សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋាភិបាល​ថៃ​ចេញ​ក្រឹត្យ​អាសន្ន​ហាម​ការជួបជុំ ដើម្បី​បិទផ្លូវ​ការធ្វើ​បាតុកម្មរ​បស់​យុវជន
15, Oct 2020 , 12:10 pm        
រូបភាព
ប៉ូលីសថៃ និងបាតុករ។ រូបភាព៖ AFP
ប៉ូលីសថៃ និងបាតុករ។ រូបភាព៖ AFP
ដោយ:
ប៉ូលិស​ថៃ នៅ​ព្រឹក​ថៃទី​១៥ តុលា​នេះ បាន​បណ្តេញ​បាតុករ​ចេញពី​ទីតាំង​ជុំវិញ​អាគារ​រដ្ឋាភិបាល ស្រប​ពេលដែល​រដ្ឋាភិបាល​ថៃ​បានចេញ​ក្រឹត្យ​អាសន្ន​ហាម​ការជួបជុំ​ចាប់ពី​៥​នាក់​ឡើងទៅ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយណា​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​។ ក្រឹត្យ​អាសន្ន​របស់​រដ្ឋាភិបាល​នេះ មានបំណង​ក្នុងការ​បញ្ចប់​បាតុកម្ម​ដែល​រៀបចំ​ដោយ​ក្រុមយុវជន និង​អ្នកប្រជាធិបតេយ្យ​អស់​រយៈពេល​ជាង​៣​ខែ​មកហើយ​។​

 
​នៅ​យប់​ថ្ងៃទី​១៤ ខែតុលា បាតុករ​បាន​ជម្នះ​ការហាម​ប្រាម​របស់​ប៉ូលិស ដោយបាន​ទៅ​ជួបជុំ​ព័ទ្ធ​អាគារ​រដ្ឋាភិបាល​ថៃ និង​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង​។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​ថៃ​បានចេញ​ក្រឹត្យ​អាសន្ន​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​លើសពី​៥​នាក់​តែម្ដង​។ 
 
​ទូរទស្សន៍​ជាតិ​ថៃ បានប្រកាសថា​៖«​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​គេ​ត្រូវ​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់ ដើម្បី​បញ្ចប់​ស្ថានការណ៍​នេះ និង​ដើម្បី​ធានា​សន្តិភាព និង​សណ្តាប់ធ្នាប់​»​។ ក្រឹត្យ​អាសន្ន​នេះ ក៏​អមដោយ​បម្រាម​មិន​ឲ្យ​មានការ​ជួបជុំ​នៅ​ទីកន្លែង​ដែល​កំណត់ទុក​ដោយ​អាជ្ញាធរ​។ ក្រឹត្យ​នេះ​ក៏​ហាម​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ព័ត៌មាន​បែប​អេឡិចត្រូនិក ដែល​ខ្លឹមសារ​បង្កើត​ភាពភ័យខ្លាច ឬ​មានបំណង​បំភ្លៃ​ព័ត៌មាន បង្កើត​ការយល់ច្រឡំ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​សន្តិភាព និង​សណ្តាប់ធ្នាប់​។​
 
​ក្រោយ​ពេលដែល​ក្រឹត្យ​អាសន្ន​នេះ ចូល​ជា​ធរមាន​ភ្លាម ប៉ូលិស​បង្ក្រាប​បាតុកម្ម​ប្រកបដោយ​ខែល​ចាប់ផ្តើម​សំដៅទៅ​អាគារ​រដ្ឋាភិបាល ដែល​បាតុករ​ជួបជុំគ្នា​នៅ​ទីនោះ​។ ការ​ប្រទាញប្រទង់​រវាង​បាតុករ និង​ប៉ូលិស បានកើត​ឡើង​នៅ​ទីតាំង ត្បិត​អី​បាតុករ​ព្យាយាម​ចង់​បន្ត​ព័ទ្ធ​អាគារ​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវបាន​បំបែក និង​បណ្តេញ​ដោយ​ប៉ូលិស​ពី​ទីនោះ​។​
 
​ចាប់​តាំងតែ​ពី​មាន​បាតុកម្ម​មក ប៉ូលីស​បាន​ចាប់ខ្លួន​បាតុករ​ចំនួន​១៩​នាក់ ចំណែក​ក្រោយពេល​បំបែកហ្វូង​បាតុករ ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​ចំនួន​៣​នាក់​បន្ថែមទៀត​។ ក្រុមបាតុករ និង​អ្នកសារព័ត៌មាន​បាន​អះអាងថា មាន​មនុស្ស​យ៉ាងហោចណាស់​២​ម៉ឺន​នាក់​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃទី​១៤ តុលា តែ​ប៉ូលីស​ថៃ​បញ្ជាក់ថា មាន​ត្រឹមតែ​៨​ពាន់​នាក់​ប៉ុណ្ណោះ​។​
 
​ទោះជា​បាតុកម្ម​ត្រូវបាន​បំបែក​ក្តី  កញ្ញា Panusaya Sithijirawattanakul មេដឹកនាំ​បាតុកម្ម​មួយរូប​ទៀត​បាន​ទទូច​ឲ្យ​បាតុករ​ដទៃទៀត​ជួបជុំគ្នា​សារជាថ្មី​នៅ​ថ្ងៃទី​១៥ ខែតុលា​នេះ នៅវេលា​ម៉ោង​៤​រសៀល​។  លោក Krissana Pattanacharoen អ្នកនាំពាក្យ​ប៉ូលិស​ថៃ អះអាងថា​អំពើ​ខុសច្បាប់​ក៏ដោយ​។​
 
​សម្រាប់​ការតវ៉ា​ថ្ងៃទី​១៤ ខែតុលា បាតុករ​មានការ​ទាមទា​រ​ធំៗ​ចំនួន​២ គឺ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​កាត់បន្ថយ​អំណាច​ព្រះមហាក្សត្រ​ថៃ​៕
 
 
 
 
 

Tag:
 ថៃ​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com