ជាតិ
សង្គមជាតិ
ដោយរងឥទ្ធិពលព្យុះសូឌែល កម្ពុជា នឹងបន្តមានភ្លៀង ពីថ្ងៃ១៧ ដល់ ថ្ងៃ១៩តុលា
15, Oct 2020 , 1:54 pm        
រូបភាព
ទិដ្ឋភាពជំនន់ទឹកភ្លៀង ហូរចូលក្នុង​បុរីពិភពថ្មីកួរស្រូវទី៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
ទិដ្ឋភាពជំនន់ទឹកភ្លៀង ហូរចូលក្នុង​បុរីពិភពថ្មីកួរស្រូវទី៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយទៀតពីស្ថានភាពអាកាសធាតុ ដោយព្យាករថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ នៅតាមតំបន់និងបណ្តារាជធានី-ខេត្តនានា។



បណ្តារាជធានី-ខេត្តនៅតំបន់វាលទំនាប រួមមាន ភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពងស្ពឺ និង កណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្ត។

បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពស់រាបភាគឦសាន និង ខេត្តជាប់ព្រំដែនវៀតណាម រួមមាន ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង កំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន។

តំបន់មាត់សមុត្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ហើយនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹក បញ្ជាក់មូលហេតុថា កម្ពុជា ជួបស្ថានភាពអាកាសធាតុបែបនេះ ដោយបន្តមានភ្លៀងធ្លាក់ គឺដោយសារតែកម្ពុជា ទទួលរងឥទ្ធិពលព្យុះទី១៧ ឈ្មោះសូឌែល (Saudel)។ ព្យុះនេះ ធ្វើដំណើរចូលទៅប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ហើយនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធនិងសម្ពាធទាប នៅពេលចូលមកដល់កម្ពុជា។ ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប កំពុងបន្តអូសបន្លាយពីលើកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី១៥ ខែតុលានេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ ជួរភ្នំ រួមទាំងអ្នកនេសាទ និង អ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com