ស៊ុយអែត គឺជា​ឱកាសល្អ​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​សាកល្បង​រក​កីឡាករ​ថ្មី​ជំនួស​តំណែង​នេះ​។ ព័រ​ទុយ​ហ្គា​ល់​ពិតជា​បាន​យកឈ្នះ ស៊ុយអែត ៣-០ ដោយ​ខ្សែប្រយុទ្ធ Diogo Jota ដែល​ជំនួស​កន្លែង Ronaldo រកបាន​២​គ្រាប់​ម្នាក់ឯង ខណៈ Bernardo Silva ស៊ុត​បាន​១​គ្រាប់​។​
Ronaldo បាន​រកឃើញថា​ឆ្លង COVID-19 នៅក្រោយ​ការប្រកួត​ដែល​ព័រ​ទុយ​ហ្គា​ល់​ស្មើ​បារាំង ០-០ ក្នុង​ពានរង្វាន់​អឺរ៉ុប Nations League មុន​ការប្រកួត​មិត្តភាព​ទល់​អេ​ស្ប៉ា​ញ​ដែល​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​ដែរនោះ​៕

Tag:
 COVID-19
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com